(ភ្នំពេញ)៖ ព្រះភិក្ខុ កក្កដា សុភ័ណ្ឌ គង់នៅកុដិលេខ២៥ វត្តសារាវ័ន្តតេជោ ខណ្ឌដូនពេញ រាជធានីភ្នំពេញ បានសម្រេចលាចាកសិក្ខាបទ (សឹក) ហើយ នៅយប់ថ្ងៃអាទិត្យ ទី២១ ខែកក្កដា ឆ្នាំ២០១៩។ ការលាចាកសិក្ខាបទរបស់ព្រះអង្គបានធ្វើឡើង បន្ទាប់ពីការមានការផ្ញាក់ផ្អើលតាមបណ្តាញសង្គមថា ព្រះអង្គត្រូវគេធ្វើឃាតតាមរយៈរួបភាពនៃការថតវីដេអូអប់រំនោះ។
យោងតាមសាលាគណរាជធានីភ្នំពេញ បានប្រកាសឱ្យដឹងថា បន្ទាប់ពីមានហេតុការណ៍ភ្ញាក់ផ្អើលនេះ ព្រះភិក្ខុ កក្កដា សុភ័ណ្ឌ ត្រូវបានមន្ត្រីសង្ឃសាលាអនុគណខណ្ឌដូនពេញនិមន្តមកដោះស្រាយតាមធម៌វិន័យ។ ជាលទ្ធផលព្រះតេជគុណ កក្កដា សុភ័ណ្ឌ បានទទួលស្គាល់នូវការធ្វើឱ្យមានកំហុសឆ្គងក្នុងធម៌វិន័យរបស់ព្រះសង្ឃ និងបានសុំលាចាកសិក្ខាបទ តាមកិច្ចព្រមព្រៀងនៃកិច្ចសន្យាដែលព្រះអង្គបានធ្វើនាពេលកន្លងទៅមក។
សូមបញ្ជាក់ថា កាលពីថ្ងៃសៅរ៍ ទី២១ ខែកក្កដា កន្លងទៅនេះ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅតាមបណ្តាញសង្គម Facebook ថា ព្រះតេជគុណ កក្កដា សុភ័ណ្ឌ ត្រូវបានគេប្លន់សម្លាប់ ជាមួយរូបភាពជាច្រើនសន្លឹក។ ក្រោយមកទើបមានការបញ្ជាក់ថា រូបភាពទាំងនោះ គ្រាត់តែជារូបភាពសម្តែងក្នុងវីដេអូអប់រំមួយដែលថតនៅក្នុងខេត្តសៀមរាបតែប៉ុណ្ណោះ។
សូមរំលឹកដែរថា កាលពីខែកុម្ភៈ ឆ្នាំ២០១៩កន្លងទៅ ព្រះតេជគុណ កក្កដា សុភ័ណ្ឌ ក៏ធ្លាប់បានធ្វើឱ្យមានភាពឆ្គាំឆ្គងធម៌វិន័យរបស់ព្រះពុទ្ធសាសនាផងដែរ។ ពេលនោះព្រះអង្គបានធ្វើកិច្ចសន្យាជាមួយព្រះចៅអធិការវត្តថា លែងធ្វើឱ្យមានកំហុសឆ្គង ហើយបើមានកំហុសឆ្គងទៀត ព្រះអង្គនឹងព្រះមន្ត្រីសង្ឃធ្វើទៅតាមផ្លូវច្បាប់ និងច្បាប់របស់ព្រះពុទ្ធសាសនា៕