(ស្វាយរៀង)៖ ក្រុមម៉ូតូធំសប្បុរសធម៌ S.M.C ប្រចាំខេត្តស្វាយរៀង ដឹកនាំដោយលោក យូ រស្មី នៅព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៩នេះ បានចុះទៅចែកអំណោយជាគ្រឿងឧបភោគ បរិភោគ រួមនិងថវិកាមួយចំនួនជូនលោកយាយ សំ សាំ រស់នៅភូមិត្រពាំងពោន ឃុំធ្មាស្រុករំដួល ខេត្តស្វាយរៀង ដែលជួបគ្រោះធំ ដោយភ្លើងឆាបឆេះផ្ទះគ្មានសល់ កាលពីថ្ងៃទី១៣ ខែកក្កដា កន្លងទៅនេះ។
បើតាមលោក យូ រស្មី បានឲ្យដឹងថា ក្រុមម៉ូតូធំសប្បុរសធម៌ S.M.C របស់លោកមានសមាជិកជាង ១០នាក់ មានទីតាំងនៅជីភូ ក្រុងបាវិត ដែលការបង្កើតក្រុមម៉ូតូធំនេះឡើង ដោយលោក និងមិត្តភក្កិស្រឡាញ់ចូលចិត្ត ជិះម៉ូតូធំ និងដើម្បីចូលរួមការងារមនុស្សធម៌ជួយសង្គមផងដែរ។ រយៈកាលកន្លងមកនេះ ក្រុមរបស់លោក ធ្លាប់បានជួយកសាងផ្ទះដល់ពលរដ្ឋក្រីក្រ និងជួបការខ្វះខាតដោយមានទាំងគ្រឿងឧបភោគ បរិភោគ និងថវិកាមួយចំនួន ជូនដល់ពលរដ្ឋក្រីក្រផងដែរ។
លោក យូ រស្មី បានបញ្ជាក់ថា ថវិកា និងគ្រឿងឧបភោគ បរិភោគ ដែលបានប្រគល់ជូនពលរដ្ឋក្រីក្រកន្លងនេះ បានមកពីការចូលរួមពីក្រុមសមាជិកម៉ូតូធំ របស់លោក និងសប្បុរសជនក្នុងស្រុកផ្តល់ឱ្យ។ មួយវិញទៀត សុំការលើកចិត្តពីប្រជាពលរដ្ឋទូទៅ ចំពោះក្រុមម៉ូតូធំរបស់លោក ក្នុងនោះសូមកុំគិតថា ឱ្យតែអ្នកជិះម៉ូតូធំជាក្មេងទំនើង ក្មេងជើងកាងឲ្យសោះ ព្រោះមានមួយចំនួនតូចតែប៉ុណ្ណោះ ចំណែកក្រុមម៉ូតូធំពួកលោក គឺធ្វើឡើងដើម្បីមនុស្សធម៌សុទ្ធសាធ។
សូមបញ្ជាក់ថា លោកយាយ សំ សាំ អាយុ ៧៩ឆ្នាំ រស់នៅជាមួយចៅពីរនាក់តូចៗ ត្រូវបានភ្លើងលេបត្របាក់ផ្ទះខ្ទមកម្សត់គ្មានសល់ ខណៈគាត់មិននៅផ្ទះ កាលថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៩ នៅភូមិត្រពាំងពោន ឃុំធ្មា ស្រុករំដួល ខេត្តស្វាយរៀង។
លោកស្រី ពេជ្រ ស្រីមុំ ជំទប់ទី១ឃុំ បានប្រាប់ភ្នាក់ងារ Fresh News ប្រចាំខេត្តស្វាយរៀងថា ផ្ទះរបស់លោកយាយ សំ សាំ ដែលត្រូវភ្លើងឆេះមានទំហំ ៤គុណ៥ម៉ែត្រ ជញ្ជាំងស្លឹក ដំបូលប្រក់ស័ង្កសី (ខូចខាតទាំងស្រុង) សម្ភារខូចខាតរួមមាន៖ កន្ទេល មុង ភួយ ខ្នើយ អង្ករចំនួន០១ធុងប៉េត្រូ គ្រែធំមួយ ធុងប៉េត្រូចំនួន០៣ និងសម្ភារមួយចំនួនទៀត បានឆេះអស់ទាំងស្រុង។ សម្រាប់មូលហេតុវិញ បណ្តាលមកពីដុតធូប និងដុតចង្កៀងចោល។
លោកស្រី ពេជ្រ ស្រីមុំ ដែលត្រូវបានពលរដ្ឋក្នុងឃុំ គោរពស្រឡាញ់ស្ទើរគ្រប់គ្នា បានចុះទៅផ្ទាល់ដល់កន្លែងកើតហេតុ និងបានសម្តែងការសោកស្តាយជាពន់ពេក ដែលលោកយាយមានជីវភាពក្រីក្រីខ្លាំង រស់នៅជាមួយចៅពីរនាក់ទៀត។ លោកស្រី ក៏បានអំពាវនាវដល់សប្បុរសជនក្នុង និងក្រៅប្រទេស មេត្តាជួយដល់លោកយាយ គ្រាដែលគាត់ជួបទុក្ខធំបាត់បង់ផ្ទះ ដែលកំពុងរស់នៅ៕