(ភ្នំពេញ)៖ កម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យ បានបើកប្រតិបត្តិការបង្ក្រាបសង្វៀនបញ្ជល់មាន់ និងបាញ់អាប៉ោងចំនួន២ទីតាំង ដោយធ្វើការឃាត់ខ្លួនមនុស្សជាង១០នាក់ ម៉ូតូ ១៣គ្រឿង និងមាន់គោគចំនួន៧ក្បាល។
ប្រតិបត្តិការខាងលើនេះបានធ្វើឡើងនៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៩ ក្រោមការបញ្ជាផ្ទាល់ពីលោកវរសេនីយ៍ឯក យឹម សារ៉ាន់ អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ រវាងកម្លាំងនគរបាលប៉ុស្តិ៍ សហការជាមួយកម្លាំងនគរបាលផ្នែកសន្តិសុខ និងអន្តរាគមន៍ពិសេស នៃអធិការដ្ឋានខណ្ឌពោធិ៍សែនជ័យ។
លោក ភា ប្រុស នាយប៉ុស្តិ៍កាកាបទី២ បានឲ្យដឹងថា ក្នុងប្រតិបត្តិការបង្ក្រាបនៅទីតាំងរបស់លោក ស្ថិតនៅចំណុចខាងក្រោយសាលាបុណ្យភូមិព្រៃសាលា សង្កាត់កាកាបទី២ ដោយធ្វើការឃាត់ខ្លួនអ្នកញៀនល្បែងចំនួន៩នាក់ ម៉ូតូ៥គ្រឿង និងមាន់៤ក្បាលផងដែរ។
ដោយឡែកលោកទូច ទី នាយប៉ុស្តិ៍សង្កាត់ត្រពាំងក្រសាំង បានឲ្យដឹងដែរថា ក្នុងប្រតិបត្តិការបង្ក្រាបនេះ ស្ថិតនៅក្នុងភូមិត្រពាំងទា សង្កាត់ត្រពាំងក្រសាំង ដោយធ្វើការឃាត់ខ្លួនអ្នកញៀនល្បែងចំនួន ៤នាក់ មាន់៣ក្បាល និងម៉ូតូចំនួន៨គ្រឿងផងដែរ។
លោក យឹម សារ៉ាន់ បានឲ្យដឹងថា ក្នុងប្រតិបត្តិការខាងលើនេះ កម្លាំងរបស់លោកបានធ្វើការស្រាវជ្រាវ និងធ្វើការសហការជាមួយប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន រហូតកំណត់ទីតាំងលេងល្បែងស៊ីសង បញ្ជល់មាន់ និងបាញ់អាប៉ោងខាងលើនេះច្បាស់លាស់ ទើបកម្លាំងនគរបាល បានចុះបង្ក្រាបភ្លាមៗផងដែរ ធ្វើឲ្យអ្នកលេងជាច្រើននាក់រត់ព្រោងព្រាត។
បច្ចុប្បន្នអ្នកញៀនល្បែងទាំងនោះ និងវត្ថុតាំងដែលដកហូតបាន ត្រូវបានបញ្ជូនទៅកាន់អធិការដ្ឋានខណ្ឌពោធិ៍សែនជ័យ ដើម្បីចាត់ការទៅតាមផ្លូវច្បាប់៕