(ភ្នំពេញ)៖ បន្ទាប់ពីពិនិត្យសំណុំរឿង នៅព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៩នេះ តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចប្រគល់មន្ដ្រីនគរបាលអន្ដោប្រវេសន៍ និងអត្តសញ្ញាណកម្ម ទាំង៣នាក់ ដែលរត់ការអន្ដរាគមន៍ដោះលែងជនជាតិចិន១៨នាក់ ទៅកាន់អង្គភាពប្រឆាំងអំពើពុករលួយ (ACU) ហើយ។
មន្ដ្រីនគរបាលទាំង៣រូប ដែលត្រូវចាប់ និងបញ្ជូនខ្លួនទៅតុលាការ នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៩ ក្នុងនោះមាន២នាក់នៅអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម (ឋានន្ដរស័ក្ដិ ឧត្តមសេនីយ៍ និងវរសេនីយ៍ត្រី) និងម្នាក់ទៀតនៅការិយាល័យស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្ដោប្រវេសន៍។
សមត្ថកិច្ច បានអះអាងថា ជនជាតិចិនដែលនគរបាលទាំង៣នាក់រត់ការដោះលែង ត្រូវកម្លាំងសមត្ថកិច្ចខេត្តកំពង់ស្ពឺបង្ក្រាបបាន កាលពីថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៩ ពាក់ព័ន្ធករណីជំរិតទារប្រាក់តាមប្រព័ន្ធអ៊ីនធ័រណេត។
គួរជម្រាបថា កម្លាំងនគរបាលខេត្តកំពង់ស្ពឺ បានបើកប្រតិបត្តិបង្ក្រាបជនជាតិចិនចំនួន១៨នាក់ ពាក់ព័ន្ធករណីជំរិតទារប្រាក់តាមប្រព័ន្ធអ៊ីនធ័រណេត ប៉ុន្ដែក្រោយមកមន្ដ្រីនគរបាលទាំង៣នាក់នោះ បានចេញមុខរត់ការដោះលែង រហូតដឹងដល់ថ្នាក់ដឹកនាំ ទើបឈានទៅការចាត់វិធានការតាមផ្លូវច្បាប់តែម្តង៕