(កណ្តាល)៖ លោក វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានលើកឡើងថា លោកនឹងអភិវឌ្ឍន៍មណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈជនពិការ «បន្ទាយព្រាប» ឲ្យក្លាយទៅជាមជ្ឈមណ្ឌលជាតិ មានកំរិតស្តង់ដារ សម្រាប់ផ្តល់សេវា និងផ្តល់ផលប្រយោជន៍ដល់បងប្អូនជនពិការ ឱ្យកាន់តែទូលំទូលាយ ជាពិសេសក្នុងគោលបំណង លើកមុខមាត់ជនពិការ ដើម្បីមានលទ្ធភាពចូលរួមក្នុងការអភិវឌ្ឍសង្គមជាតិ និងដើម្បីឆ្លើយតបទៅនឹងគោលនយោបាយ យុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលផងដែរ។
ការបង្ហាញជំហររបស់ រដ្ឋមន្រ្តីក្រសួងសង្គមកិច្ចនាពេលនេះ បានធ្វើឡើងខណៈលោកបាន អញ្ជើញចុះទស្សនកិច្ច នៅមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈជនពិការ (បន្ទាយព្រាប) នៅស្រុកអង្គស្នួលខេត្តកណ្តាល ដោយមានការអញ្ជើញចូលរួមអមដំណើ ពីថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ក្រសួងសង្គមកិច្ច និងអង្គការពាក់ព័ន្ធមួយចំនួនទៀត នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៩។
បន្ថែមពីលើនេះ នៅក្នុងដំណើរទស្សនកិច្ចនាពេលនោះ រដ្ឋមន្រ្តី វង សូត បានពិនិត្យទីតាំងក្នុងមណ្ឌល និងសកម្មភាពបងប្អូនជនពិការកំពុងសិក្សាជំនាញ និងបណ្តុះបណ្តាលជំនាញ រួមមានការជូសជុសវិទ្យុ ទូរស្សន៍ ទូសព្ទដៃ គ្រឿងចាក់ ម៉ូតូ សំអាង ចំលាក់ និងចិញ្ចឹមសត្វជាដើម។
គួរបញ្ជាក់ថា មណ្ឌលបណ្តុះ បណ្តាល វិជ្ជាជីវៈ ជនមានពិការភាព បន្ទាយព្រាប ស្ថាបនាដោយអង្គការ Jesuit Service Cambodia JSC និង មានការសហការជាមួយរាជរដ្ឋាភិបាលកម្ពុជា តាំងពីឆ្នាំ១៩៩១ មកម្ល៉េះ ក្នុងគោលដៅបណ្តុះបណ្តាលវិជ្ជាជីវៈដល់ជន មានពិការភាពដោយសារគ្រាប់មីន និងដោយសារសង្គ្រាមក្នុងប្រទេស។
សព្វថ្ងៃមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈ ជនមានពិការភាព បន្ទាយព្រាប មានបណ្តុះ បណ្តាលជនមានពិការភាពលើ៧មុខជំនាញ ដូចជា កាត់ដេរ ជាងម៉ាស៊ីន ជំនាញកសិកម្ម ជំនាញអេឡិចត្រូនិច ជំនាញជួសជុលទូរសព្ទដៃ ផ្នែកសំអាង និងផ្នែកខ្សោយសតិបញ្ញា ដែលអប់រំពួកគេអំពីរបៀបរស់ដោយខ្លួនឯង ចេះសំអាតខ្លួនប្រាណ សំលៀក បំពាក់ ដាំដំណាំ ធ្វើម្ហូប និងការទាក់ទងក្នុងសង្គម៕