(ភ្នំពេញ)៖ ក្រុមហ៊ុន Lumiere Hospitality (LH) បានប្រកាសបើកសម្ពោធជាផ្លូវការនូវគម្រោងទីពីររបស់ខ្លួន ដែលមានឈ្មោះថា Lumiere Residence ដើម្បីឆ្លើយតបកំណើនភ្ញៀវទេសចរណ៍នៅកម្ពុជា ពិសេសរាជធានីភ្នំពេញតែម្តង។ គម្រោង Lumiere Residence នេះក៏បានចូលរួមចំណែកក្នុងការអភិវឌ្ឍន៍វិស័យបដិសណ្ឋារកិច្ចរបស់ប្រទេសកម្ពុជា ឲ្យកាន់តែរីកចម្រើន និងប្រកបដោយកិត្យានុភាព។
ពិធីសម្ពោធបានប្រារព្ធឡើងយ៉ាងអធិកអធមក្រោមគណអធីបតីភាពនាយឧត្តមសេនីយ គន់ គីម ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស និងលោក គីម រិទ្ធី អភិបាលរងខេត្តកណ្តាល អមដោយលោកស្រី Celine Quek ជាសហស្ថាបនិក និងជានាយកគ្រប់គ្រងរបស់ក្រុមហ៊ុន LH លោក Alan Wong ជាសហស្ថាបនិក និងជានាយកប្រតិបត្តិ និង លោក ហ៊ង ភាព ជានាយកប្រតិបត្តិក្រុមហ៊ុន LH ប្រចាំព្រះរាជាណាចក្រកម្ពុជា។
លោកស្រី Celine Quek នាយកគ្រប់គ្រងនៃក្រុមហ៊ុន Lumiere Hospitality បានលើកឡើងថា «យើងចង់បង្កើតគម្រោងមួយដែលមានគុណភាពល្អបំផុត ដែលធ្វើឲ្យមនុស្សគ្រប់គ្នាមានមោទនភាព ហើយក្លាយជាគម្រោងដ៏ទាក់ទាញបំផុតរបស់ប្រទេសកម្ពុជា» ។ លោកស្រី បន្ថែមទៀតថា «ក្រៅពីការធ្វើឲ្យខ្លួនយើងក្លាយជាអ្នកដើរតួយ៉ាងសំខាន់មួយនៅក្នុងទីផ្សារកម្ពុជា យើងក៏មានមោទនភាពផងដែរ ក្នុងការចូលរួមជាចំណែកមួយ នៃការអភិវឌ្ឍទីក្រុងភ្នំពេញឲ្យកាន់តែរីកចម្រើន»។
បច្ចុប្បន្នក្រុមហ៊ុន LH មានសណ្ឋាគារចំនួនពីរនៅរាជធានីភ្នំពេញ គឺសណ្ឋាគារ Lumiere Hotel និង Lumiere Residence។ Lumiere Residence ជាអគារស្នាក់នៅបែបទំនើប (Apartment) ដែលរំលេចរូបរាងយ៉ាងទាន់សម័យ បង្កភាពងាយស្រួល តម្លៃសមគួរ ហើយមានផាសុកភាព សម្រាប់ភ្ញៀវជាតិ និងអន្តរជាតិ។
Lumiere Residence មានទីតាំងស្ថិតនៅចំកណ្តាលរាជធានីភ្នំពេញ កៀកនឹងតំបន់មជ្ឍមណ្ឌលពានិជ្ជកម្ម ផ្សារទំនើប សាលាអន្តរជាតិ ផ្សារ មន្ទីរពេទ្យ ភោជនីយដ្ឋាន ការិយាល័យរដ្ឋាភិបាល ស្ថានទូត ធនាគារ និងមានអគារជាច្រើនទៀត។
នាយកគ្រប់គ្រងនៃក្រុមហ៊ុន Lumiere Hospitality បញ្ជាក់ថា Lumiere Residence គឺជាឋានសួគ៌ដ៏មានផាសុកភាពស្ថិតនៅចំកណ្ដាលទីក្រុងមានមនុស្សរស់នៅយ៉ាងច្រើនកុះករ។ Lumiere Residence ផ្ដោតសំខាន់ទៅលើសេវាកម្មលក្ខណៈផ្ទាល់ខ្លួន និងមានភាពម៉ត់ចត់ ដែលនឹងផ្តល់បទពិសោធន៍ស្នាក់នៅ ដាប់ពិភពលោកជូនដល់អតិថិជន។ រចនាបថទាំងអស់ត្រូវបានបង្កើតឡើងសម្របទៅតាមអតិថិជនដែលធ្វើដំណើរបែបធុរកិច្ច។
