(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៩ នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី និងជាប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានដឹកនាំប្រតិភូគោរពវិញ្ញាណក្ខន្ធសពឧត្តមសេនីយ៍ឯក អ៊ុល ណាវី នាយរងសេនាធិការចម្រុះ និងមេបញ្ជាការ នៃបញ្ជាការដ្ឋានការពារអាកាស អគ្គបញ្ជាការដ្ឋាន។

ក្នុងឱកាសនោះដ៏ក្រៀមក្រំនោះ នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន បានចាត់ទុកមរណភាពរបស់ឧត្តមសេនីយ៍ឯក អ៊ុល ណារី គឺជាការបាត់បង់ឪពុក ជីតា និងមិត្តភក្តិប្រកបដោយព្រហ្មវិហារធម៌ ដ៏ថ្លៃថ្លាបំផុត សម្រាប់គ្រួសារ និងមិត្តរួមការងារ ហើយក៏ជាការបាត់បង់មន្រ្តីជាន់ខ្ពស់មួយរូប ដែលបានចូលរួមចំណែកយ៉ាងច្រើនក្នុងបុព្វហេតុការពារជាតិមាតុភូមិកម្ពុជា។

ក្នុងឱកាសដ៏ក្រៀមក្រំនោះដែរ នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន បានបួងសួងដល់វិញ្ញាណក្ខន្ធសពលោកឧត្តមសេនីយ៍ អ៊ុល ណារី សូមបានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។

សូមបញ្ជាក់ថា លោកឧត្តមសេនីយ៍ឯក អ៊ុល ណាវី មេបញ្ជាការ បញ្ជាការដ្ឋានការពារអាកាស បានទទួលមរណភាពនៅវេលាម៉ោង៣រសៀល ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៩ ដោយសារជំងឺគាំងបេះដូង។ សពរបស់លោក ត្រូវបានតម្កល់ធ្វើបុណ្យតាមប្រពៃណីព្រះពុទ្ធសាសនានៅគេហឋាន ស្ថិតក្នុងបុរីពិភពថ្មី វត្តសំរោងអណ្ដែត ខណ្ឌសែនសុខ។

លោកឧត្តមសេនីយ៍ឯក អ៊ុល ណាវី គឺជាកងទ័ពមួយរូបដែលបានពលិកម្មកម្លាំងកាយចិត្តយ៉ាងច្រើនក្នុងបុព្វហេតុជាតិមាតុភូមិតាំងពីប្រទេសកម្ពុជា ស្ថិតនៅកលិយុគនៃភ្លើងសង្គ្រាម ហើយបើទោះបីជាតិកម្ពុជាទទួលបានសុខសន្តិភាពលោកនៅតែបន្តរួមចំណែកយ៉ាងសកម្ម ជាមួយកងយោធពលខេមរភូមិន្ទ ដើម្បីពង្រឹងខឿនការពារជាតិ ការពារបូរណភាពទឹកដី។ ជាពិសេសក្នុងពេលកម្ពុជា រងការឈ្លានពានទឹកដីពីប្រទេសថៃ កាលឆ្នាំ២០០៨ លោកជាកងទ័ពមួយដ៏អង់អាចក្លាហានមួយរូបឈរជើងការពារទឹកដី នៅតំបន់ជម្លោះព្រំដែនកម្ពុជា-ថៃ៕