(ស្វាយរៀង)៖ ម្ចាស់សិប្បកម្មឡឥដ្ឋ ក៏ដូចជាអ្នកប្រកបរបររកស៊ីលក់ឥដ្ឋខ្មែរ ក្នុងខេត្តស្វាយរៀង បាននាំគ្នាត្អូញត្អែរ និងបារម្ភមុខរបររបស់ខ្លួនជួបបញ្ហាឈានទៅដួលរលំ ព្រោះក្រុមឈ្មួញទុច្ចរិតលួចនាំឥដ្ឋពីវៀតណាម មកលក់ក្នុងខេត្ត ដោយគ្មានការបង់ពន្ធជាហេតុធ្វើឱ្យឥដ្ឋខ្មែរពិបាកប្រកួតប្រជែង។
ម្ចាស់សិប្បកម្ម និងអាជីវករ បានត្អូញត្អែរប្រាប់ Fresh News ថា សព្វថ្ងៃរថយន្តដឹកឥដ្ឋ ដែលប្រើប្រាស់ស្លាកលេខវៀតណាម និងស្លាកលេខខ្មែររាប់សិបគ្រឿង បានដឹកឥដ្ឋមកចែកចាយនៅក្រុងបាវិត និងតាមភូមិសាស្ត្រស្រុក ក្រុងមួយចំនួន នៃខេត្តស្វាយរៀង។ ម្ចាស់សិប្បកម្ម និងអាជីវករ បានអះអាងថា ការដឹកឥដ្ឋវៀតណាមមកចែកចាយនេះ ពុំបានបង់ពន្ធចូលរដ្ឋនោះទេ ដោយមានការត្រូវគ្នាជាមួយសមត្ថកិច្ចតាមព្រំដែន អនុញ្ញាតឲ្យនាំចូល។
អ្នកផលិតឥដ្ឋខ្មែរ បានគូសបញ្ជាក់ថា ឡឥដ្ឋរបស់បួកគេមានច្បាប់អនុញ្ញាតពីក្រសួងពាក់ព័ន្ធ និងអាជ្ញាធរត្រឹមត្រូវ ព្រមទាំងបង់ពន្ធជូនរដ្ឋយ៉ាងទៀងទាត់ផងដែរ។ ចំណែកឥដ្ឋវៀតណាមវិញ ពុំមានបង់ពន្ធចូលរដ្ឋនោះទេ ដោយឈ្មួញបានរត់ការបង់តែក្បាលរថយន្ត ឲ្យសមត្ថកិច្ចឈរជើងច្រករបៀងតែប៉ុណ្ណោះ។
ក្រុមអាជីវករ បានលើកឡើងថា តម្លៃឥដ្ឋក្នុងមួយដុំក្រុមឈ្មួញនាំចូលពីវៀតណាម លក់ថោកជាងឥដ្ឋខ្មែរប្រមាណ ២០ភាគរយ ដោយសារមិនបង់ពន្ធចូលរដ្ឋ ទើបធ្វើឲ្យឥដ្ឋវៀតណាមលក់ថោកជាង។ ម្យ៉ាងវិញទៀត តម្លៃពលកម្មខាងខ្មែរថ្លៃ តម្លៃទឹក ភ្លើងនៅក៏ថ្លៃជាងវៀតណាម ដូច្នេះធ្វើឱ្យឥដ្ឋខ្មែរថ្លៃជាងមិនអាចប្រកួតប្រជែងទីផ្សារជាមួយវៀតណាមបាននោះឡើយ។
ក្រុមអាជីវករដែលសុំមិនបង្ហាញអត្តសញ្ញាណ បានប្រាប់ឲ្យដឹងថា «រថយន្តដឹកឥដ្ឋវៀតណាម ចូលមកទឹកដីខេត្តស្វាយរៀង តាមច្រកព្រំដែនប្រាសាទ ស្ថិតក្នុងសង្កាត់ប្រាសាទ ក្រុងបាវិត និងច្រករបៀងមួយចំនួនទៀត នៅក្នុងស្រុកស្វាយទាប និងស្រុករំដួលដែលនាំចូលមកនៅវេលាយប់ចាប់ពីម៉ោង១រំលងអាធាត្រ រហូតដល់ម៉ោង ៥ទៀបភ្លឺ ដឹកបំផ្លាញផ្លូវមិនត្រូវបានសមត្ថកិច្ច និងអាជ្ញាធរធ្វើការទប់ស្កាត់នោះទេ»។
ឆ្លើយតបការលើកឡើងថា ការនាំឥដ្ឋពីវៀតណាម ដើម្បីបំពេញតម្រូវការឥដ្ឋព្រោះកំណើនសំណង់នៅក្នុងខេត្តស្វាយរៀងនោះ ក្រុមអាជីវករ បានអះអាងថា សិប្បកម្មឡឥដ្ឋនៅខេត្តស្វាយរៀង និងនៅអ្នកលឿង ខេត្តព្រៃវែង សព្វថ្ងៃអាចផ្គត់ផ្គង់ការសាងសង់សំណង់ទាំងពីរខេត្តនេះបាន ទោះបីកំណើននៃការសាងសង់អគារខ្ពស់ៗច្រើន នៅក្នុងក្រុងបាវិតយ៉ាងណាក៏ដោយ។
ក្រុមអាជីវករឡឥដ្ឋ បានអំពាវនាវ និងសំណូមដល់សមត្ថកិច្ចដែលពាក់ព័ន្ធ ជាពិសេសអភិបាលខេត្តស្វាយរៀង លោក ម៉ែន វិបុល មេត្តាចាត់វិធានការទប់ស្កាត់ការនាំចូលឥដ្ឋគេចពន្ធពីវៀតណាម។ ពួកគេបានលើកឡើងថា បើអនុញ្ញាតឲ្យនាំចូលត្រូវចាប់ឲ្យបង់ពន្ធជូនរដ្ឋត្រឹមត្រូវ ដើម្បីអាជីវករបានប្រកួតប្រជែងលក់ឥដ្ឋនៅលើទីផ្សារឱ្យបានស្មើភាពគ្នា និងមានតម្លៃសមរម្យ ជាពិសេសបានប្រាក់ចូលរដ្ឋ បង្កើនសេដ្ឋកិច្ចជាតិ។
បើតាមក្រុមអាជីវករ បានបង្ហើបឲ្យដឹងថា ចំពោះបញ្ហាឥដ្ឋវៀតណាម ដែលកំពុងវាយលុកនៅខេត្តស្វាយរៀង ដណ្តើមទីផ្សារឥដ្ឋខ្មែរ ពួកគាត់ធ្លាប់បានស្នើសុំការធ្វើអន្តរាគមន៍ពីអាជ្ញាធរខេត្តស្វាយរៀងជាច្រើនដងហើយ តែគ្មានប្រសិទ្ធភាពនៅតែឃើញវត្តមានរថយន្តដឹកឥដ្ឋយ៉ាងគគ្រឹកគគ្រេងបន្តនាំចូលមកលក់ក្នុងខេត្តដដែល។
ពាក់ព័ន្ធទៅនិងការនាំចូលឥដ្ឋគេចពន្ធពីវៀតណាម តាមច្រករបៀងនៃខេត្តស្វាយរៀងនេះ អង្គភាពព័ត៌មាន Fresh News មិនទាន់អាចរកការបំភ្លឺ ពីសមត្ថកិច្ចនៅតាមច្រកព្រំដែន ដែលនាំឥដ្ឋចូលនោះបានទេ នៅរសៀលថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៩នេះ៕