(ភ្នំពេញ)៖ លោកសាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានថ្លែងថា គម្រោងអាហារូបត្ថម្ភកម្ពុជាលើមាតា ទារក និងកុមារក្នុងរយៈពេល ៥ឆ្នាំ (២០១៩-២០២៤)នេះ នឹងផ្ដោតសំខាន់ទៅលើខេត្ដចំនួន៧ ដែលកំពុងតែមានការខ្វះខាតអាហារូបត្ថម្ភច្រើនគេ ក្នុងចំណោម២៥ ខេត្ដក្រុង។
ការថ្លែងបែបនេះរបស់រដ្ឋមន្ដ្រី ម៉ម ប៊ុនហេង ក្នុងឱកាសអញ្ជើញប្រកាសជាផ្លូវការ ដាក់ឱ្យអនុវត្ដន៍អាហារូបត្ថម្ភកម្ពុជា ដែលប្រារព្ធធ្វើឡើងនៅសណ្ឋាគារ សូហ្វីតែល ភូគីត្រា ភ្នំពេញ នៅព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៩នេះ។
រដ្ឋមន្រ្ដី ម៉ម ប៊ុនហេង បានថ្លែងបន្ដថា «ដើម្បីឆ្លើយតបទៅនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាលរបស់យើង ក្នុងការលើកកម្ពស់ការផ្តល់សេវាសុខភាពមាតា ទារក កុមារ និងអាហារូបត្ថម្ភ ប្រកបដោយប្រសិទ្ធភាពជូនស្រ្តីមានផ្ទៃពោះ ស្រ្ដីសម្រាលកូន និងកុមារអាយុក្រោម២ឆ្នាំ ក្រសួងសុខាភិបាលយើង នឹងបន្ដខិតខំប្រឹងប្រែងបន្ដទៀត ក្នុងការបំពេញការងារនេះ»។
ជាងនេះទៅទៀត ក្នុងឱកាសដាក់ឱ្យអនុវត្ដន៍អាហារូបត្ថម្ភកម្ពុជាសម្រាប់៥ឆ្នាំនេះ មានថវិកាសរុបចំនួន ៥៣លានដុល្លារ ដែលបានពីថវិកាជាតិ និងបដិភាគដោយធនាគារពិភពលោក មូលនិធិហិរញ្ញប្បទានសកលសម្រាប់ស្ដ្រី កុមារ និងយុវវ័យ ធនាគារអភិវឌ្ឍអាល្លឺម៉ង់ និងរដ្ឋាភិបាលអូស្ដ្រាលី ។
រដ្ឋមន្ដ្រី ម៉ម ប៊ុនហេង បន្ដថា «គម្រោងនេះ នឹងចូលរូមលើកម្ពស់ការផ្ដល់សេវាសុខាភិបាល មាតា ទារក កុមារ និងអាហារូបត្ថម្ភ ប្រកបដោយប្រសិទ្ធិភាពជូនស្ដ្រីមានផ្ទៃពោះ ស្ដ្រីសម្រាលកូន និងកុមារអាយុក្រោម២ឆ្នាំ និងមូលដ្ឋានសុខាភិបាល និងក្នុងសហគមន៍ ដោយផ្ដោតសំខាន់ទៅលើខេត្ដចំនួន៧គឺ៖ ខេត្ដមណ្ឌលគីរី រតនៈគីរី ក្រចេះ ស្ទឹងត្រែង ព្រះវិហារ កំពង់ឆ្នាំង និងកោះកុង» ។
គម្រោងអាហារូបត្ថម្ភកម្ពុជានេះ នឹងកាត់បន្ថយគម្លាតរវាងអ្នកក្រ និងអ្នកមាន រវាងតំបន់ប្រជុំជន និងជនបទ និងធ្វើឱ្យប្រសើរឡើងនូវការ ទទួលបានការបដណ្តប់សេវាសុខភាពជាសកល។ គម្រោងនេះអនុវត្តបំពេញបន្ថែម និងព្រមគ្នា ជាមួយនឹងការអនុវត្ត មូលនិធិសមធម៌សុខាភិបាល ការអនុវត្តគម្រោងលើកកម្ពស់គុណភាព និងសមធម៌សុខាភិបាល ដែលកំពុងដំណើរការនាពេលបច្ចុប្បន្ន។
ជាងនេះទៅទៀត បុគ្គលិកសុខាភិបាលនៅតាមមូលដ្ឋានសុខាភិបាលក្នុងតំបន់ ដែលគម្រោងអនុវត្តនឹងទទួលបាននូវការបង្វិកជំនាញគ្លីនិកបន្ថែម ដើម្បីផ្តល់សេវា
នៅនឹងមន្ទីរពេទ្យ មណ្ឌលសុខភាព ស្តីសុខភាព ក៏ដូចជាផ្តល់សេវា និងផ្តល់ការផ្តល់ប្រឹក្សាអប់រំ អំពី ការថែទាំសុខភាពក្នុងពេលមានផ្ទៃពោះ អាហារូបត្ថម្ភរបស់មាតា ការថែទាំក្រោយសម្រាល ការចិញ្ចឹមទារក/កុមារ ការតាមដានការលូតលាស់របស់កុមារតូច តាមរយៈការចុះផ្តល់សេវាសុខាភិបាល នៅតាមសហគមន៍ ក្នុងតំបន់ជនបទដាច់ស្រយាល។
សូមជម្រាបថា រាជរដ្ឋាភិបាលកម្ពុជា បានប្តេជ្ញាចិត្តឥតងាករេ បន្តការវិនិយោគទៅលើសុខភាពមាតា ទារក កុមារ និងអាហារូបត្ថម្ភ និងកៀរគរគ្រប់ធនធាន ដែលមានយកមកអនុវត្តសកម្មភាពអាទិភាព ចំពោះមុខ។ មកទល់នឹងពេលបច្ចុប្បន្ននេះ រាជរដ្ឋាភិបាល បានដាក់ឱ្យអនុវត្តនូវប្រព័ន្ធគាំពារសង្គម ដែលមានរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាព សម្រាប់និយោជក កម្មករ និយោជិត មន្ត្រីសាធារណៈ និវត្តជន និងអតីតយុទ្ធជន និងមូលនិធិសមធម៌សុខាភិបាល សម្រាប់គ្រួសារក្រីក្រ និងកម្មករ និយោជិតក្រៅប្រព័ន្ធ ធ្វើឱ្យការទទួលបាននូវសេវាសុខភាពមានភាពប្រសើរជាងមុន។
ជាងនេះទៅទៀត ចាប់ពីថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១៩មកនេះ រាជរដ្ឋាភិបាលកម្ពុជា ក៏បានដាក់បន្ថែមនូវកម្មវិធីឧបត្ថម្ភសាច់ប្រាក់ ជូនស្រ្តីមានផ្ទៃពោះ និងកូនក្រោម២ឆ្នាំនៃគ្រួសារ ដែលមានប័ណ្ណសមធម៌ ឬបណ្ណអាទិភាព ដើម្បីជួយគ្រួសារក្រីក្រ ឱ្យទទួលបានការថែទាំ រយៈពេល១,០០០ថ្ងៃពេញលេញ៕