(ព្រះសីហនុ)៖ នាវេលាល្ងាចថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៩នេះ មានហេតុការណ៍គួរឱ្យរន្ធត់មួយបានកើតឡើងនៅក្នុងចម្ការត្របែក ស្ថិននៅភូមិ១ ឃុំទំនុបរលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ក្រោយមានករណីផ្ទុះធុងហ្គាសមួយ បណ្ដាលឱ្យបុរសម្នាក់ជាកម្មករដាច់ក្បាលចេញពីខ្លួន ស្លាប់យ៉ាងអាណោចអាធមនៅនឹងកន្លែង។
តាមសេចក្ដីរាយការណ៍ពីបញ្ជាការដ្ឋានកងរាជអាវុធហត្ថស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ បានឱ្យដឹងថា នាវេលាម៉ោង ១៥៖២០នាទី ថ្ងៃទី២០ ខែកក្កដានេះ មានករណីផ្ទុះធុងខ្យល់អុកស៊ីហ្សែនកាត់ដែកមួយ កើតឡើងនៅចំណុចខាងលើ បណ្ដាលឱ្យបុរសម្នាក់ស្លាប់នៅនឹងកន្លែងកើតហេតុ ដាច់ក្បាលចេញពីខ្លួនខ្ទាតប្រហែលជា ១០០ម៉ែត្រពីខ្លួន។
សពជនរងគ្រោះខាងលើមានឈ្មោះ ពត សុផាត់ អាយុ៣៩ឆ្នាំ មុខរបរកម្មករ ស្នាក់នៅក្រុម៣ ភូមិ៤ ឃុំទំនុបរលក ស្រុកស្ទឹងហាវ មានទីលំនៅកំណើតខេត្តតាកែវ៕