(ភ្នំពេញ)៖ ក្រុមហ៊ុនធានារ៉ាប់រង មេនូឡាយហ្វ៍ ខេមបូឌា បានបង្កើតព្រឹត្តការណ៍ដ៏ល្អមួយ «កីឡាបាល់ទាត់មិត្តភាព» លើកទី៥របស់ខ្លួន ដែលជំរុញទឹកចិត្តបុគ្គលិក នៅក្នុងក្រុមហ៊ុនទាំងអស់ចូលចិត្តលេងកីឡា ក៏ដើម្បីសុខភាព និងភាពស្វាហាប់ រឹងមាំ បន្ទាប់ពីការធ្វើការងារឲ្យក្រុមហ៊ុនមានការរីកចម្រើនដូចពេលសព្វថ្ងៃនេះ។
ព្រឹត្តការណ៍ «កីឡាបាល់ទាត់មិត្តភាព» របស់ក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា បានធ្វើឡើងនាថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៩ ដោយមានការចូលរួមពីលោក យូ សាមឺឌី នាយកគ្រប់គ្រងនាយកដ្ឋានធនធានមនុស្សនៃក្រុមហ៊ុន និងជាតំណាងរបស់អគ្គនាយកប្រតិបត្តិរបស់ក្រុមហ៊ុន រួមនឹងថ្នាក់ដឹកនាំជាច្រើននាក់ទៀតផងដែរ។
សូមជម្រាបជូនថា ក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា បានរៀបចំបើកការប្រកួត «បាល់ទាត់មិត្តភាព» របស់ខ្លួន ប្រចាំឆ្នាំ២០១៩ ក្នុងគោលបំណងលើកកម្ពស់សុខភាព និងសុខុមាលភាព ក៏ដូចជាពង្រឹងមិត្តភាព ការទំនាក់ទំនង សាមគ្គីភាពររវាងបុគ្គលិក និងទីប្រឹក្សាធានារ៉ាប់រង ឲ្យកាន់តែល្អប្រសើរជាងមុនបន្ថែមទៀត ក៏ដូចជាធ្វើឲ្យបុគ្គលិកទាំងអស់ចូលចិត្តលេងកីឡា ដើម្បីសុខភាពរៀងៗខ្លួន។
ពិធីបើកការប្រកួតបាល់ទាត់នេះ បានប្រព្រឹត្តទៅយ៉ាងរលូន និងពោរពេញដោយភាពសប្បាយរីករាយ ដោយមានការចូលរួមពីថ្នាក់ដឹកនាំជាន់ខ្ពស់របស់ ក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា បុគ្គលិក និងទីប្រឹក្សាធានារ៉ាប់រងប្រមាណ២០០នាក់។ ការប្រកួតបាល់ទាត់មិត្តភាពនេះ នឹងប្រព្រឹត្តទៅរយៈពេលបីខែ ដោយមានការចូលរួមពីកីឡាករចំនួន៩០នាក់ និងចែកជា៦ក្រុម ហើយការប្រកួតផ្ដាច់ព្រ័ត្រ នឹងធ្វើឡើងក្នុងខែតុលាខាងឆ្នាំ២០១៩ខាងមុខនេះ ដើម្បីស្វែងរកក្រុមជ័យលាភី។
លោក យូ សាមឺឌី បានបញ្ជាក់ថា «ខ្ញុំរីករាយណាស់ ដែលបានឃើញបុគ្គលិក និងទីប្រឹក្សាធានារ៉ាប់រងរបស់យើង មានភាពស្វាហាប់ និងរីករាយក្នុងការចូលរួមប្រកួតបាល់ទាត់មិត្តភាពនេះ បន្ថែមលើការបំពេញការងារយ៉ាងល្អប្រចាំថ្ងៃរបស់ពួកគាត់ ហើយនេះគឺជាឆ្នាំទី៥ហើយ ដែលក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា រៀបចំការប្រកួតបាល់ទាត់នេះឡើង»។
លោកបន្ថែមថា «ក្រៅពីកីឡាបាល់ទាត់ យើងមានសកម្មភាពកីឡាផ្សេងទៀតដូចជា៖ ការជិះកង់ វាយសី និង yoga ជាដើម សម្រាប់បុគ្កលិកទាំងនៅភ្នំពេញ និងតាមបណ្តាលខេត្តនានា។ យើងនឹងបន្តរៀបចំកម្មវិធីផ្សេងៗបន្ថែមទៀត ដើម្បីលើកកម្ពស់សុខភាព ក៏ដូចជាសុខុមាលភាពបុគ្គលិក ទីប្រឹក្សាធានារ៉ាប់រងទាំងអស់ ជាពិសេសដើម្បីរួមចំណែកលើកកម្ពស់សារសំខាន់ នៃសុខភាព និងកីឡាក្នុងសហគមន៍កម្ពុជាផងដែរ»។
គួរបញ្ជាក់ថា ក្រុមហ៊ុន មេនូឡាយហ្វ៍ ជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ឈានមុខគេមួយលំដាប់អន្តរជាតិ ដែលតែងតែចូលរួមចំណែកយ៉ាងសកម្ម ក្នុងការជួយគាំទ្រដល់សហគមន៍ ដោយក្រុមហ៊ុននេះបានចំណាយថវិកាប្រមាណ២លានដុល្លារអាមេរិក រួចមកហើយក្នុងការគាំទ្រដល់សហគមន៍កម្ពុជាផ្ទាល់ និងទទួលបានពានអន្តរជាតិ៣ឆ្នាំជាប់គ្នា ពីទីក្រុងហុងកុង លើការយកចិត្តទុកដាក់ដល់សហគមន៍៕