(ភ្នំពេញ)៖ ដោយមើលឃើញពីអត្តចរិតស្លូតបូត ឧស្សាហ៍ព្យាយាមរបស់ពលករកម្ពុជា ដែលកំពុងបម្រើការងារនៅ សាធារណរដ្ឋកូរ៉េ និងកិច្ចសហការល្អរវាងប្រទេសទាំងពីរកម្ពុជា-កូរ៉េ សាធារណកូរ៉េ នឹងបន្តបង្កើនកូតា សម្រាប់ពលករកម្ពុជាបន្ថែមទៀត។
នេះជាការលើកឡើងរបស់លោក KIM DONG MAN ប្រធានអង្គភាពអភិវឌ្ឍន៍ធនធានមនុស្ស នៃសាធារណរដ្ឋកូរ៉េ អញ្ជើញជួបពិភាក្សាការងារជាមួយ លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នាព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៩ ស្តីពីប្រព័ន្ធអនុគ្រោះការងារ (EPS) នៅទីស្តីការក្រសួង នាឱកាសដែលលោកដឹកនាំគណៈប្រតិភូអញ្ជើញមកទស្សនកិច្ចនៅកម្ពុជា។
លោក អ៊ិត សំហេង សង្ឃឹមថា ក្នុងអាណត្តិការងាររបស់ លោក KIM DONG MAN ប្រធានអង្គភាពអភិវឌ្ឍន៍ធនធានមនុស្ស នៃសាធារណរដ្ឋកូរ៉េ រយៈពេល៣ឆ្នាំនេះ នឹងកាន់តែធ្វើកិច្ចសហប្រតិបត្តិការរវាងគណៈកម្មាធិការបណ្តុះបណ្តាល និងបញ្ជូលពលករទៅបរទេស នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ (MTOSB) និងអង្គភាពអភិវឌ្ឍន៍ធនធានមនុស្ស នៃក្រសួងមុខរបរ និងការងារនៃសាធារណរដ្ឋកូរ៉េ (HRD-KOREA) នឹងកាន់តែប្រសើរឡើងបន្តទៀត។
ទន្ទឹមនឹងនេះដែរ ប្រធានអង្គភាពអភិវឌ្ឍន៍ធនធានមនុស្ស នៃសាធារណរដ្ឋកូរ៉េ ប្តេជ្ញាជំរុញញនូវកិច្ចសហប្រតិបត្តិការលើវិស័យ នៃការបញ្ជូនពលករនេះ ឲ្យកាន់តែរឹងមាំបន្ថែមទៀត ដើម្បីបម្រើផលប្រយោជន៍ទៅវិញទៅមក រវាងប្រទេសយើងទាំងពីរ។
ក្នុងឱកាសនោះដែរភាគីកូរ៉េ នឹងផ្តល់ជូនអ្នកបច្ចេកទេស ដើម្បីបណ្តុះបណ្តាលផ្នែកបច្ចេកវិទ្យា ដល់ពលករកម្ពុជា ដែលកំពុងបម្រើការងារនៅសាធារណរដ្ឋកូរ៉េ ឲ្យទទួលបាននូវជំនាញខាងបច្ចេកវិទ្យានេះកាន់តែប្រសើរ ខណៈពួកគេត្រឡប់មកស្រុកកំណើតវិញ នឹងមានជំនាញមួយច្បាស់លាស់បន្ថែមទៀត។
ចាប់ពីឆ្នាំ២០១៨មក ការជ្រើសរើសបេក្ខជនដើម្បីដាក់ពាក្យសុំស្វែងរកការងារធ្វើ នៅសាធារណរដ្ឋកូរ៉េក្រោមប្រព័ន្ធ EPS ដោយផ្អែកលើកត្តា៣យ៉ាងជាចំាបាច់៖ ទី១-តេស្តភាសាកូរ៉េ EPS-TOPIK តាមប្រព័ន្ធកុំព្យូទ័រ ទី២-តេស្តជំនាញ និងទី៣-ការវាយតម្លៃសមត្ថភាព។ មានន័យថា បេក្ខជនដែលប្រឡងជាប់តេស្តសមត្ថភាពកូរ៉េ ត្រូវប្រឡងជាប់តេស្តជំនាញ និងការវាយតម្លៃសមត្ថភាព ទើបក្លាយជាបេក្ខជនជាប់ជាស្ថាពរ មានសិទ្ធិដាក់ពាក្យសុំស្វែងរកការងារ ធ្វើនៅសាធារណរដ្ឋកូរ៉េ (ដែលកន្លងមក បេក្ខជនប្រឡងជាប់តេស្តសមត្ថភាពកូរ៉េ គឺអាចដាក់ពាក្យសុំស្វែងរកការងារធ្វើ នៅសាធារណរដ្ឋកូរ៉េបានតែម្តង)។
ចាប់ពីឆ្នាំ២០០៧មក ការប្រឡងតេស្តសមត្ថភាពកូរ៉េ (EPS-TOPIK) រៀបចំបានចំនួន១៦លើកមកហើយ (លើកទី១៦ កំពុងអនុវត្ត) ដែលអនុវត្តដោយអង្គភាពអភិវឌ្ឍន៍ធនធានមនុស្សនៃក្រសួងមុខរបរ និងការងារនៃសាធារណរដ្ឋកូរ៉េ (HRD-Korea) រួមសហការជាមួយគណៈកម្មាធិការបណ្តុះបណ្តាល និងបញ្ជូនពលករទៅបរទេស (MTOSB) ដែលមានបេក្ខជនដាក់ពាក្យសុំសិទ្ធិប្រឡងសរុបចំនួន ៤៣៤ ០៥៤នាក់ ហើយបេក្ខជនប្រឡងជាប់សរុបចំនួន ៨៩ ៣៩៣នាក់៕