(ភ្នំពេញ)៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការពារជាតិ បានលើកឡើងថា ការផ្សព្វផ្សាយព័ត៌មានថាកម្ពុជា បានចុះហត្ថលេខាជាសម្ងាត់ជាមួយចិនប្រើមូលដ្ឋានយោធា គឺជាព័ត៌មានប្រឌិតដ៏អាក្រក់បំផុតប្រឆាំងជាមួយកម្ពុជា ដើម្បីជាលេសដាក់ទណ្ឌកម្មមកលើកម្ពុជា និងបម្រើឱ្យចរន្តនយោបាយណាមួយតែប៉ុណ្ណោះ។
ការឆ្លើយតបរបស់ប្រមុខការពារជាតិកម្ពុជា បានធ្វើឡើងនៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៩នេះ នៅក្នុងឱកាសដែលដែលសម្តេច រួមជាមួយលោក នីហ្សីដា យ៉ាសានណូរី អនុរដ្ឋមន្ត្រីក្រសួងការពារជាតិជប៉ុន បានអញ្ជើញជាអធបតីភាព ពិធីបិទវគ្គហ្វឹកហ្វឺនគ្រូបង្គោល វាស់ស្ទង់ សម្រាប់ប្រតិបត្តិការសន្តិភាព អង្គសហប្រជាជាតិ ដើម្បីបង្កើនសមត្ថភាព និងសិក្សាស្រាវជ្រាវជំនាញ TOPO នៅទីស្តីការគណៈរដ្ឋមន្ត្រី។
ប្រតិកម្មរបស់សម្តេចពិជ័យសេនា ទៀ បាញ់ បន្ទាប់ពីសារព័ត៌មានបរទេសមួយចំនួន ព្រមទាំងសារព័ត៌មាន VOA បានចេញផ្សាយដកស្រង់តាម សារព័ត៌មាន The Wall Street Journal ថា «ប្រទេសចិនបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាសម្ងាត់មួយ ដើម្បីអនុញ្ញាតឱ្យកងទ័ពរបស់ខ្លួន ប្រើប្រាស់មូលដ្ឋានទ័ពជើងទឹកកម្ពុជា។ កិច្ចព្រមព្រៀងនោះ គឺកម្ពុជាផ្តល់ឱ្យភាគីចិននូវសិទ្ធិផ្តាច់មុខ ធ្វើជាមូលដ្ឋានទាហានជើងទឹកចិន ជាផ្នែកមួយនៅឈូងសមុទ្រខ្មែរ ហើយនៅជិតព្រលានយន្តហោះធំមួយ ដែលកសាងដោយចិននឹងអនុញ្ញាតឱ្យចិន ប្រើជាមូលដ្ឋានយោធារយៈពេល៣០ឆ្នាំ ដាក់ទ័ព ដាក់គ្រឿងសព្វាវុធ កន្លែងចតជាដើម»។
ប្រមុខការពារជាតិកម្ពុជា បានបកត្រឡប់ទៅវិញយ៉ាងដូច្នេះថា៖ «ព្រោះគេគិតថា កម្ពុជាហ្នឹង មិនមែនបម្រើសេចក្តីត្រូវការដែលគេចង់បាននោះទេ នេះជារឿងពិតអញ្ចឹងដូច្នេះ គឺគេចង់និយាយយ៉ាងម៉េចយើងមិនអាចទៅហាម ទៅឃាត់គេបានទេ ទោះជាយើងមាន ឬមិនមានក៏ដោយ គេអាចរៀបរាប់ទៅតាមអ្វីដែលគេចង់រៀបរាប់ ទាំងប៉ុណ្ណឹងទេ ដូច្នេះ រឿងពិតតែប៉ុណ្ណឹង ជាក់ស្តែងនៅកម្ពុជា មិនត្រឹមតែរឿងនៅសមុទ្ររាមនោះទេ កន្លែងដទៃក៏ដូចគ្នាហ្នឹងដែរ គឺគ្មានអីការពិតទេ គេរៀបរាប់ឱ្យទៅជារឿងផ្សេងទាំងអស់ ហើយខុសពីការពិតទាំងអស់ ដូច្នេះ គឺរឿងហ្នឹង គឺជាបំណងរបស់គេចង់ធ្វើយ៉ាងណា បម្រើមហិច្ចតាខាងនយោបាយឱ្យក្រុមមួយចំនួនតែប៉ុណ្ណោះ ដូច្នេះ គេមិនអើពើមិនគោរពស្អីទាំងអស់»។
