(ព្រះសីហនុ)៖ «ក្រុមការងារថ្នាក់កណ្ដាលចុះមូលដ្ឋានក្រុងព្រះសីហនុទាំងអស់ នឹងរួមសុខរួមទុក្ខជាមួយពលរដ្ឋក្រុងព្រះសីហនុ និងខិតខំជួយជំរុញឲ្យក្រុងនេះ កាន់តែមានការរីកចម្រើន»។ នេះជាថ្លែងរបស់លោក តឹករ៉េត សំរេច រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី រដ្ឋលេខាធិការ ទីស្តីការគណៈរដ្ឋមន្រ្តី និងជាប្រធានក្រុមការងារថ្នាក់កណ្ដាលចុះជួយក្រុងព្រះសីហនុ គ្រាដែលលោកបានអញ្ជើញប្រគេនទៀនវស្សាទេយ្យវត្ថុផ្សេងៗ និងបច្ច័យមួយចំនួន ដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សានៅវត្តចំនួន៣ វត្តជោតញ្ញាណ ហៅវត្តលើ, វត្តឥន្ទញាណហៅវត្តក្រោម, អូត្រេះ នៅក្នុងក្រុងព្រះសីហនុ នៅព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៩នេះ។
លោក តឹករ៉េត សំរេច បានបញ្ជាក់ថា ព្រះពុទ្ធសាសនា គឺជាសាសនារបស់រដ្ឋ ហើយបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការអប់រំប្រៀនប្រដៅតម្រង់ផ្លូវប្រជាពលរដ្ឋ ដែលជាពុទ្ធបរិស័ទតាមពុទ្ធឱវាទឲ្យប្រព្រឹត្តតែអំពើល្អ និងរស់នៅជាមួយគ្នា ប្រកបដោយសុខសន្តិភាព សុខដុមនីយកម្មជាមួយគ្នា។
ជាមួយគ្នានេះ លោកបានគួសបញ្ជាក់បន្ថែមថា «ខ្ញុំពិតជាសប្បាយរីករាយពេញចិត្ត ក្នុងការជួយអ្នកក្រុងព្រះសីហនុ កាន់តែមានការអភិវឌ្ឍ មានភាពល្អប្រសើរឡើង»។
លោកក៏បានសង្កត់ធ្ងន់ថា ក្រុមការងារនឹងរួមសុខ រួមទុក្ខ ជាមួយប្រជាពលរដ្ឋនៅក្នុងក្រុងព្រះសីហនុ ក៏ដូចជាពលរដ្ឋនៅខេត្តព្រះសីហនុទាំងអស់គ្នាដែរ ដើម្បីធ្វើយ៉ាងណាជួយជំរុញឲ្យស្ថានភាពក្រុងព្រះសីហនុ កាន់តែមានភាពល្អប្រសើរឡើងរួមទាំងការខិតខំធ្វើឲ្យប្រជាពលរដ្ឋ បានទទួលភាគផល ពីការអភិវឌ្ឍនានានៅក្រុងព្រះសីហនុ និងអាចរស់នៅដោយសុខសន្តិភាព សុវត្ថិភាព និងការអភិវឌ្ឍ ក្រោមដំបូលសន្តិភាព នៃគោលនយោបាយដឹកនាំ របស់គណបក្សប្រជាជនកម្ពុជា ដែលមានសម្ដេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំដ៏វាងវៃ៕