(កំពង់ស្ពឺ)៖ នៅព្រឹកថ្ងៃសៅរ៍ ៤រោច ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៩ នៅទីស្នាក់ការគណបក្ស ប្រជាជនកម្ពុជាស្រុកបរសេដ្ឋ មានកិច្ចប្រជុំលើកទី១ ក្រុមការងារចុះជួយពង្រឹង មូលដ្ឋានស្រុកបរសេដ្ឋ ក្រោមអធិបតីភាពលោកទេសរដ្ឋមន្ដ្រី អៀង មូលី សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកបរសេដ្ឋ ដោយមានការចូល រួមពីលោកសត្យា វុធ សមាជិកសភាមណ្ឌលកំពង់ស្ពឺអស់លោក លោក ស្រី ជាថ្នាក់ដឹកនាំអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺ អេដស៍ ប្រធាន អនុប្រធាន សមាជិក ក្រុមការងារចុះជួយស្រុក ឃុំក្នុងស្រុកបរសេដ្ឋ ថ្នាក់ដឹកនាំគណបកក្សឃុំ ភូមិ ថ្នាក់ដឹកនាំវិទ្យាល័យ មណ្ឌល សុខភាព កងកម្លាំងប្រដាប់អាវុធ និងតំណាងប៉ុស្តិ៍រដ្ឋបាល ប្រមាណ៣៥០នាក់។
បន្ទាប់ពីលោក ឈឺន សុធន ប្រធានស្តីទីបក្សស្រុក រាយការណ៍ពីលទ្ធផលការងារប្រចាំខែកក្កដា និងទិសដៅខែសីហាមកលោកទេសរដ្ឋមន្ត្រីបានអនុញ្ញាតជូនអស់លោក ជាប្រធានក្រុមការងារចុះជួយឃុំឡើងរាយការណ៍ និងលើកឡើងពីបញ្ហាផ្សេងៗ។ សត្យា វុធ បានមានប្រសាសន៍ថា បក្សជាការប្រមូលផ្តុំមនុស្សដែលមានគោលដៅដូចគ្នា។ បើរបាយការណ៍មិនទាន់ឆ្លងសមូហភាពទេ សូមដាក់ថាសេចក្តីព្រាង។ តាមរបាយការណ៍ ស្រុកបរសេដ្ឋបានធ្វើការប្រជុំយ៉ាងទៀងទាត់ ដែលស្រុកផ្សេងធ្វើមិនទាន់បានឡើយ។ លោកសូមដាក់ខ្លួនដាក់កាយ និងសុំការគាំទ្រអ្នកបរសេដ្ឋ និងស្នើបង្កើត facebook របស់គណបក្សស្រុក ដើម្បីទាក់ទាញអ្នកគាំទ្រឱ្យបានច្រើន និងប្រើដើម្បីវាយបក។
អ្នកតំណាងរាស្ត្របានបន្តថា តាមលទ្ធផលឆ្នោត រចនាសម្ព័ន្ធបក្សយើងខិតខំពង្រឹងតទៅទៀត ។ ជាមួយគ្នានេះលោកលើកឡើងថា យើងទាំងអស់គ្នាត្រូវយល់អំពីសិទ្ធិ អំណាច តួនាទី ពង្រឹងសាមគ្គីភាព ឯកភាពផ្ទៃក្នុង ។ លោកក៏សន្យាប្រើពេលវេលា៣ខែដើម្បីចុះគ្រប់ឃុំទាំង១៥ និងស្នើថា មុនបញ្ចូលសមាជិកបក្សត្រូវធ្វើការបណ្តុះបណ្តាលសិន។
