(សៀមរាប)៖ «បងប្អូនត្រូវចងចាំថា គ្មានរបស់ណាមួយធ្លាក់ពីលើមេឃដោយឯកឯងឡើយ អ្វីៗទាំងអស់សុទ្ធតែកើតចេញពីការប្រឹងប្រែងរបស់ខ្លួនយើង! ដូច្នេះត្រូវខំប្រឹងជួយខ្លួនឯងជាមុនសិន ទើបទេវតាជួយយើងតាមក្រោយ»។ នេះជាការលើកទឹកចិត្តរបស់រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក ប៉ាន សូរស័ក្តិ ដល់ប្រជាកសិករចិញ្ចឹមមាន់ស្រែ នៅក្នុងឃុំដានរុន ស្រុកសូត្រនិគម នៃខេត្តសៀមរាប។
នាឱកាសដឹកនាំមន្ត្រីចុះពិនិត្យមើលការចិញ្ចឹមមាន់ស្រែសាកល្បង ដែលជាផ្នែកមួយនៃគម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច (AIMS) កាលពីថ្ងៃសៅរ៍ ទី២០ ខែកក្កដា ឆ្នាំ២០១៩ ដើម្បីតាមដានវឌ្ឍនភាពការងារ លោក ប៉ាន សូរស័ក្តិ បានលើកទឹកចិត្តប្រជាកសិករចិញ្ចឹមមាន់ស្រែ ចូលរួមជាមួយគម្រោង AIMS ដើម្បីទទួលបានការគាំទ្រផ្នែកបច្ចេកទេស និងឥណទាន (ប្រាក់កម្ចីដែលមានការប្រាក់ទាប) សម្រាប់ពង្រីកមុខរបរកសិកម្ម ជាពិសេសមាន់ស្រែ ដែលកំពុងមានតម្រូវការខ្ពស់នៅលើទីផ្សារ។
លោករដ្ឋមន្ត្រី បានជម្រាបជូនប្រជាកសិករទាំងអស់ អំពីកិច្ចប្រឹងប្រែងរបស់ក្រសួងពាណិជ្ជកម្ម ក្នុងការសម្របសម្រួល និងស្វែងរកទីផ្សារថ្មីៗជូនប្រជាសហគមន៍ និងវិស័យឯកជន តាមរយៈការចងក្រងសមាគម ការដឹកនាំអភិវឌ្ឍន៍ខ្សែច្រវ៉ាក់តម្លៃផលិតផលក្នុងស្រុក និងការភ្ជាប់ផលិតកម្មជាមួយទីផ្សារដែលមានស្រាប់ ដើម្បីកាត់បន្ថយការនាំចូលទំនិញបរទេស សំដៅលើកកម្ពស់ជីវភាពប្រជាកសិករ ក៏ដូចជាធានាការអភិវឌ្ឍវិស័យកសិ-ពាណិជ្ជកម្ម ប្រកបដោយនិរន្តរភាព។
«ក្រសួងពាណិជ្ជកម្ម មានតួនាទីសម្របសម្រួលរវាងបងប្អូន ជាមួយវិស័យឯកជន! ការចិញ្ចឹមមាន់ស្រែនេះ ត្រូវការពេលវេលា និងថវិកាច្រើនគួរសម ដូច្នះត្រូវខិតខំប្រែងប្រែងឱ្យអស់ពីលទ្ធភាព ដើម្បីកុំឱ្យរកស៊ីខាត! នៅថ្ងៃខាងមុខ យើងខ្ញុំ (ក្រសួងពាណិជ្ជកម្ម) ចង់ឃើញបងប្អូនទាំងអស់ ប្រែក្លាយពីកសិករឆ្នើម ទៅជាពាណិជ្ជករជោគជ័យ ដោយមិនគ្រាន់តែអាចផ្គត់ផ្គង់មាន់ទៅកាន់ទីផ្សារក្នុងស្រុកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាចនាំចេញទៅបរទេសថែមទៀត! ហើយនោះ ជាគោលបំណងធំនៃគម្រោងអែម (AIMS) របស់យើង»។ លោក ប៉ាន សូរស័ក្តិ បានបន្ថែម។
សូមជម្រាបថា បច្ចុប្បន្នគម្រោងចិញ្ចឹមមាន់ស្រែសាកល្បង ទទួលបានការចូលរួមពីប្រជាពលរដ្ឋចំនួន ២៥០គ្រួសារ នៅក្នុងឃុំដានរុន និងឃុំគៀនសង្កែ នៃស្រុកសូត្រនិគម និងឃុំដូនកែវ នៃស្រុកពួក។ សម្រាប់ឃុំដារុន ដែលឯកឧត្តមរដ្ឋមន្ត្រី បានចុះមកពិនិត្យថ្ងៃនេះ មានប្រជាពលរដ្ឋចំនួន ៦៥គ្រួសារ បានចូលរួមនៅក្នុងគម្រោងនេះ ហើយបានកំពុងចិញ្ចឹមកូនមាន់ស្រែ (ភ្ញាស់ដោយទូរខ្លួនឯង) ចំនួនជាង ០២ម៉ឺនក្បាល ដើម្បីផ្គត់ផ្គង់ទីផ្សារ និងចែកចាយទៅដល់កសិដ្ឋានផ្សេងទៀត នៅក្នុងខេត្តសៀមរាបទាំងមូល៕