(រតនគិរី)៖ លោក រ៉ា បូរ៉ាន់ឌី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តរតនគិរី នៅព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៩នេះ បានដឹកនាំកម្លាំងសមត្ថកិច្ចចម្រុះ រួមមាន កម្លាំងអាវុធហត្ថខេត្តរតនគិរី, កម្លាំងនគរបាលប្រឆាំងបទល្មើស នៃស្នងការនគរបាលខេត្តរតនគិរី, កម្លាំងរដ្ឋបាលព្រៃឈើផ្នែកលំផាត់, កម្លាំងអាវុធហត្ថមូលដ្ឋានក្រុងបានលុង, កម្លាំងនគរបាលអធិការដ្ឋានក្រុងបានលុង និងអាជ្ញាធរមូលដ្ឋាន ចុះត្រួតពិត្យដេប៉ូលក់ឈើអារចំនួន៣កន្លែង នៅក្រុងបានលុង ខេត្តរតនគិរី។
លោក ជា កុណារ៉ា នាយផ្នែករដ្ឋបាលព្រៃឈើលំផាត់ បានឲ្យដឹងថាដេប៉ូទាំង ៣កន្លែងនេះរួមមានទី១៖ មានម្ចាស់ឈ្មោះ យិន ថាវី មានទីតាំងនៅភូមិភ្នំស្វាយ សង្កាត់បឹងកន្សែង, ទី២៖ ឈ្មោះ ឌុច ស្រីពៅ មានទីតាំងនៅភូមិជ័យជំនះ សង្កាត់ឡាបានសៀក និងទី៣៖ ឈ្មោះ ភេន ណាវី មានទីតាំងនៅភូមិអូរកន្សែង សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរនគិរី។
ក្រោយធ្វើការត្រួតពិនិត្យដេប៉ូលក់ឈើអារទាំង៣ខាងលើនេះរួចលោក រ៉ា បូរ៉ាន់ឌី បានឱ្យដឹងថា ដេប៉ូលក់ឈើអារនីមួយៗ មានច្បាប់អាជីវកម្ម ដែលចេញដោយខណ្ឌរដ្ឋបាលព្រៃឈើ ដោយក្នុងដេប៉ូនីមួយៗ មានចំនួនឈើគ្រប់ទៅនឹងលិខិតធ្វើអាជីវកម្ម ដូច្នេះពួកគាត់អាចបន្តអាជីវកម្មទៀតបាន។
លោក រ៉ា បូរ៉ាន់ឌី បានបញ្ជាក់ឲ្យដឹងទៀតថា សុំឲ្យខាងម្ចាស់ដេប៉ូលក់ឈើអារខាងលើ បើសិនហួសលិខិតធ្វើអាជីវកម្ម ត្រូវទៅសុំបន្តនៅខណ្ឌរដ្ឋបាលព្រៃឈើ។
គួរបញ្ជាក់ផងដែរថា សមត្ថកិច្ចចម្រុះចុះត្រួតពិនិត្យតាមដេប៉ូលក់ឈើអារខាងលើនេះ ក្រោយពីមានបទបញ្ជាយ៉ាងម៉ឹងម៉ាត់ពីនាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានគណៈកម្មាការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិឲ្យសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ធ្វើការបង្ក្រាបការលួចដឹកជញ្ជូនផល អនុផលព្រៃឈើមិនថាអ្នកតូច អ្នកធំ អ្នកមាន អ្នកក្រនោះទេ គឺមានទោសចំពោះមុខច្បាប់ទាំងអស់គ្នា៕