(ព្រះសីហនុ)៖ មន្ដ្រីនគរបាលអន្ដោប្រវេសន៍ច្រកទ្វារកំពង់ផែអន្ដរជាតិខេត្ដព្រះសីហនុ ត្រូវបានគេប្រទះឃើញដេកស្លាប់នៅមុខរថយន្ដ មានកាន់កាំភ្លើងក្នុងដៃ នាព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៩នេះ។
ស្នងការនគរបាលខេត្តព្រះសីហនុ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានប្រាប់អង្គភាពព័ត៌មាន Fresh News ឲ្យដឹងថា មន្ដ្រីនគរបាលដែលដេកស្លាប់ មានកាន់កាំភ្លើងក្នុងដៃនេះ ត្រូវបានគេប្រទះឃើញនៅចំណុចភូមិ៤ ឃុំអូរត្រេះ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។
យ៉ាងណាក៏ដោយ លោកឧត្តមសេនីយ៍ស្នងការ បានបញ្ជាក់ថា រហូតមកដល់ពេលនេះមិនទាន់ដឹងថាជនរងគ្រោះធ្វើអត្តឃាតដោយខ្លួនឯង ឬត្រូវគេសម្លាប់នោះទេ ពោលកម្លាំងសមត្ថកិច្ចជំនាញរបស់លោកកំពុងធ្វើការស្រាវជ្រាវយ៉ាងយកចិត្ដទុកដាក់នៅកន្លែងកើតហេតុ៕