(សៀមរាប)៖ លោក វេង សាខុន រដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងសហការី នៅព្រឹកថ្ងៃអាទិត្យ ៤រោច ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៩នេះ បានចុះមកពិនិត្យ មើលស្ថានភាពគ្រោះរាំងស្ងួត នៅភូមិវាល ឃុំដារុន ស្រុកសូត្រនិគម ខេត្តសៀមរាប។
តាមរបាយការណ៍ របស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឲ្យដឹងថា គិតមកត្រឹមថ្ងៃទី១៩ ខែកក្កដា ការងារដកស្ទូងទូទាំងខេត្ត សម្រេចបានជាង១៤១ពាន់ហិកតា ស្នើនឹង៧៥.៧៧% នៃផែនការជាង ១៨៦ពាន់ហិកតា។ ដោយសារអាកាសធាតុក្តៅហួតហែង បានអូសបន្លាយពេលយូ ធ្វើឲ្យប៉ះពាល់ដំណាំស្រូវ ក្នុងស្រុកក្រឡាញ់ ស្រុកស្រីស្នំ ស្រុកពួក និងស្រុកសូត្រនិគម សរុបជិត៥ពាន់ហត។
ដោយឡែក ស្រុកសូត្រនិគម មានផ្ទៃដីជាង១៧០ហិកតា កំពុងប្រឈមបញ្ហាខ្វះទឹក ប៉ុន្តែប៉ុន្មានថ្ងៃ មុនតំបន់នេះ មានភ្លៀងធ្លាក់តិចតូច បណ្តាលឲ្យសន្ទូងអាចរស់ឡើងវិញបានខ្លះ ហើយសង្ឃឹមថា នៅប៉ុន្មានថ្ងៃខាងមុខ នឹងមានភ្លៀងធ្លាក់ជាបន្តបន្ទាប់។
ក្នុងឱកាសនោះ លោករដ្ឋមន្ត្រី វេង សាខុន ក៏បានណែនាំឲ្យអគ្គនាយកដ្ឋានកសិកម្ម និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ត្រៀមពូជទុកបម្រុង សម្រាប់ចែកជូនកសិករ ជាពិសេសនៅតំបន់ ដែលទទួលរងផលប៉ះពាល់ធ្ងន់ធ្ងរ។
លោករដ្ឋមន្ត្រី បានបញ្ជាក់ទៀតថា មន្ទីរត្រូវចុះមកតាមដាន នៅគ្រប់តំបន់រងផលប៉ះពាល់ ដើម្បីរិះរកមធ្យោបាយដោះស្រាយបញ្ហាជូនកសិករ ឲ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាពដូចជាជួយ ឧបត្ថម្ភជាប្រេងសម្រាប់បូមទឹក ក្នុងករណីមានប្រភពទឹក និងគ្រាប់ពូជ ក្នុងករណីត្រូវការស្តារឡើងវិញ។
នាព្រឹកថ្ងៃដដែលនេះ លោករដ្ឋមន្ដ្រី និងសហការី ក៏បានឈានចូលមកពិនិត្យគ្រោះរាំងស្ងួត នៅភូមិពោ ភូមិត្រាំខ្លា ភូមិតារៀម និងភូមិឫស្សីចៀស ឃុំត្បែង ស្រុកកំពង់ស្វាយ ដែលមានទីតាំង នៅជាប់ប្រឡាយសម្តេចតេជោ ហ៊ុន សែន ដែលតភ្ជាប់អាងទឹក ៣០ កញ្ញា។ ជារួមតាមលក្ខណបច្ចេកទេសសន្ទួងមានអាយុ ៥០ថ្ងៃ ស្ថិតក្នុងវ័យធ្វើខ្លួន មូលដើម និងរកកលចេញផ្កា បើទោះជាមានទឹក ក៏មិនអាចផ្តល់ផលបានល្អដែរ។
ជាមួយគ្នានោះ លោករដ្ឋមន្រ្តី វេង សាខុន បានណែនាំឲ្យអគ្គនាយកដ្ឋានកសិកម្ម នាយកដ្ឋានវិស្វ័កកម្មកសិកម្ម សហការជាមួយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ចុះមកជួយអន្តរាគមន៍ភ្ជួរស្រូវពង្រោះចោល រួចត្រៀមពូជចែកជូនកសិករ ឲ្យបានគ្រប់គ្រាន់ រង់ចាំទឹកភ្លៀងធ្លាក់ចាប់ផ្តើមព្រួសជាថ្មី។
លោករដ្ឋមន្ដ្រី បានបន្ថែមទៀតថា ជាពិសេស ត្រូវត្រៀមប្រេងបូមទឹក ដោយសារតំបន់នេះមានប្រឡាយ តែបច្ចុប្បន្ននេះខ្វះទឹក សហគមន៍កសិកម្ម បានសហការគ្នាទិញប្រេងកាយស្តារប្រឡាយ នាំទឹកពីប្រភពទឹក មកចូល ក្នុងពោះប្រឡាយ ដើម្បីបូមដាក់ស្រែ។ នាឱកាសនេះ ដើម្បីចូលរួមចែករំលែកលើការចំណាយ លោករដ្ឋមន្ត្រី បានជួយឧបត្ថម្ភប្រេង១ពាន់លីត្រ និងថវិកា៤លានរៀលបន្ថែមទៀត សម្រាប់ដោះស្រាយបំណុល៕