(ភ្នំពេញ)៖ គណៈកម្មការ «ពានរង្វាន់សហគ្រិនវ័យក្មេង» បានរកឃើញហើយសហគ្រិនវ័យក្មេងចំនួន៥រូប ឱ្យគ្រងពានរង្វាន់ «សហគ្រិនវ័យក្មេងឆ្នាំ២០១៩» បន្ទាប់ពីបានវាយតម្លៃដោយផ្ចិតផ្ចង់ និងសុភនិច្ឆ័យលើបេក្ខភាពដែលចូលរួមប្រកួតប្រជែងចំនួន ១១រូប។
ម្ចាស់ជ័យលាភីគ្រងពានរង្វាន់ «សហគ្រិនវ័យក្មេងឆ្នាំ២០១៩» ទាំង៥រូប មកពីបណ្ដាក្រុមហ៊ុនផ្សេងៗរួមមាន៖
១៖ លោកឧកញ៉ា នួន រិទ្ធី មកពីក្រុមហ៊ុន Khmer Foundation Appraisal Co.,Ltd ទទួលបានពានរង្វាន់សហគ្រិនឆ្នើម
២៖ លោក ឆន គឹមពិជេជ្ឋ មកពីក្រុមហ៊ុន Mekong Valley Co., Ltd ទទួលបានពានរង្វាន់សង្គម
៣៖ លោក ប៊ុន ផាក មកពីក្រុមហ៊ុន Camazoon Co., Ltd ទទួលបានពានរង្វាន់បច្ចេកវិទ្យា
៤៖ អ្នកនាង ឃុន ពិសី មកពីក្រុមហ៊ុន Career Finder ទទួលបានពានរង្វាន់ស្រ្តី
៥៖ លោក ឡុង សុភ័ក្រ្ត មកពីក្រុមហ៊ុន Sopheaklong Supplier Co., Ltd ទទួលបានពានរង្វាន់អាជីវកម្មចាប់ផ្ដើមថ្មី
ពិធីប្រកាសម្ចាស់ជ័យលាភីពានរង្វាន់ «សហគ្រិនវ័យក្មេងកម្ពុជាឆ្នាំ២០១៩» ត្រូវបានធ្វើឡើងយ៉ាងអធិកអធមនៅយប់ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៩ ដោយមានការចូលរួមពីលោកទេសរដ្ឋមន្ត្រី សុន គន្ធរ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាប្រធានសភាមុខរបរ និងមីក្រូសហគ្រាសកម្ពុជា, លោកឧកញ៉ា គួច ផេង ប្រធានសមាគមសហគ្រិនវ័យក្មេងកម្ពុជា, លោកស្រី សួន ជូឡា ប្រធានយុវសភាពាណិជ្ជករអន្ដរជាតិកម្ពុជា រួមទាំងភ្ញៀវកិត្តិយសជាច្រើនរូបផងដែរ។
កម្មវិធីពានរង្វាន់សហគ្រិនវ័យក្មេងកម្ពុជា ត្រូវបានរៀបចំឡើងដោយសុក្រឹត្យ និងតម្លាភាព។ ម្ចាស់ជ័យលាភីត្រូវបានវាយតម្លៃជាពិសេសទៅលើសមត្ថភាពប្រាជ្ញា, សមត្ថភាពផ្លូវចិត្ត និងសមត្ថភាពផ្លូវកាយ។ បេក្ខជន ត្រូវមានអាយុចាប់ពី១៨ ដល់៤៥ឆ្នាំ។
លោក សុន គន្ធរ បានសំដែងការអបអរសារទរចំពោះសហគ្រិនវ័យក្មេងទាំងអស់ដែលបានទទួលពានរង្វាន់។ លើសពីនេះ លោកក៏បានអំពាវនាវបន្ថែមដល់សហគ្រិនទាំងអស់ ឲ្យមានការចងក្រងជាសហគមតែមួយ និងជាសមាគមតែមួយ ដើម្បីឲ្យប្រទេសជាតិមានការរីកចម្រើន និងមានការប្រកួតប្រជែងជាមួយបណ្ដាប្រទេសផ្សេងទៀត។
លោកឧកញ៉ា គួច ផេង ក៏បានសម្ដែងការអបអរសារទរ និងថ្លែងអំណរគុណចំពោះបងប្អូនទាំងអស់ដែលបានចំណាយពេលវេលាជួយជ្រោមជ្រែងក្នុងកម្មវិធី សហគ្រិនវ័យក្មេងឲ្យទទួលបានជោគជ័យ។ លោកបន្ថែមថា សមាគមសហគ្រិនវ័យក្មេងកម្ពុជា មានគោលបំណងសំខាន់ក្នុងការផ្ដល់អត្ថប្រយោជន៍ ដល់សហគ្រិនដែលបានចូលរួមប្រកួតប្រជែង មានឱកាសផ្សព្វផ្សាយពី ក្រុមហ៊ុនរបស់ខ្លួន និងមានភាពងាយស្រួល ក្នុងការស្វែងរកដៃគូរអាជីវកម្មថែមទៀតផង។
លោកបន្ដថា សម្រាប់សហគ្រិនដែលបានចូលរួមប្រកួតប្រជែង ក្នុងកម្មវិធី «ពានរង្វាន់សហគ្រិនវ័យក្មេងឆ្នាំ២០១៩» នេះនឹងទទួលបានបទពិសោធន៍ ការចែករំលែកសំខាន់ទាក់ទងនឹងអាជីវកម្មពី គណៈកម្មការវាយតម្លៃ ដែលមានបទពិសោធន៍ លើអាជីវកម្មជាច្រើនឆ្នាំនៅកម្ពុជា។
លោកបញ្ជាក់ថា រហូតមកដល់ពេលបច្ចុប្បន្ននេះ សមាគមសហគ្រិនវ័យក្មេងកម្ពុជា មានអាយុកាល៥ឆ្នាំហើយ ដោយក្នុង១ឆ្នាំៗទទួលបានសហគ្រិនមានគំនិត អាជីវកម្មប្លែកៗ និងថ្មីៗជាច្រើនដែលបានដាក់ពាក្យចូលរួមប្រកួតប្រជែង នេះបញ្ជាក់ឲ្យឃើញថា យុវជនជំនាន់ក្រោយជាធនធានសុទ្ធសឹងតែមានសមត្ថភាព៕