(ភ្នំពេញ)៖ បណ្តាប្រទេសមិនចូលបក្សសម្ព័ន្ធ បានចេញសេចក្តីថ្លែងការណ៍ ថ្កោលទោសចំពោះ ការរំលោភបំពានលើឯករាជ្យអធិបតេយ្យភាព ប្រទេសសមាជិករបស់ខ្លួន។
ការថ្កោលទោសនេះ បានធ្វើឡើង នៅក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីនៃការិយាល័យសម្របសម្រួលនៃចលនាមិនចូលបក្សសម្ព័ន្ធ (CoB-NAM) នៅទីក្រុងការ៉ាកាស់ សាធារណរដ្ឋវេណេស៊ុយអេឡា កាលពីថ្ងៃទី ២០-២១ ខែកក្កដា ឆ្នាំ២០១៩។
ក្នុងកិច្ចប្រជុំនេះ ភាគីកម្ពុជា តំណាងដោយ លោក អ៊ុច បូររិទ្ធ រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។
នៅក្នុងកិច្ចប្រជុំនោះ គណៈប្រតិភូចូលរួមជាច្រើន បានឡើងធ្វើសេចក្តីថ្លែងការណ៍ដោយរិះគន់ឯកតោភាគីនិយម និងថ្កោលទោសវិធានការចាប់បង្ខំជាឯកតោភាគី និងការរំលោភបំពានលើឯករាជ្យអធិបតេយ្យភាពនៃប្រទេសសមាជិកនៃចលនាមិនចូលបក្សសម្ព័ន្ធ។
សេចក្តីថ្លែងការណ៍របស់ ប្រទេសមិនចូលបក្សសម្ព័ន្ធ បានធ្វើឡើងស្របពេល ដែលច្បាប់ស្តីពីបញ្ហាលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ត្រូវបានសភាតំណាងរាស្ត្រ សហរដ្ឋអាមេរិកអនុម័តជាឯកច្ឆ័ន្ទ នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៩។ ច្បាប់នេះត្រូវបានបង្កើតឡើង ក្នុងគោលបំណងដាក់ទណ្ឌកម្មមន្ត្រីកម្ពុជា និងស្តារលទ្ធិប្រជាធិបតេយ្យ បន្ទាប់ពីសភាតំណាងរាស្ត្រអាមេរិក បានលើហេតុផលថា ដំណើរការលទ្ធិប្រជាធិបតេយ្យ នៅកម្ពុជាមានការធ្លាក់ចុះ។
អង្គប្រជុំប្រទេសមិនចូលបក្សសម្ព័ន្ធ ក៏បានអនុម័តលើឯកសារសម្រេចនៃទីក្រុងការ៉ាកាស់ ស្តីពីកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីនៃការិយាល័យសម្របសម្រួល នៃចលនាមិនចូលបក្សសម្ព័ន្ធ សេចក្តីថ្លែងការណ៍នយោបាយទីក្រុងការ៉ាកាស់ និងញត្តិសម្តែងអំណរគុណ និងសាមគ្គីភាពជាមួយនឹងប្រជាជន និងរដ្ឋាភិបាលសាធារណរដ្ឋវេណេស៊ុយអេឡា។ អង្គប្រជុំក៏បានសម្តែងការគាំទ្រផងដែរ ចំពោះសេចក្តីថ្លែងការណ៍នយោបាយ នៃគណៈកម្មាធិការរដ្ឋមន្ត្រី នៃចលនាមិនចូលបក្សសម្ព័ន្ធស្តីពីបញ្ហាប៉ាឡេស្ទីន។
កិច្ចប្រជុំក៏បានពិភាក្សា អំពីការរៀបចំកិច្ចប្រជុំកំពូលលើកទី ១៨ នៃចលនាមិនចូលបក្សសម្ព័ន្ធ ដែលនឹងត្រូវរៀបចំឡើងពីថ្ងៃទី ២១-២៦ ខែតុលា ឆ្នាំ២០១៩ នៅទីក្រុងបាគូ សាធារណរដ្ឋអាហ្សែបៃហ្សង់។
នៅក្នុងសេចក្តីថ្លែងការណ៍របស់កម្ពុជា លោក អ៊ុច បូររិទ្ធ បានរំលេចនូវចំណុចមួយចំនួនដូចខាងក្រោម៖
