(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ ឈុំ សុជាត អ្នកនាំពាក្យក្រសួងការពារជាតិ បានអះអាង នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៩នេះថា ការផ្សព្វផ្សាយថា «តុលាការយោធាកម្ពុជា បក្ខពួកនិយម គ្រួសារនិយម គឺជារឿងបំផ្លើសហួសពីការពិត»។ លោកបដិសេធថា តុលាការយោធាកម្ពុជា មិនមានបក្ខពួកនិយម ដូចការចុះផ្សាយនោះឡើយ។
លោក ឈុំ សុជាត បានបញ្ជាក់យ៉ាងដូច្នេះ តាមបណ្តាញសង្គម Facebook របស់លោកថា៖ «ក្នុងនាមអ្នកនាំពាក្យក្រសួងការពារជាតិ ខ្ញុំបញ្ជាក់ជូនអ្នកសារព័ត៌មាន និងសាធារណជនជាថ្មីម្តងទៀតថា តុលាការយោធាកម្ពុជា មិនមានបញ្ហាបក្ខពួកនិយម ឬគ្រួសារនិយម ដូចការចុះផ្សាយចោទប្រកាន់នោះឡើយ។ តុលាការយោធាកម្ពុជា បានដំណើរការប្រកបដោយភាពឯករាជ្យ និងតែងផ្តល់យុត្តិធម៌សម្រាប់យោធិនគ្រប់រូប»។
ទោះជាយ៉ាងនេះក្តី អ្នកនាំពាក្យក្រសួងការពារជាតិ បានអះអាងថា ក្រសួងស្វាគមន៍មតិរិះគន់ប្រកបដោយស្ថាបនា ព្រមទាំងទទួលយកព័ត៌មានទាំងអស់ ដើម្បីពិនិត្យ តាមដាន មុននឹងលើកជារបាយការណ៍ជូនថ្នាក់លើ ហើយកងទ័ពតែងរង់ចាំអនុវត្តជានិច្ច រាល់បទបញ្ជារបស់ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ។
សូមបញ្ជាក់ថា ការលើកឡើងរបស់ អ្នកនាំពាក្យក្រសួងការពារជាតិ បានធ្វើឡើងបន្ទាប់ពីវិទ្យុអាស៊ីសេរី បានផ្សព្វផ្សាយវាយប្រហារថា តុលាការយោធាកម្ពុជា គឺជា ស្ថាប័ន ពុក រលួយ និង គ្រួសារ និយម ក្រោម ការ ដឹក នាំរបស់ ឧត្ដមសេនីយ៍ឯក ន័យ ថុល៕