(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៩ លោកឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ មេបញ្ជាការរងកងទ័ពជើងគោក បានអញ្ជើញទៅចូលរួមរំលែកទុក្ខ ដោយផ្ទាល់ នៅគេហដ្ឋាននៃសពឧត្តមសេនីយ៍ឯក អ៊ុល ណាវី នាយរងសេនាធិការចម្រុះ និងជាមេបញ្ជាការ បញ្ជាការដ្ឋានការពារអាកាស ដែលបានទទួលមរណភាពកាលពីថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៩ ដោយជំងឺគាំងបេះដូង។
ក្នុងឱកាសនេះដែរ លោកឧត្តមសេនីយឯក ម៉ៅ សុផាន់ បានបង្ហាញក្តីសោកសង្រែងថា មរណភាពរបស់ឧត្តមសេនីយ៍ឯក អ៊ុល ណាវី មេបញ្ជាការបញ្ជាការដ្ឋានការពារអាកាស គឺជាការបាត់បង់ឥស្សរជនរបស់ជាតិដ៏ឆ្នើមមួយរូប ដែលបានបូជាអស់កម្លាំងកាយចិត្ត បញ្ញា និងស្មារតីស្ទើរពេញមួយជីវិត ដើម្បីបម្រើជាតិមាតុភូមិ។
លោកឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ រួមទាំងក្រុមគ្រួសារ ក៏បានសូមសម្តែងនូវសមានចិត្តដ៏ក្រៀមក្រំ ចូលរួមរំលែកទុក្ខដោយក្តីសោកស្តាយ អាឡោះអាល័យបំផុត ជាមួយក្រុមគ្រួសារនៃសពឧត្តមសេនីយ៍ឯក អ៊ុល ណាវី និងសូមបួងសួងដល់វត្ថុស័ក្តិសិទ្ធិក្នុងលោក និងតេជៈបារមី នៃព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ សូមតាមជួយបីបាច់ថែរក្សាដល់ដួងវិញ្ញាណក្ខន្ធ របស់ឧត្តមសេនីយ៍ឯក អ៊ុល ណាវី ទៅកាន់សុគតិភពជានិច្ចនិរន្តរ៍តរៀងទៅ៕