(ភ្នំពេញ)៖ អ្នកជំនាញអារ្យធម៌ខ្មែរ លោក រត្ន័ សណ្ដាប់ បានថ្លែងដោយពុំមានការភ្ញាក់ផ្អើលថា ចំពោះការអនុម័តរបស់សភាជាន់ទាបអាមេរិកថ្មីៗនេះ ទៅលើសេចក្ដីស្នើច្បាប់ស្ដីពី «ប្រជាធិបតេយ្យកម្ពុជាឆ្នាំ២០១៩-Cambodia Democracy Act of 2019» ដើម្បីដាក់សម្ពាធមកលើកម្ពុជានេះគឺពុំបានឆ្លុះបញ្ចំាងពី ឆន្ទៈរបស់ប្រជាពលរដ្ឋខ្មែរនោះទេ ពីព្រោះកម្ពុជាជារដ្ឋអធិបតេយ្យ ហើយកម្ពុជាក៏ធ្លាប់ទទួលរងគ្រោះពីការលូកដៃរបស់សហរដ្ឋអាមេរិក ដោយស្ថិតក្រោមលេសសេរីភាព និងប្រជាធិបតេយ្យនេះតំាងពីឆ្នាំ១៩៧០មកម៉្លេះ។
ដោយហេតុថា ចំពោះកម្ពុជាជារដ្ឋអធិបតេយ្យគឺពុំអាចសភាប្រទេសមួយធ្វើច្បាប់ ដើម្បីបង្គាប់បញ្ជាបានទ្បើយ។ បើដូចនេះចំពោះទង្វើសភាជាន់ទាបអាមេរិក ដែលបានធ្វើច្បាប់ស្ដីពី ប្រជាធិបតេយ្យកម្ពុជាហើយទើបអនុម័តថ្មីៗនេះ គឺមិនខុសពីសភាអាមេរិកកំពុងផលិតច្បាប់ដើម្បីត្រួតស្រុកខ្មែរនោះទេ ឬមិនខុសពី «សភាអាមេរិកកំពុងត្រួតលើសភាខ្មែរ» នោះដែរ។
លោក រត្ន័ សណ្ដាប់ បន្ដថាបើហេតុនេះចំពោះទង្វើសភាជាន់ទាបអាមេរិក ដែលបានធ្វើច្បាប់ដោយរំលោភមកលើអធិបតេយ្យខ្មែរនេះ គឺសភាអាមេរិកលែងជាសភាអាមេរិកទៀតហើយ គឺជាសភាខ្មែរឬជាសភាពិភពលោកតែម្ដង ពីព្រោះសភាប្រទេសមួយគឺពុំអាចផលិតច្បាប់ដើម្បីបង្គាប់បញ្ជាមកលើប្រទេសមួយដើម្បីឲ្យធ្វើនេះ ឬធ្វើនោះបានទេ។
ម្យ៉ាងទៀតបើនិយាយពីសេចក្ដីស្នើច្បាប់ស្ដីពីប្រជាធិបតេយ្យកម្ពុជា ដែលសភាជាន់ទាបអាមេរិកទើបអនុម័តថ្មីៗនេះផងដែរ យើងសួរថា តើមានប្រទេសប៉ុន្មានដែលមានប្រជាធិបតេយ្យ១០០ភាគរយ ហើយមានប្រទេសប៉ុន្មានដែលអត់ប្រជាធិបតេយ្យ? ហេតុអ្វីបានជាប្រទេសអាស៊ានខ្លះ ជាប្រទេសកុម្មុយនីស្ដពុំដែលបោះឆ្នោតសោះ ចុះហេតុអ្វីបានជាអាមេរិកខិតខំលើកកម្កើងទៅវិញ? ហេតុអ្វីអាមេរិកពុំធ្វើច្បាប់ផង? បើហេតុនេះចំពោះទង្វើសភាជាន់ទាបអាមេរិកទំាងនេះ គឺគ្រាន់តែបង្កទ្បើងធ្វើជាលេសដើម្បី លូកដៃចូលអធិបតេយ្យកម្ពុជា ក្នុងការបម្រើឲ្យភូមិសាស្រ្ដ នយោបាយខ្លួនតែប៉ុណ្ណោះ។
ជាសរុបលោក រត្ន័ សណ្ដាប់ បានចាត់ទុកថា បើដូច្នេះចំពោះសេចក្ដីស្នើច្បាប់ស្ដីពី ប្រជាធិបតេយ្យកម្ពុជា ដែលសភាជាន់ទាបអាមេរិកទើបអនុម័តថ្មីៗនេះ គឺច្បាប់នេះមិនខុសពីច្បាប់ដ៏ចម្លែកជាងគេមួយលើពិភពលោកនោះទេ ពីព្រោះបើនិយាយពីរដ្ឋអធិបតេយ្យប្រទេសមួយ គឺពុំអាចសភាប្រទេសមួយធ្វើការតាក់តែង ទ្បើងដើម្បីចោទប្រកាន់ប្រទេសមួយថាមានប្រជាធិបតេយ្យ ឬអត់នោះទេ?
ម្យ៉ាងទៀតបើនិយាយពីទង្វើសភាជាន់ទាបអាមេរិកនេះទៀតសោត ក៏ផ្ទុយនឹងគោលការណ៍អង្គការសហប្រជាជាតិផងដែរ ពីព្រោះធម្មនុញ្ញនៃអង្គការសហប្រជាជាតិ គឺពុំអនុញ្ញាត្ដឲ្យរដ្ឋមួយធ្វើការលូកដៃចូល អធិបតេយ្យរដ្ឋមួយទៀតបានទ្បើយ។ បើដូច្នេះចំពោះសេចក្ដីស្នើច្បាប់ស្ដីពី ប្រជាធិបតេយ្យកម្ពុជា ហើយដែលសភាជាន់ទាបអាមេរិកទើបអនុម័តថ្មីៗនេះ គឺជាច្បាប់ដែលអាចធ្វើឲ្យអាមេរិកបាក់មុខលើឆាកអន្ដរជាតិតែប៉ុណ្ណោះ ពីព្រោះនៅលើលោកនេះប្រជាធិបតេយ្យគ្មានស្ដង់ដានោះទេ៕