(ភ្នំពេញ)៖ វិស័យពាណិជ្ជកម្ម គឺជាវិស័យមួយដែលមិនអាចខ្វះបានក្នុងការអភិវឌ្ឍប្រទេស ពិសេសចំពោះប្រទេសដែលប្រកាន់ខ្ជាប់យកនូវប្រព័ន្ធសេដ្ឋកិច្ចទីផ្សារសេរី ។ ក្រោយពីកម្ពុជាបានផ្លាស់ប្ដូរប្រព័ន្ធសេដ្ឋកិច្ចផែនការ ទៅជាប្រព័ន្ធសេដ្ឋកិច្ចទីផ្សារសេរីយើងសង្កេតឃើញថា សកម្មភាពពាណិជ្ជកម្មមានការរើកដុះដាលយ៉ាងខ្លាំងនៅក្នុងទីផ្សារកម្ពុជា ។
ស្របពេលជាមួយគ្នានេះដែរ ក៏មានបញ្ហាជាច្រើនបានកើតមានទៅលើវិស័យនេះផងដែរ ដូចជាការក្លែងបន្លំនូវម៉ាក ពាណិជ្ជនាម ឬការធ្វើការប្រកួតប្រជែងយកទីផ្សារដែលមានលក្ខណៈមិនស្មោះត្រង់ជាដើម ។
ដូច្នេះដើម្បីការពារម៉ាក់ ឬពាណិជ្ចនាម (ឈ្មោះក្រុមហ៊ុន ឬសហគ្រាស) ឬសេវាផ្សេងៗ អ្នកត្រូវយល់ដឹងពីគុណសម្បត្តិក្នុងការចុះបញ្ជី និងគុណវិបត្តិដែលមិនបានចុះបញ្ជី ពាណិជ្ជនាម ឬម៉ាក់ដូចដែលមានចែងនៅក្នុងច្បាប់ស្ដីពីម៉ាក ពាណិជ្ចនាម និងអំពើនៃការប្រកួតប្រជែងមិនស្មោះត្រង់។
ដោយកាលពីសប្ដាហ៍មុន កម្មវិធីយល់ដឹងផ្នែកច្បាប់ ដែលមានកិច្ចសហការរវាងអង្គភាពសារព័ត៌មាន Fresh News ជាមួយក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិបានលើកយកប្រធានបទស្ដីអំពី «ម៉ាក» ធ្វើការចែកជូនបងប្អូនប្រជាពលរដ្ឋក៏ដូចជាសិស្សនិសិ្សតរួចមកហើយ ដូច្នេះសម្រាប់សប្តាហ៍នេះយើងខ្ញុំសូមលើកយកប្រធានបទដែលទាក់ទងនឹងកម្មសិទ្ធិបញ្ញាស្ដីពី «ពាណិជ្ជនាម» មកធ្វើការបង្ហាញជូនដល់បងប្អូនប្រជាពលរដ្ឋវិញម្ដង៖
ដូចម្តេចដែលហៅថា ពាណិជ្ជនាម? តើពាណិជ្ជនាមណាខ្លះដែលមានសិទ្ធិចុះបញ្ជី និងត្រូវបានការការពារដោយច្បាប់ ?
យោងតាមមាត្រា ២ កថាខណ្ឌ “គ” នៃច្បាប់ស្តីពីម៉ាក ពាណិជ្ជនាម និងអំពើនៃការប្រកួតប្រជែងមិនស្មោះត្រង់ បានបញ្ញត្តិថា «ពាណិជ្ជនាម» គឺជាឈ្មោះ ឬសញ្ញាសំគាល់ ឬជាឈ្មោះ និងសញ្ញាសំគាល់សំរាប់បញ្ជាក់ និងសំគាល់ លក្ខណៈខុសៗគ្នានៃសហគ្រាសនីមួយៗ ។
បើពិនិត្យទៅលើនិយមន័យនៃពាក្យ «ពាណិជ្ជនាម» ហាក់បីដូចជាច្រឡំទៅនឹងនិយមន័យនៃ «ម៉ាក» ។ ដូច្នេះដើម្បីកុំឱ្យការភាន់ច្រឡំសូមមើលឧទាហរណ៍ដូចតទៅ៖
ឧទាហរណ៍១៖ លោក “ក” មានក្រុមហ៊ុនភេសជ្ជៈមួយឈ្មោះ “C” ដូច្នេះឈ្មោះក្រុមហ៊ុនរបស់លោក “ក” យើងហៅថាជា “ពាណិជ្ជនាម” ដោយឡែក ឡូហ្គូ(Logo) របស់ភេសជ្ជៈ “C” យើងហៅថា “ម៉ាក” ។
ឧទាហរណ៍២៖ ឈ្មោះក្រុមហ៊ុន របស់ក្រុមហ៊ុន ហាម៉ុន ហ្គ្រេន អ៊ីនធឺណេសិនណល ខូលអិល ធីឌី គឺជាពាណិជ្ជនាមរបស់ក្រុមហ៊ុន ដោយឡែក ឡូហ្គូ(Logo) របស់ក្រុមហ៊ុន យើងហៅថា “ម៉ាក” ។
