(ភ្នំពេញ)៖ បន្ទាប់ពីចូលរួមក្នុងកម្មវិធីបោះជំរំអន្តរជាតិ (World Camp 2019) រយៈពេល១៤ថ្ងៃ នៅសាធារណរដ្ឋកូរ៉េ ប្រកបដោយជោគជ័យរួចមក សាលាប៊ែលធីអន្តរជាតិ ព្រមជាមួយសិស្សរបស់ខ្លួនចំនួន ៧៣នាក់ បាននាំយកបទពិសោធន៍ចំណេះដឹងថ្មីៗល្អៗពីការចូលរួមបោះជំរំអន្តរជាតិនេះ មកបង្ហាញប្រាប់មាតុភូមិកម្ពុជាយ៉ាងអង់អាចស្វាហាប់។
ការបោះជំរំជាអន្តរជាតិនេះមានយុវជនជាង ៤,០០០នាក់ មកពី៨០ប្រទេសនៅជុំវិញពិភពលោក ហើយក៏មានរដ្ឋមន្រ្តីក្រសួងអប់រំមកពីបណ្តាប្រទេសចំនួន ២២ ចូលរួមផងដែរ។
ក្នុងពេលត្រលប់មកកម្ពុជាវិញ នាវេលាយប់ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៩ លោក លី ប៊ុនឆៃ អគ្គនាយករងប៊ែលធីគ្រុប និងជាប្រធានគណៈគ្រប់គ្រងនាយកសាខា បានថ្លែងអំណរគុណដល់អង្គការសម្ព័ន្ធយុវជនអន្តរជាតិ (IYF) ដែលសហការ និងផ្តល់ឱកាសឲ្យសិស្សប៊ែលធីបានទៅចូលរួមក្នុងកម្មវិធីបោះជំរំជាអន្តរជាតិ នៅសាធារណរដ្ឋកូរ៉េ ហើយនេះជាលើទី៦ហើយ ដែលសាលាប៊ែលធីអន្តរជាតិបានបញ្ជូនសិស្សទៅចូលរួមក្នុងកម្មវិធីនេះ សរុបទាំង៦លើកមានចំនួន ៥៤៦នាក់។
លោក លី ប៊ុនឆៃ បានបន្តថា ការចូលរួមក្នុងកម្មវិធីនេះ គឺផ្តោតទៅលើភាពជាអ្នកដឹកនាំ ការតម្រង់ទិសយុវជនក្នុងសតវត្សរ៍ទី២១ និងសិក្សាពីបរិបទនៃការអប់រំបែបវិទ្យាសាស្រ្តទំនើប ហើយសិស្សប៊ែលធីទាំង៧៣នាក់ ក៏បានទៅទស្សនាស្វែងយល់ពីតំបន់សំខាន់ៗជាច្រើន ដូចជា ទីក្រុងសេអ៊ូល ទីក្រុងពូសាន តំបន់ប្រវត្តិសាស្រ្ត និងតំបន់ទេសចរណ៍ផ្សេងៗទៀតផងដែរ។
លោកបន្តទៀតថា គោលបំណង និងអត្ថប្រយោជន៍នៃការចូលរួមការបោះជំរំនេះ គឺសាលាប៊ែលធីចង់ឲ្យសិស្សរបស់ខ្លួនមានភាពក្លាហាន ចេះសម្របខ្លួនក្នុងការរស់នៅ និងធ្វើការជាក្រុមជាមួយជាតិសាសន៍ដទៃ ដើម្បីដកស្រង់នូវបទពិសោធន៍ពីគ្នាទៅវិញទៅមក ក៏ដូចជាបានផ្លាស់ប្តូរនូវវប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ និងចំណេះដឹងថ្មីៗដទៃទៀតដែលពួកគេពុំធ្លាប់បានជួប។