លោកស្រី Celine Quek បញ្ជាក់ថា «ពួកយើងគិតអំពីភាពងាយស្រួល និងភាពកក់ក្តៅ ពីព្រោះពួកយើងចង់ឲ្យអតិថិជនមានអារម្មណ៍ធូរស្រាលក្នុងកំលុងធ្វើដំណើរបែបធុរកិច្ចរបស់ខ្លួន ស្របជាមួយនឹងភាពសប្បាយរីករាយនៃបរិយាកាសទីក្រុង ដើម្បីឲ្យពួកគាត់មានអារម្មណ៍ជិតស្និទ្ធដូចកំពុងស្នាក់នៅផ្ទះរបស់ខ្លួនដែរ។ នេះគឺជាគំរូល្អដ៏ឥតខ្ចោះ នៃអគារស្នាក់ទំនើបដ៏ប្រណិតនៅក្នុងទីក្រុងភ្នំពេញ»។
សណ្ឋាគារអាផាតមិន ដែលមានកម្ពស់២៥ជាន់នេះ មានបន្ទប់ស្នាក់នៅចំនួន ១៦៦យូនីត ដោយត្រូវបានរចនាឡើងយ៉ាងប្រណិត និងទាក់ទាញ រួមទាំងបំពាក់ទៅដោយបរិក្ខារទំនើបៗ ដ៏សម្បូរបែបនៅតាមបន្ទប់នីមួយៗ។ ក្នុងនោះដែរ ប្រភេទបន្ទប់ទាំងអស់រួមមាន ស្ទូឌីយ៉ូឃ្វីន (Studio Queen) ចំនួន ៥៦យូនីត ស្ទូឌីយ៉ូធ្វីន (Studio Twin) ចំនួន ២៨យូនីត ឌីឡាក់ក្លាស៊ីក(Deluxe Classic) ចំនួន ១៤យូនីត ឌីឡាក់អ៊ិចសិឃ្យូធីវ (Deluxe Executive) ចំនួន ២១យូនីត ឌីឡាក់ព្រីមៀម (Deluxe Premium) ចំនួន ២១យូនីត ប៊ែតរ៊ូមអ៊ិចសិឃ្យូធីវ (Bedroom Executive) ដែលមានបន្ទប់គេង១ ចំនួន ២២យូនីត ឌូផ្លិចស្វីត (Duplex Suites) ចំនួន ៣យូនីត និងស្កាយវីឡា (Sky Villa) ចំនួនមួយយូនីត។ បន្ទប់ទាំងនេះមានទំហំចាប់ពី ៣៩ម៉ែត្រការ៉េដល់ ៧៤ម៉ែត្រការ៉េ ចំណែកឯ ប្រភេទបន្ទប់បែបលំនៅឋាន និងវីឡាមានទំហំចន្លោះពី ៧៤ម៉ែត្រការ៉េ ទៅ ៦២២ម៉ែត្រការ៉េ។
ភ្ញៀវដែលអញ្ជើញមកស្នាក់នៅ Lumiere Residence ទាំងអស់អាចប្រើប្រាស់ រាល់បរិក្ខារផ្សេងមាន ប្រព័ន្ធចំណតរថយន្តស្វ័យប្រវត្តិ អាងហែលទឹកលើអាកាស ក្លឹបហាត់ប្រាណលើអាកាសដែលមានឧបករណ៍ទំនើបៗ ភោជនីយដ្ឋាន សាលសន្និសីទ និងបន្ទប់ប្រជុំ រួមទាំងសេវាកម្មយ៉ាងច្រើនទៀតដូចជា សេវាកម្មស្វាគមន៍ភ្ញៀវ ២៤ម៉ោង សេវាបោកស្ងួត សេវាបោកអ៊ុត និងសេវារៀបចំការធ្វើដំណើរជាដើម។
លោកទេសរដ្ឋមន្ត្រី គន់ គីម បានលើកឡើងថា គម្រោង Lumiere Residence នឹងឆ្លើយតបទៅនិងកំណើននៃភ្ញៀវទេសចរមកទស្សនាប្រទេសកម្ពុជា។ លោក គន់ គីម ជឿជាក់យ៉ាងខ្លាំងថា ការពង្រីកបន្ថែមនូវបន្ទប់ទាំងនេះនឹងផ្តល់អត្ថប្រយោជន៍ជាច្រើនជូនដល់ភ្ញៀវ ក៏ដូចជាសេដ្ឋកិច្ចក្នុងតំបន់ ជាពិសេសគឺផ្តល់ការងារដល់ប្រជាជនក្នុងតំបន់ ជាមួយបដិសណ្ឋារកិច្ចលំដាប់អន្តរជាតិរបស់សណ្ឋាគារនិងរមណីយដ្ឋាន។
លោកបានបញ្ជាក់ដូច្នេះ «ការបើកសម្ភោធជាផ្លូវការ នឹងផ្តល់ជូននូវឱកាសដ៏ល្អឥតខ្ចោះជូនដល់ភ្ញៀវក្នុងការទទួលយកបដិសណ្ឋារកិច្ចលំដាប់ពិភពលោកថ្មីបំផុត។ វាជាមោទនភាព ដ៏អស្ចារ្យ មួយ ដែលអាចចែករំលែកនូវការចាប់ផ្តើមទំព័រថ្មី ដ៏គួរឱ្យរំភើបមួយក្នុងការវិវត្តន៍របស់សណ្ឋាគារ»៕