* ពិភពលោកកំពុងជួបប្រទះករណី ដែលប្រទេសមួយចំនួនចាប់បង្ខំប្រទេសដទៃទៀត ឱ្យអនុវត្តស្តង់ដារគ្រប់គ្រងតាមខ្លួន បង្ហាញពីចំណង់របស់ខ្លួនក្នុងការជ្រើសរើសថ្នាក់ដឹកនាំរដ្ឋាភិបាលប្រទេសដទៃ សម្រេចពីភាពស្របច្បាប់នៃប្រទេសឬរដ្ឋាភិបាលនៃប្រទេសមួយ តោងទាមដើរតួនាទីជំនួសប្រជាជន និងវាយតម្លៃប្រទេសដទៃតាមស្តង់ដាររបស់ពួកគេ លើមូលដ្ឋានផលប្រយោជន៍ជាតិ និងផលប្រយោជន៍ភូមិសាស្ត្រនយោបាយរបស់ខ្លួន។
* នៅឆ្នាំ ២០១៨ កម្ពុជាបានរៀបចំការបោះឆ្នោតសកលដោយសេរី យុត្តិធម៌ និងសន្តិភាព ជាមួយនឹងការចូលរួមពីគណបក្សចំនួន ២០ និងអត្រាអ្នកចូលរួមបោះឆ្នោតចំនួន ៨៣,០២% ដែលជាអត្រាខ្ពស់លេចធ្លោ បើប្រៀបធៀបនឹងប្រទេសមួយចំនួន ដែលបានអនុវត្តលទ្ធិប្រជាធិបតេយ្យជាយូរមកហើយ។
* ទោះបីជាមានតថភាពនេះក្តី ពុំមានអ្វីគួរឲ្យភ្ញាក់ផ្អើលទេដែលរដ្ឋាភិបាល បរទេសមួយចំនួនដែលមិនបានបញ្ជូនអ្នកសង្កេតការណ៍មកចូលរួម បែរជាប្រកាសតាំងពីមុនថ្ងៃបោះឆ្នោត វាយតម្លៃពីការបោះឆ្នោតដោយខុសឆ្គងយ៉ាងគឃ្លើនឥតអៀនខ្មាស់ ហើយថែមទាំងគំរាមដាក់ទណ្ឌកម្មនយោបាយ និងសេដ្ឋកិច្ចជាឯកតោភាគីមកលើកម្ពុជា។ រដ្ឋាភិបាលបរទេសមួយចំនួនអស់ទាំងនោះ មិនបានសម្តែងនូវការគោរពទាល់តែសោះ ចំពោះសម្លេងប្រជាជនកម្ពុជាជាង៧លាននាក់ ដែលបានសម្តែងយ៉ាងច្បាស់ពីការទទូចចង់បានរបស់ខ្លួន នូវប្រជាធិបតេយូបនីយកម្មដែលមានលក្ខណៈសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍប្រកបដោយចីរភាព។
* ទោះបីជាមានកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួន និងសមិទ្ធផលដែលសម្រេចបានជាច្រើនក្តី កម្ពុជាមិនដែលទទួលបានការកោតសរសើរពីក្រុមប្រទេស ឬស្ថាប័នមួយចំនួន ដែលប្រកាន់យកស្តង់ដារតែមួយនៅក្នុងការគិតគូររបស់ខ្លួននោះគឺ «ការផ្លាស់ប្តូររបប»។
ក្នុងឱកាសនៃកិច្ចប្រជុំ លោក អ៊ុច បូររិទ្ធ ក៏បានជួបប្រជុំទ្វេភាគីជាមួយលោក រូបេន ដារីយ៉ូ ម៉ូលីណា អនុរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការអាស៊ី មជ្ឈិមបូព៌ា និងអូសេអានីនៃក្រសួងការបរទេសវេណេស៊ុយអេឡា។ ភាគីទាំងពីបានសម្តែងនូវបំណងប្រាថ្នាចង់ពង្រឹងទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការប្រកបដោយផ្លែផ្កា រវាងប្រទេសទាំងពីរ ដើម្បីជាផលប្រយោជន៍សម្រាប់ប្រទេសជាតិទាំងពីរ៕