(ពោធិ៍សាត់)៖ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នៅព្រឹកថ្ងៃចន្ទ ទី២២ ខែកក្កដា ឆ្នាំ២០១៩នេះ បានដឹកនាំមន្ត្រីក្រសួង អមដោយតំណាងក្រុមហ៊ុនម៉ៅការសាងសង់ ក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស និងមន្ត្រី នៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តខេត្តពោធិ៍សាត់ អញ្ជើញចុះត្រួតពិនិត្យ ស្ថានភាពផ្លូវជាតិលេខ៥៥ ដែលសាងសង់ដោយសាជីវកម្មស្ពានថ្នល់ចិន (CRBC) ក្រោមការត្រួតពិនិត្យលក្ខណៈ បច្ចេកទេសពីក្រុមហ៊ុន Guangzhou Wanna Construction Supervision Co., Ltd នៃសាធារណរដ្ឋប្រជាមានិតចិន។
ផ្លូវជាតិលេខ៥៥ មានប្រវែងសរុបប្រមាណ ១៨០គីឡូម៉ែត្រ និងទទឹង៩ម៉ែត្រ មានស្ពានចំនួន៤៥។ ផ្លូវនេះសាងសង់ឡើងក្រោមហិរញ្ញប្បទានសម្បទានពីរដ្ឋាភិបាលចិន រួមជាមួយថវិកាបដិភាគ របស់រាជរដ្ឋាភិបាលកម្ពុជា សរុបជាង ១៣២.៨០លានដុល្លារសហរដ្ឋអាមេរិក ជាប្រភេទផ្លូវDBST គិតចាប់ពីផ្លូវប្រសព្វផ្លូវ ជាតិលេខ៥ (១៩១+១៥០) រហូតដល់ភ្នំក្រវាញ-ទីរួមស្រុកវាលវែង-ថ្មដា ខេត្តពោធិសាត់ (ព្រំដែនកម្ពុជា-ថៃ ខេត្តត្រាត)។
គម្រោងផ្លូវនេះបានចាប់ដំណើរការបើកការដ្ឋានសាងសង់នៅថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០១៥ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន ហើយរហូត មកដល់ពេលនេះក្រុមហ៊ុនបានបញ្ចប់ការសាងសង់ ១០០ភាគរយហើយ ដោយប្រើប្រាស់រយៈពេលសាងសង់អស់ចំនួន ៤២ខែ។
លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានគូសបញ្ជាក់ថា ការចុះពិនិត្យស្ថានភាពផ្លូវជាតិលេខ៥៥នេះ មានគោលបំណងពិនិត្យមើលចំណុចខ្វះខាតតិចតូច ដែលនៅសេសសល់។
ក្នុងពេលចុះពិនិត្យនេះ លោក ស៊ុន ចាន់ថុល បានណែនាំក្រុមហ៊ុនសាងសង់ និងក្រុមហ៊ុនត្រួតពិនិត្យបច្ចេកទេស ឱ្យពិនិត្យឡើងវិញលើការដាក់ភ្លើងសញ្ញាប្រុងប្រយ័ត្នជំនួសផ្លាកសញ្ញានៅត្រង់ចំណុចកែងខ្លាំង ដើម្បីឱ្យប្រជាពលរដ្ឋកំពុងធ្វើដំណើរតាមផ្លូវនេះងាយមើល និងមានការប្រុងប្រយ័ត្នខ្ពស់។
លោកទេសរដ្ឋមន្ត្រី ក៏បានណែនាំពីការធ្វើជញ្ជាំងលើជម្រាលភ្នំការពារធ្លាក់ដី និងដុំថ្ម, ប្រមូលគ្រួសអណ្ដែតនៅលើថ្នល់ សំដៅជៀសឱ្យផុតពីគ្រោះថ្នាក់នានាដោយយថាហេតុ ព្រោះថាផ្លូវនេះសណ្ដូកលើដងភ្នំមានការបត់បែនខ្លាំង។
លោករដ្ឋមន្ត្រី ក៏បានពិនិត្យលើបញ្ហាបច្ចេកទេសមួយចំនួនទាក់ទងការសាងសង់ ដើម្បីជំរុញឱ្យក្រុមហ៊ុនម៉ៅការសាង សង់ធ្វើការកែសម្រួលបំពេញបន្ថែមលក្ខណៈបច្ចេកទេសឱ្យបានត្រឹមត្រូវសំដៅធ្វើឱ្យផ្លូវនេះមានគុណភាព រឹងមាំ អាចប្រើប្រាស់ជាប់បានយូរអង្វែង មុនពេលស្នើសុំគោលការណ៍ពីរាជរដ្ឋាភិបាលក្នុងការដាក់ដំណើរ ការជាផ្លូវការ។
លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានគូសបញ្ជាក់ថា ផ្លូវជាតិលេខ៥៥ គឺជាសសៃឈាមសេដ្ឋកិច្ចមួយយ៉ាងសំខាន់សម្រាប់ការតភ្ជាប់ទំនាក់ទំនង សមាហរណកម្មផ្ទៃក្នុង ក៏ដូចជាការសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋបានងាយស្រួលនិងឆាប់រហ័ស និងរួមចំណែក ដល់ការប្រែក្លាយតំបន់សក្តានុពលផ្នែកកសិកម្ម ពិសេសតំបន់ដាច់ស្រយាលជាប់ព្រំដែនកម្ពុជាថៃ ដែលអាចតភ្ជាប់មកកាន់ទីប្រជុំជនបានងាយស្រួល។
លោកបន្ថែមថា ផ្លូវនេះជួយធ្វើឱ្យប្រសើរ ឡើងដល់ការតភ្ជាប់រវាងកម្ពុជា និងបណ្តាប្រទេសជិតខាង ជួយដល់ការសម្របសម្រួលការធ្វើពាណិជ្ជកម្ម ឆ្លងកាត់ព្រំដែន ការវិនិយោគ និងជំរុញដល់ការអភិវឌ្ឍទេសចរណ៍ និងកសិកម្មផងដែរ។
លោករដ្ឋមន្ត្រី បានគូសបញ្ជាក់ដូច្នេះ «មានផ្លូវមានក្តីសង្ឃឹម ផ្លូវល្អនាំមកនូវភ្ញៀវទេសចរណ៍ វិនិយោគិន និងការដឹកជញ្ជូនកើនឡើង ដែលជាកត្តា ជំរុញដល់ការបង្កើតការងារធ្វើជូនប្រជាពលរដ្ឋ និងការរីកចម្រើនសេដ្ឋកិច្ចជាតិកាត់បន្ថយភាព ក្រីក្រស្រប តាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា»។
បើតាមលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បន្ទាប់ការកែលំអរលើបញ្ហាសេសសល់មួយចំនួនហើយនោះ លោកនឹងដាក់សំណើសុំគោលការណ៍ និងគោរពអញ្ជើញសម្តេចតេជោ ហ៊ុន សែន មកសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវនេះជាផ្លូវការក្នុងពេលឆាប់ៗខាងមុខនេះ៕