ជាមួយគ្នាផងដែរ “ពាណិជ្ជនាម” មួយចំនួនត្រូវបានហាមឃាត់ក្រោមច្បាប់ជាតិ មិនឱ្យធ្វើការចុះបញ្ជី ដើម្បីទទួលបានកិច្ចការពារនោះទេ ។ យោងតាមស្មារតីនៃមាត្រា ២០ នៃច្បាប់ស្តីពីម៉ាក ពាណិជ្ជនាម និងអំពើនៃការប្រកួតប្រជែងមិនស្មោះត្រង់ បានកំណត់ពីពាណិជ្ជនាមដែលហាម មិនឱ្យចុះបញ្ជីដូចខាងក្រោម ៖
• ឈ្មោះ ឬនាម ឬសញ្ញាសម្គាល់មិនត្រូវបានប្រើប្រាស់ជាពាណិជ្ជនាមឡើយ ប្រសិនបើសារជាតិ ឬការប្រើប្រាស់នាម ឬសញ្ញាសម្គាល់ដែលបានកំណត់នោះ ធ្វើឱ្យប៉ះពាល់ដល់សណ្ដាប់ធ្នាប់សាធារណៈ ឬសិលធម៌ ។
• ជាពិសេសការកំណត់ឈ្មោះ ឬនាមនោះ មិនអាចបំពេញនូវលក្ខណៈលេចធ្លោដាច់ដោយឡែកពីប្រភេទក្រុមហ៊ុន សហគ្រាសនីមួយៗ ដែលធ្វើឱ្យមជ្ឈដ្ឋានពាណិជ្ជកម្ម ឬសាធារណជនភាន់ច្រឡំ ។
ឧទាហរណ៍៖ ឈ្មោះ “អលង្ការប៉ៃលិន” មិនមែនជាឈ្មោះសមស្របសម្រាប់ក្រុមហ៊ុមមួយឡើយ ប្រសិនបើក្រុមហ៊ុននោះ មិនមានលក់គ្រឿងអលង្ការត្បូងពីតំបន់ប៉ៃលិន។ ពោលប្រសិនបើយើងដាក់ឈ្មោះដូច្នេះ អាចនឹងធ្វើឱ្យសាធារណជនយល់ច្រឡំដោយគិតថាគ្រឿងអលង្ការទាំងនោះ នាំយកមកពីខេត្តប៉ៃលិន ។
ក្រៅអំពីការហាមឃាត់ពាណិជ្ជនាម(ឈ្មោះ) មួយចំនួនដែលមិនអាចចុះបញ្ជីបាន ដោយឡែកយោងទៅតាមមាត្រា២១ នៃច្បាប់ដដែលក៏បានបញ្ញត្តិការពារដល់បុគ្គលដែល ត្រូវបានគេរំលោភបំពានដូចខាងក្រោម៖
• ទោះជាច្បាប់ ឬបទបញ្ជាទាំងឡាយចែងអំពីកាតព្វកិច្ចក្នុងការចុះបញ្ជីពាណិជ្ជនាមក៏ដោយ ក៏នាមទាំងនោះត្រូវបានការពារប្រឆាំងនឹងទង្វើមិនស្របច្បាប់របស់ភាគីទីបី ទោះមុនការចុះបញ្ជី ឬគ្មានការចុះបញ្ជីក៏ដោយ ។
• ការប្រើប្រាស់ពាណិជ្ជនាមជាបន្តបន្ទាប់ដោយភាគីទីបី ទោះបីជាពាណិជ្ជនាម ឬម៉ាក ឬជាម៉ាកសមូហភាព ឬការប្រើប្រាស់ណាមួយដែលអាចធ្វើឱ្យ សាធារណជនភាន់ច្រឡំ ត្រូវចាត់ទុកថាមិនស្របច្បាប់ ។
សរុបមក ដើម្បីការពារនូវពាណិជ្ជនាមក្រុមហ៊ុន ឬសហគ្រាស ដែលជាស្នាដៃរបស់ខ្លួនបាន ម្ចាស់ក្រុមហ៊ុន ឬម្ចាស់សហគ្រាស ចាំបាច់ត្រូវយកពាណិជ្ជនាមដែលខ្លួនបានបង្កើតឡើង ទៅចុះបញ្ជីពាណិជ្ជនាមនៅក្រសួងពាណិជ្ជកម្ម ជៀសវាងនូវការរំលោភបំពាន ពីសំណាក់ដៃគូ ឬជនខិលខូច ក្នុងកាលៈទេសៈណាមួយជាយថាហេតុ ។
រៀបរៀងដោយ៖ លោក ប៊ុន វិទូ និងកញ្ញា យ៉េ នីតា សមាជិកក្រុមការងាររៀបចំ និងផ្សព្វផ្សាយអត្ថបទច្បាប់ នៃក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ មានអាសយដ្ឋាននៅអគារលេខ ៤៥៣៥ ផ្លូវលេខ ១០០៣ ភូមិប៉ាយាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជាធានីភ្នំពេញ ទូរស័ព្ទទំនាក់ទំនងលេខ ០២៣ ៩៨៦ ២៤៥ / ០៧៨ ២៧២ ៧៨៥, អ៊ីម៉ែល៖ [email protected], គេហទំព័រ៖ www.ciclg.com ហេ្វសបុកផេក៖ ក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ / Cambodia International Cooperation Law Group