(បន្ទាយមានជ័យ)៖ លោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៩ បានដឹកនាំកងកម្លាំងនគរបាលអធិការស្រុកម៉ាឡៃ និងកងកម្លាំងវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨១៥ ចុះជួយជួសជុលសាលារៀនចាស់ និងសាងសងសាលារៀនថ្មី១ខ្នង ១បន្ទប់ ទំហំ ៦ម៉ែត្រX ៨ម៉ែត្រ ធ្វើអំពីឈើជញ្ជាំង ប្រក់ស័ង្កសី ភូមិចែងម៉ែង ឃុំតាគង់ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។
លោកឧត្តមសេនីយ៍ទោ អាត់ ខែម បានថ្លែងថា ដោយមានការយកចិត្តទុកដាក់ពីលោកឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានអាជ្ញារធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន ជាប្រធានក្រុមការងារ ថ្នាក់ជាតិ ចុះជួយខេត្តបន្ទាយមានជ័យ ក្នុងការចុះជួយប្រជាពលរដ្ឋ ក៏ដូចជាជួយពិនិត្យមើលពីហេដ្ឋារចនាសម្ព័ន្ធនានារបស់រដ្ឋ ដែលបានរងនូវការខូចខាត ទើបលោកបានដឹកនាំកងកម្លាំងនគរបាល អធិការដ្ឋាន ស្រុកម៉ាឡៃ និងកម្លាំងនគរបាលការពារព្រំដែនគោកលេខ៨១៥ ចុះជួយជួសជុល សាលារៀនមួយខ្នង២បន្ទប់ ដែលមានសរសរទុកផុយ ដំបូលស៊ីបប្រូប្រេះស្រាំ ជញ្ជាំងក្តារដែលពុកផុយក៏ត្រូវជួសថ្មី និងសាងសង់ថ្មី១ខ្នង ១បន្ទប់ ធ្វើអំពីឈើប្រក់ស័ង្កសី ជញ្ជាំងស័ង្កសី ក្រាលស៊ីម៉ងត៍ ដែលសរុបជាទឹកប្រាក់អស់ចំនួន ៧០០ដុល្លារ ជាថវិការបស់លោកឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន និងលោកស្រី ដើម្បីជារការសម្រួលដល់សិស្សានុសិស្ស បានសិក្សារៀនសូត្រ ជាបណ្តោះអាសន្ន។
លោក ចាន់ រៀម នាយកសាលាបឋមសិក្សាចែងម៉ែង និងលោកមេភូមិ បានឲ្យដឹងដែរថា សាលាបឋមសិក្សាចែងម៉ែង មានអាយុកាលជាង២០ឆ្នាំមកហើយ ដោយតំបូលឡើយ គឺអង្គការកម្មវិធីសិលា បានជួយកសាងមាន២បន្ទប់ បច្ចុប្បន្ននេះមានសភាព ទ្រុធទ្រោម ពុកផុយ ទាំងដំបូលស៊ីបប្រូ និងឈើផ្លាន ក្តារជញ្ជាំង ដែលធ្វើឲ្យសិក្សានុសិស្សជួបការលំបាក ក្នុងការសិក្សាប្រឈម និងគ្រោះថ្នាក់ជាយថាហេតុ ពិសេសនាពេលមានភ្លៀងគឺលេចស្រក់ សើមឯកសារ បើមានលាយឡំជាមួយខ្សល់ផងនោះ គឺមានការព្រួយបារម្ភក្រែងបាក់រលំមានគ្រោះថ្នាក់ដល់សិស្សតែម្តង។
លោកនាយកសាលាបានបន្តថា បច្ចុប្បន្ននេះ សិស្សនៅរៀននៅសាលានេះ មានចំនួន ១៦២នាក់ ចាប់ពីថ្នាក់មត្តេយ្យដល់ថ្នាក់ទី៦ អាគារសិក្សាមានតែ១ខ្នង ២បន្ទប់ ត្រូវរៀន១បន្ទប់២ថ្នាក់ជាមួយគ្នា ដោយសារការខ្វះខាត បន្ទប់រៀន។
លោក ចាន់ រៀម ក៏បានថ្លែងអំណរគុណដល់កងកម្លាំងនគរបាលអធិការដ្ឋាន ស្រុកម៉ាឡៃ និងវរសេនាតូចការពារព្រំដែនគោកលេខ៨១៥ ដែលដឹកនាំដោយលោកឧត្តមសេនីយ៍ទោ អាត់ ខែម ដែលបានចុះជួយជួសជុលអគារសិក្សាចាស់ និងជួយធ្វើថ្មី១ខ្នង ១បន្ទប់អំពីឈើនេះ ។ លោកគ្រូ អ្នកគ្រូ ក៏ដូចជាលោកមេភូមិចែងម៉ែង ក៏បានសំណូមពរ និងស្នើសុំដល់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក៏ដូចជាលោកឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន មេត្តាជួយចាក់ដីបំពេញទីធ្លាសាលារៀន និងផ្តល់អគារសិក្សាថ្មី១ខ្នង ធ្វើអំពីបេតុង ដើម្បីបានក្មួយៗសិស្សានុសិស្សរៀនសូត្របានស្រួលផង៕