(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានសមាគមអតីតយុទ្ធជនកម្ពុជា និងលោកស្រី នៅព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៩នេះ បានអញ្ជើញផ្ដល់ភ្លើងបូជាសព ឧត្តមសេនីយ៍ឯក អ៊ុល ណាវី នាយរងសេនាធិការចំរុះ និងជាមេបញ្ជាការ បញ្ជាការដ្ឋានការពារអាកាស ដែលបានទទួលមរណភាព នៅថ្ងៃទី១៨ ខែកក្តដា ឆ្នាំ២០១៩ ក្នុងជន្មាយុ៦៣ឆ្នាំ ដោយជំងឺគាំងបេះដូង។
ពិធីបូជាសពនេះ ត្រូវបានប្រារព្ធធ្វើឡើងនៅវត្តពោធិ៍សត្ថារាម ហៅវត្តពោធិ៍ចិនតុង ស្ថិតក្នុងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ក្នុងពិធីនោះដែរ មានការអញ្ជើញចូលនាយទាហាន នាយទហានរង ពលទាហាន មកពីបណ្តាអង្គភាពចំណុះ អគ្គបញ្ជាការដ្ឋាន បញ្ជាការដ្ឋានទ័ពជើងគោក និងបញ្ជាការដ្ឋានការពារអាកាស ប្រមាណ១,៥០០នាក់។
ស្ថិតក្នុងវេលាដ៏សែនសោកសង្រេងនេះ នាយឧត្តមសេនីយ៍ គន់ គីម និងលោកស្រី បានសម្តែងនូវសមានទុក្ខដ៏ក្តុកក្តួល សោកស្តាយ អាឡោះអាល័យជាទីបំផុត និងសូមចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារ នៃសព និងចាត់ទុកមរណភាពរបស់ លោកឧត្តមសេនីយ៍ឯក អ៊ុលណាវី គឺជាការបាត់បង់យុទ្ធមិត្ត រួមសមរភូមិប្រយុទ្ធ ហ៊ានបូជាសាច់ស្រស់ ឈាមស្រស់ លះបង់អាយុជីវិត ដើម្បីជាតិមាតុភូមិ និងប្រជាជននៅគ្រប់ដំណាក់កាល គ្រប់ព្រឹត្តិការណ៍ប្រវត្តិសាស្ត្រជាតិ ផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត៕