(ភ្នំពេញ)៖ ដើម្បផ្តល់ភាពងាយស្រួល ដល់សាធារណជន វិនិយោគិន ក្នុងការស្វែងរកមូលដ្ឋានអាជីវកម្មទេសចរណ៍ដែលមានអាជ្ញាបណ្ណត្រឹមត្រូវនោះ ក្រសួងទេសចរណ៍បានរៀបចំបញ្ជីមួយ ដយដាក់បញ្ជូលក្នុងវេបសាយរបស់ខ្លួន ដើម្បីបើកទូលាយដល់សាធារណជន និងដៃគូនានា ចូលពិនិត្យ និងស្វែងរក។
យោងតាមព័ត៌មានដែល បណ្តាញព័ត៌មាន Fresh News ទទួលបាន បានបង្ហាញថា មូលដ្ឋានអាជីវកម្មទេសចរណ៍ទាំងអស់ កាន់តែមានភាពងាយស្រួលស្វែងរកឈ្មោះដៃគូអាជីវកម្មរបស់ខ្លួន ដើម្បីចង់ដឹងថា មានអាជ្ញាបណ្ណ ឬអត់ដែលចេញដោយក្រសួងទេសចរណ៍ ដោយគ្រាន់តែចូលទៅក្នុងគេហទំព័រដែលជាប្រព័ន្ធអាជ្ញាបណ្ណទេសចរណ៍ អនឡាញរបស់ក្រសួងទេសចរណ៍គឺ www.cambodiatourismindustry.org ។
លោក ណេប សាមុត អគ្គនាយកគ្រប់គ្រងឧស្សាហកម្មទេសចរណ៍ បានឱ្យដឹងថា សាធារណជន និងប្រតិបត្តិករទេសចរណ៍ទាំងអស់អាចផ្ទៀងផ្ទាត់សុពលភាពអាជ្ញាបណ្ណស្របច្បាប់នៃមូលដ្ឋានអាជីវកម្មទេសចរណ៍ណាមួយ ដែលអាចជាសណ្ឋាគារ ផ្ទះសំណាក់ មណ្ឌលកម្សាន្តទេសចរណ៍មនុស្សពេញវ័យ ការីទេសចរណ៍ ទីភ្នាក់ងារទេសចរណ៍ មគ្គុទ្ទេសក៏ទេសចរណ៍ រមណីយដ្ឋានទេសចរណ៍ មធ្យោបាយដឹកជញ្ជូនទេសចរណ៍ កីឡាទេសចរណ៍នានា។ល។ បានដោយងាយស្រួល។
ព័ត៌មានអាជ្ញាបណ្ណនេះ បានធ្វើបច្ចុប្បន្នភាពជាប្រចាំ ដោយក្រសួងទេសចរណ៍៕