(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ ណឹម សុវត្ថិ អគ្គនាយក នៃអគ្គនាយកដ្ឋាននយោបាយ និងកិច្ចការបរទេស នៃក្រសួងការពារជាតិ បានថ្លែងគូសបញ្ជាក់ថា វិមានឈ្នះឈ្នះនៅតែជាទីដ៏ទាក់ទាញ កាន់តែខ្លាំងឡើងៗ សម្រាប់មហាជនគ្រប់ស្រទាប់វណ្ណៈ មកពីគ្រប់ទិសទីមកចូលទស្សនា និងថតរូបទុកជាអនុស្សាវរីយ៍។ ចំនួនអ្នកមកទស្សនាដ៏ច្រើនបែបនេះ ពីមួយថ្ងៃទៅមួយថ្ងៃ គឺជាលទ្ធផល ដ៏ធំធេងដែលបានទទួលគុណតម្លៃជាប្រវត្តិសាស្ត្រនៅវិមានឈ្នះឈ្នះ។
នាយឧត្តមសេនីយ៍ ណឹម សុវត្ថិ ដែលជាប្រធានក្រុមការងារសាងសង់វិមានឈ្នះឈ្នះផងនោះ បានបង្ហោះសារនៅលើ Facebook របស់លោកយ៉ាងដូច្នេះថា៖
មិនសរសេរ មិនលើក និងកត់ត្រាទុកគឺមិនបាននារសៀល និងល្ងាចថ្ងៃអាទិត្យទី២១ ខែកក្កដា ឆ្នាំ២០១៩ នៅវិមានឈ្នះ ឈ្នះ ពោរពេញទៅដោយភាពខ្ញៀវខ្ញារ អ៊ូអរ ដោយមានប្រជាជន គ្រប់មជ្ឈដ្ឋានមក ទស្សនាកំសាន្ត ដៃម្នាក់ៗស្ទើរ១០០% កាន់ទូរស័ព្ទធ្វើជាប្រដាប់ថត មានការេដីរគ្រប់តំបន់ ទាំងតំបន់កណ្តាលដែលរត់លេងកំសាន្ត មើលចំលាក់នានា ទាំងចំលាក់ឯកកោ សមាហរណកម្ម សិលាចារឹក និងរូបតាមជញ្ជំងវិមាន មានអ្នកចូលតំបន់សុខដុមថតរូប និងមើលតាមប្រាសាទតូចៗ មានទាំងទៅ មើលតំបន់សួនតេជោសន្តិភាព ជិះរថក្រោះ ជិះយន្តហោះ រថពាសដែក កាំភ្លើងធំ គ្រប់បែបយ៉ាង។
នៅផ្នែកខាងកើតក្នុងអំឡុងពីម៉ោង ៤ ដល់ម៉ោង៦ ដែលមានម្លប់បាំងដោយវិមានមនុស្សអង្គុយលេងជជែកយ៉ាងសប្បាយ រីករាយគ្រប់របៀប។ ទ្រាំមិនបានទោះបីជាខុសផែនការខ្លះ ខ្ញុំក៏បានសុំគោលការណ៍សម្រេចបើកទឹកបាញ់តាមអាងទាំង៨ បញ្ចេញរស្មីជាមួយនិងព្រះសូរិយាចាំងបង្កើតជាឥន្ធនូ ហើយអាកាសធាតុត្រជាក់ផ្លាស់ប្តូរភ្លាមៗជាមួយនិងផ្ទៃមេឃចាប់ស្រទុំពពកបាំង មនុស្សកាន់តែខ្ញៀវខ្ញារ និងអង្គុយជជែកគ្រប់បែបយ៉ាង។ ទ្រាំមិនបានទៀតក៏សម្រេច បើកសារមន្ទីរខាងក្នុងបន្ថែមទោះបីជាពេញមួយថ្ងៃនេះបានបើក២ ដងរួចហើយក្តី ក៏សម្រេចឲ្យបើកលើកទី៣ ដោយសារនៅមានមនុស្សច្រើនក្នុងការចង់ចូលទស្សនា។
យើងក៏សង្កេតឃើញមានគ្រប់សាសនាដែលបានចូល មកមើលដែរ ទាំងសាសនាអ៊ីស្លាម ព្រះពុទ្ធ គ្រឹស្ត និងជនបរទេស ក្មេង ចាស់ ប្រុស ស្រី មានទាំងអ្នករុញរទេស ថែមទៀតមកមើលទិដ្ឋភាព បែបនេះ ធ្វើឲ្យក្រុមការងារទោះបីជាមានភាពហត់នឿយ និងនៅគ្នាតិចក៏សម្រេច បើក LED ដើម្បីបញ្ចេញវីដេអូស្តីពីការកសាងវិមាន និងការសម្ភោធវិមាន និងដំណើរការបទចម្រៀងនានា ដែលមានអត្ថន័យទាក់ទងនិងនយោបាយឈ្នះ ឈ្នះ និងការដឹកនាំនិងសមិទ្ឋផលសម័យតេជោ ហ៊ុន សែន ពេលនោះយើងក៏ឃេីញជាក់ស្តែងថែមទៀតទៅដល់អារម្មណ៍ និងកាយវិការ ឥរិយាបថ ទឹកមុខ គ្រប់គ្នាប្រកបដោយភាពមោទនៈ។
យើងក៏បានដឹងទៀតថា អ្នកមកទស្សនានៅទីនេះគឺមានពីខេត្តពោធិសាត់ តាកែវ បាត់ដំបង ក្រចេះ សៀមរាប និងវត្តអារាមនានាដែលនៅឆ្ងាយៗមួយចំនួនមកផងដែរ។ ទាំងអស់នេះគឺជាលទ្ធផល ដ៏ធំធេងដែលបានទទួលគុណតម្លៃជាប្រវត្តិសាស្ត្រនៅវិមានឈ្នះ ឈ្នះ នេះ ទោះបីស្ថិតក្នុងដំណាក់កាលទី ៣ និងកំពុងត្រៀមត្រូវបន្តនូវដំណាក់កាលទី៤តទៀតគឺជាការចាំបាច់...៕