(ភ្នំពេញ)៖ សវនាការលើសំណុំរឿងពិរុទ្ធជន ឡាយ វណ្ណ: អតីតអភិបាលខេត្តតាកែវ, ឡាយ ណារិទ្ធ អតីតស្នងការរងខេត្តតាកែវ និងគូកន ពាក់ព័ន្ធសង្ស័យឃាតតកម្មលើរូបនាង ចេវ សុវឌ្ឍនា នឹងត្រូវលើកយកមកបន្តជំនុំជម្រះនៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៩ស្អែកនេះ។
ការជំនុំជម្រះលើកនេះ គឺឈានដល់ដំណាក់ការសន្និដ្ឋានហើយ បន្ទាប់ពីតុលាការចំណាយពេលជាច្រើនក្នុងការ សួរដេញដោលលើក្រុមជនសង្ស័យ សាក្សី និងដើមបណ្តឹងរួចមក។ មន្ត្រីសាលាដំបូងរាជធានីភ្នំពេញ បានប្រាប់ភ្នាក់ងារ Fresh News ឲ្យដឹងនៅព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៩នេះថា សវនាការស្អែក ដឹកនាំដោយលោក ហម ម៉េងសែ អនុប្រធានសាលាដំបូង និងជាប្រធានក្រុមប្រឹក្សារជំនុំជម្រះ។
សូមរំលឹកថា កាលពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៨កន្លងទៅ ក្រុមឆ្មាំពន្ធនាគារបាននាំខ្លួនពិរុទ្ធជន ឡាយ វណ្ណ: អតីតអភិបាលខេត្តតាកែវ, ឡាយ ណារិទ្ធ អតីតស្នងការរងខេត្តតាកែវ និងគូកន មកធ្វើការជំនុំជម្រះ សួរដេញដោលដោយផ្ទាល់បន្តទៀត។ បើតាមខ្លឹមសារបន្ត នៃការជំនុំជម្រះនេះ គឺតុលាការត្រូវបន្តសួរដេញដោល ជាមួយក្រុមមន្ត្រីសមត្ថកិច្ចជំនាញខាងកោសល្យវិច្ច័យ របស់នគបាលនៃនាយកដ្ឋានព្រហ្មទណ្ឌ របស់ក្រសួងមហាផ្ទៃ ហើយនៅក្នុងសវនាការនេះផងដែរ ដឹកនាំដោយដោយ លោក ហម ម៉េងសែ។
ក្នុងការជំនុំជម្រះលើសំណុំរឿងជនរងគ្រោះ ឈ្មោះ ចេវ សុវឌ្ឍនា ដែលជានារីកំណាន់លោក ឡាយ វណ្ណៈ អតីតអភិបាលខេត្តតាកែវ កាលពីព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩ គឺតុលាការបានសាកសួរសាក្សីជំនាញកោសល្យវិច័យ ចំនួន៣នាក់ ដែលជាក្រុមមន្ត្រីនៅខេត្តតាកែវ។
តាមរយៈសវនាការ សួរដេញដោលទៅលើមន្ត្រីជំនាញកោសល្យវិច័យទាំង៣នាក់ រួមមាន៖ លោក មាស ទេន នាយរងការិយាល័យបច្ចេកទេស នៃស្នងការនគរបាលខេត្តតាកែវ, លោក អូន នឿន ប្រធានផ្នែកបច្ចេកទេស នៃស្នងការនគរបាលខេត្តតាកែវ និងលោកវិជ្ជបណ្ឌិត ឈូវ ឈួន ប្រធានមន្ទីរពេទ្យបង្អែកខេត្តតាកែវ ដើម្បីបញ្ជាក់ការពិតអំពីរបាយការណ៍ និងកំណត់ហេតុពិនិត្យសាកសពជនរងគ្រោះនៅពេលកើតហេតុ។
សាក្សីទាំង៣នាក់ខាងលើ សុទ្ធតែបានអះអាងការពាររបាយការណ៍ របស់ពួកគេថា បន្ទាប់ពីពួកគេពិនិត្យទីតាំងកើតហេតុ, ពិនិត្យសភាពសាកសព របស់ជនរងគ្រោះ, ពិនិត្យភស្តុតាង (សំបុត្របណ្តាំ) ដែលជនរងគ្រោះបន្សល់ទុក និងស្តាប់ចម្លើយរបស់អ្នកបម្រើជនរងគ្រោះឈ្មោះ ចាន់ រី មន្ត្រីជំនាញ ដោយមានទាំង លោក ជីវ ចាន់តារា ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តតាកែវ ចូលរួមដឹងលឺ ចំពោះលទ្ធផលកោសល្យវិច័្ចយបានបញ្ជាក់ថា ជនរងគ្រោះបានចងកសម្លាប់ខ្លួន។
ជនរងគ្រោះឈ្មោះ ចែវ សុវឌ្ឍនា ត្រូវគេប្រទះឃើញចងកស្លាប់ ក្នុងបន្ទប់គេងរបស់នាង នៅក្នុងផ្ទះជួលដ៏ធំមួយដែលលោក ឡាយ វណ្ណៈ ជាអ្នកជួលឲ្យនៅ ក្នុងភូមិផ្សារតាកោរ សង្កាត់រការក្នុង ក្រុងដូនកែវ ខេត្តតាកែវ កាលពីល្ងាចថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៨កន្លងទៅ។
ភ្លាមៗករណីឃាតកម្មនេះ ត្រូវសមត្ថកិច្ចសន្និដ្ឋានថា ជារឿងអត្តឃាត ព្រោះតែវិបត្តិស្នេហា ប៉ុន្ដែក្រោយពីបើកការស្រាវជ្រាវសមត្ថកិច្ចជំនាញ របស់នាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ បានរកឃើញថា ករណីខាងលើ មិនមែនជារឿងអត្តឃាតឡើយ ពោលជារឿងឃាតកម្មដោយមានអ្នកបញ្ជា និងរៀបចំទុកសម្លាប់ជនរងគ្រោះ។ ក្រោយពីបើកការស៊ើបអង្កេតសមត្ដកិច្ចជំនាញ បានឃាត់ខ្លួនក្រុមជនជាប់ចោទទាំង៤នាក់ ខាងលើបញ្ជូនទៅតុលាការចាត់ការតាមច្បាប់៕