លោកថា ការចូលរួមបោះជំរំនេះក៏បានបង្ហាញពីសមត្ថភាពសិស្សកម្ពុជានៅលើឆាកអន្តរជាតិ ដែលមានសមត្ថភាពគ្រប់គ្រាន់អាចចូលរួមនៅក្នុងកម្មវិធីជាអន្តរជាតិ ក៏ដូចជាបានបង្ហាញឲ្យពិភពលោកបានស្គាល់បន្ថែមទៀតនូវប្រពៃណី ទំនៀមទម្លាប់ វប្បធម៌ អរិយធម៌ និងការរីកចម្រើនរបស់ប្រទេសកម្ពុជាផងដែរ។
ក្នុងឱកាសនោះ សិស្សឈ្មោះ លីម សៀវម៉ី ជាសិស្សថ្នាក់ទី១១ បានរៀបរាប់ថា បន្ទាប់ពីបានចូលរួមបោះជំរុំអន្តរជាតិនៅប្រទេសកូរ៉េ រយៈពេល១៤ថ្ងៃមកនេះ រូបគេមានអារម្មណ៍សប្បាយរីករាយណាស់ ព្រោះបានចូលរួមកម្មវិធីជាច្រើន។
ជាក់ស្ដែងក្នុងកម្មវិធី Mind Lecture សៀវម៉ី បានយល់ដឹងជាច្រើនចំណុច ដូចជា ការមានគំនិតវិជ្ជមាន ការមានកម្លាំងចិត្តយកឈ្នះឧបសគ្គ ការចេះស្រលាញ់ឪពុកម្ដាយបងប្អូន ការមានទំនាក់ទំនងល្អជាមួយអ្នកដទៃ ការបើកចិត្តឱ្យទូលាយ។ នៅក្នុងកម្មវិធី Academy Class សៀវម៉ី បានចូលរួមការលេងល្បែងប្រជាប្រិយបែបកូរ៉េ ការបង្កើតសម្ភារប្រើប្រាស់ និងវិធីថែសម្ផស។
នៅក្នុងកម្មវិធីនេះដែរ សៀវម៉ី ដឹងអំពីការប្រាស្រ័យទាក់ទងជាមួយជនជាតិជាច្រើន ដោយប្រើភាសាអង់គ្លេស ការធ្វើការជាក្រុម និងការលេងល្បែងប្រជាប្រិយជាដើម ហើយក៏មានកម្មវិធីដើរផ្សារ កម្មវិធីជិះទូកនៅក្នុងកម្មវិធី Homestay និងក៏បានទស្សនាស្វែងយល់ពីតំបន់សំខាន់ៗជាច្រើន ដូចជាទីក្រុងសេអ៊ូល ទីក្រុងពូសាន និងតំបន់ប្រវត្តិសាស្ត្រផ្សេងៗទៀតផងដែរ។
ជាមួយគ្នានោះ សិស្សឈ្មោះ ថង ស៊ុងហួយ ជាសិស្សថ្នាក់ទី១១ នៅសាខាទី៦ បាននិយាយឲ្យដឹងថា ការបោះជំរំនេះបានធ្វើឲ្យរូបគេមានភាពក្លាហាន ចេះទទួលខុសត្រូវដោយខ្លួនឯង ចេះសម្របខ្លួនក្នុងការរស់នៅ និងធ្វើការជាក្រុមនៅជាមួយជាតិសាសន៍ផ្សេងៗគ្នា ព្រមទាំងបានសិក្សាស្វែងយល់អំពីបរិបទថ្មីៗរបស់ប្រទេសអភិវឌ្ឍន៍ ដែលជាចំណេះដឹងថ្មីក្នុងការអភិវឌ្ឍខ្លួនឯង ក៏ដូចជាអភិវឌ្ឍប្រទេសជាតិឲ្យបានរីកចម្រើនទៅអនាគត។
សិស្សប៊ែលធីទាំង៧៣នាក់នោះ បានថ្លែងអំណរគុណដល់សាលាប៊ែលធីអន្តរជាតិ ក៏ដូចជាលោក លី ឆេង ដែលបានបង្កើតកម្មវិធីនេះឡើង៕