Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ប្រទះឃើញសព ជនបរទេសចងកសម្លាប់ខ្លួន នៅស្ពានព្រែកតាថឹង ស្រុកចិត្របុរី ខេត្តក្រចេះ

22-07-2019 11:59

(ក្រចេះ)៖ ប្រទះឃើញសពជនបរទេសម្នាក់ ចងកសម្លាប់ខ្លួន នៅស្ពានព្រែកតាថឹង ត្រូវបានភ្ញាក់ផ្អើល ដល់ពលរដ្ឋចោមរោមមើលយ៉ាងច្រើនកោះករ។ ហេតុការណ៍នេះ ត្រូវគេប្រទះឃើញ នៅព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៩ នេះ នៅនឹងស្ពានព្រែកតាថឹង ឃុំបុសលាវ ស្រុកចិត្របុរី ខេត្តក្រចេះ។

ប្រជាពលរដ្ឋរស់នៅក្បែរកន្លែងកើតហេតុ បានឲ្យដឹងថា ជនបរទេសម្នាក់នេះ ពួកគាត់តែងតែឃើញបុរសរូបនេះ ជិះកង់ ឆ្លងកាត់ស្ពាននេះ រៀងរាល់ថ្ងៃជួនពេលល្ងាច ជួន ពេលព្រឹក តែថ្ងៃនេះត្រូវបានគេប្រទះឃើញ សពចងកសម្លាប់ខ្លួន នឹងស្ពានដោយទុកកង់ចោលនៅលើស្ពាន។

យោងតាមរបាយការណ៍នគរបាលខេត្តក្រចេះ បញ្ជាក់ឲ្យដឹងថា សាកសពឈ្មោះ ប៉ាប់ ប៉ាឡូ ភេទប្រុស អាយុ៤៧ឆ្នាំ ជនជាតិ អាហ្សង់ទីន ជាគ្រូបង្រៀនភាសារអង់គ្លេសស្ម័គ្រចិត្ត នៅក្នុងខេត្តក្រចេះ។

តាមរបាយការណ៍នគរបាល បានពិនិត្យសាកសព ហើយសន្និដ្ឋានថា ជាអំពើអត្តឃាត (ចងក) ប្រាកដមែន ហើយបច្ចប្បន្ននេះ នគរបាលបានយកសពមករក្សាទុក នៅមន្ទីរពេទ្យបង្អែកខេត្ត ដើម្បីរៀបចំបែបបទ តាមនិតិវិធីបញ្ជូនមកនាយកដ្ឋានបច្ចេកទេស យកទៅតម្គល់ទុក នៅទូរក្លាសេ មន្ទីរពេទ្យរុស្សី៕