បន្ថែមពីនេះ សម្តេចពិជ័យសេនា ទៀ បាញ់ បានចាត់ទុកថា ចំណុចដែលកាសែតបរទេសចុះផ្សាយ ព្រមទាំងមានការលើកឡើង ពីសំណាក់មន្ត្រីរបស់បរទេស និងក្រុមប្រឆាំងមួយចំនួនតូច គឺគ្មានធអ្វីដែលត្រូវងើងឆ្ងល់នោះទេ ព្រោះជនទាំងអស់នោះធ្វើគ្រប់បែបយ៉ាង ដើម្បីរារាំងកុំឱ្យកម្ពុជា មានការអភិវឌ្ឍ កុំឱ្យកម្ពុជាងើបផុតពីភាពក្រីក្រ ដែលរាជរដ្ឋាភិបាលកម្ពុជា មានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី បានខិតខំជំនៈគ្រប់បែបយ៉ាង ដើម្បីឱ្យប្រទេសដ៏កុំខ្សត់មួយនេះ មានសុខសន្តិភាព ស្ថិរភាពនយោបាយ បន្ទាប់ពីឆ្លងកាត់សង្គ្រាមស៊ីវិលរាប់សតវត្សមកនោះ។
រដ្ឋមន្ត្រីការពារជាតិ បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ខ្ញុំគិតថា អារឿងហ្នឹងគ្មានអ្វីត្រូវឆ្ងល់នោះទេ ព្រោះគេរកគ្រប់វិធី គ្រប់បែបយ៉ាងទាំងអស់ គឺធ្វើយ៉ាងម៉េចរារាំង កុំឱ្យកម្ពុជា គឺមានការអភិវឌ្ឍបាន ហើយក៏រារាំងរហូតដល់សមត្ថភាពទាំងឡាយរបស់កម្ពុជា នឹងអាចបង្កើននាពេលខាងមុខ គេរកវិធីដើម្បីរារាំង កុំឱ្យកម្ពុជាហ្នឹង [...] ខ្ញុំលើកឧទាហរណ៍ថា ប្រសិនជាកម្ពុជា មានកិច្ចសហប្រតិបត្តិការ ជាមួយបណ្តាប្រទេសណា ក៏ដោយមិនថាតែចិនទេ គឺដើម្បីអភិវឌ្ឍប្រទេស ដើម្បីបង្កើនសមត្ថភាពប្រទេសឱ្យមានការកើនឡើង រួមទាំងកងយោធពលខេមរភូមិន្ទ ផងដែលនោះ តើកម្ពុជាមានសិទ្ធិធ្វើទេ ខ្ញុំសួរតែប៉ុណ្ណឹង»។
ជាមួយគ្នានេះដែរ សម្តេចពិជ័យសេនា ទៀ បាញ់ បានបន្ថែមទៀតថា រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាកម្ពុជា បានចែងយ៉ាងច្បាស់ថា កម្ពុជារក្សាសិទ្ធិក្នុងការទទួលយកជំនួយ ដើម្បីអភិវឌ្ឍ និងការពារជាតិរបស់ខ្លួន ដូច្នេះមានន័យថា បរទេសណាផ្តល់ជំនួយដល់ខ្លួននឹងទទួលយក។ «ដូច្នេះ គឺថាកិច្ចព្រមព្រៀងមិនមែនថា កិច្ចព្រមព្រៀងស្អីណានៅរាម កិច្ចព្រមព្រៀងទាំងឡាយមិនមែនជាទី ពេញចិត្ត របស់ក្រុមមួយចំនួន ហើយអ្នកខ្លះគេមិនសប្បាយចិត្តទេ ដោយសារអី កម្ពុជានឹងអាចមានលទ្ធភាពទទួលបានការបង្កើនសមត្ថភាពខាងកងទ័ពទៀតសោត កម្ពុជា អាចទទួលបាន សមត្ថភាពក្នុងការការពារជាតិ របស់ខ្លួនឡើង គេមិនសប្បាយចិត្តទេ ដូច្នេះ គេក៏រកវិធីគ្រប់បែបយ៉ាងទាំងអស់មួលបង្គាច់ការពិត និយាយបំភ្លើសនេះ បំភ្លើសនោះ ជាលេសដើម្បីធ្វើយ៉ាងណា ឱ្យគេឯងទាំងឡាយ មើលមកកម្ពុជា គឺខ្មៅងងឹត និងមានតែម្យ៉ាងទេ គឺដាក់ទណ្ឌកម្មមកលើកម្ពុជា នេះគឺជារឿងពិត»។
ដូច្នេះ មជ្ឈដ្ឋានទូទៅសូមតាមដានតាមរយៈបណ្តាញព័ត៌មាននានា ហើយប្រៀបធៀបដោយឆ្លុះបញ្ចាំងពីទិដ្ឋភាពជាក់ស្តែងនៅក្នុងសង្គមកម្ពុជា នាពេលបច្ចុប្បន្ននេះ។ នេះជាការបញ្ជាក់បន្ថែមទៀត របស់ប្រមុខការពារជាតិកម្ពុជា៕