ទេសរដ្ឋមន្ត្រីបានឯកភាពចំពោះការលើកឡើងរបស់អ្នកតំណាងរាស្រ្ត និងចាត់ទុកលោកសត្យា វុធ ជាវេជ្ជបណ្ឌិតខាងការងារបក្ស ដែលនឹង វិភាគ និងវះកាត់បញ្ហានៅស្រុកបរសេដ្ឋ។ បន្ទាប់មក លោកមេឃុំ និងប្រធានក្រុមការងារឃុំបរសេដ្ឋ កាត់ភ្លុក និទាន ភក្តី និងផុងបានឡើងរាយការណ៍ និងលើកឡើងពីបញ្ហាផ្សេងៗនៅក្នុងឃុំដែលរួមមាន ការខិតខំផ្តល់ប័ណ្ណសមាជិកបក្សគ្រប់គ្នា ការប្រែក្លាយសមាជិកម្នាក់ឱ្យទៅជាសម្លេងឆ្នោត១សន្លឹក ការធ្វើអំពើល្អ និងការចិញ្ចឹមចលនា។
ថ្លែងទៅកាន់សមាជិកកិច្ចប្រជុំ លោកទេសរដ្ឋមន្ត្រីបានសរសើរមេឃុំផុងដែលចូលមករួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា។ លោកបានបន្តថាបក្សយើងមិនប្រកាន់អ្នកថ្មីអ្នកចាស់ទេ គឺជាឈាមតែមួយ។ គោលដៅគណបក្សគឺកាន់អំណាចយូរអង្វែង និងធានាសុខសន្តិភាពយូរអង្វែងរបស់ប្រទេសជាតិ។
សម្រាប់ក្រុមប្រឆាំង សព្វថ្ងៃផ្លូវមានតែពីរទេគឺ : ១) ចូលរួមការបោះឆ្នោត តាមផ្លូវប្រជាធិបតេយ្យ និង ២) ប្រព្រឹត្តខុសច្បាប់ធ្វើជាពួកឧទ្ទាម។ លោកបានបញ្ជាក់ថា កុំសង្ឃឹមរឿងអន្តរជាតិ សភាពការណ៍បច្ចុប្បន្នខុសគ្នាឆ្ងាយណាស់ពីពេលកិច្ចព្រមព្រៀងឆ្នាំ១៩៩១។ ពួកប្រឆាំងនៅក្រៅ ប្រទេសមិនមានឥទ្ធិពលអ្វីទេ។ គេថាបរទេសមិនទទួលស្គាល់ តែមកដល់ពេលនេះ មិនទាន់មានប្រទេសណាផ្តាច់ចំណងការទូតចេញពីកម្ពុជានៅ ឡើយទេ។ គេមិនចូលរួមបោះឆ្នោត ព្រោះពួកគេបោះបង់ផ្លូវប្រជាធិបតេយ្យ។ ពួកគេកំពុងអូស ទាញក្រុមប្រឆាំងខុសច្បាប់របស់គេ ឱ្យបង្ក ចលាចល ក្នុងន័យធ្វើបដិវត្តន៍ពណ៌ដណ្តើមអំណាចខុសច្បាប់។ បើគេនៅតែបន្ត គេនឹងត្រូវការបង្ក្រាបតាមផ្លូវច្បាប់ចៀសមិនរួចឡើយ។ ឯរឿង EBA គ្រាន់តែជាបញ្ហាថាតើត្រូវបង់ពន្ធឬអត់ មិនមែនជាការបិទទីផ្សារនោះទេ។ អ្នកត្រូវបង់ពន្ធគឺប្រជាជនអឺរ៉ុប។ រឿងរោងចក្រនៅកម្ពុជា យើងបានដោះស្រាយហើយ។
ទេសរដ្ឋមន្រ្តីបានបញ្ជាក់បន្ថែមថា កាល ណាគណបក្សកាន់អំណាចយូរអង្វែង ថ្នាក់ដឹកនាំឃុំស្រុកយើងក៏កាន់អំណាចតទៅទៀត។ ក៏ប៉ុន្តែយើងត្រូវទទួលគាំទ្រពីប្រជាជនថែមទៀត។ ជាពិសេសយើងត្រូវរកសម្លេងយុវជនដែលគ្រប់អាយុបោះឆ្នោតបន្ថែមផងដែរ។ លោកទេសរដ្ឋ មន្រ្តីបានបន្តថា ក្រុមការងារគ្រាន់តែមកជួយទេ អ្នកដែលធ្វើផ្ទាល់គឺមូលដ្ឋានឃុំ។ គណបក្សយើងធានាចំពោះប្រជាជន ថាក្រោមការដឹកនាំរបស់គណបក្សប្រជាជន ប្រជាជននឹងទទួលបាននូវសុខសន្តិភាព។ ជាមួយគ្នានេះ យើងត្រូវបញ្ចៀសនូវការប្រឆាំងដែលនាំឱ្យមានការចលាចល។ សមាជិកយើងចាប់ឱ្យបាននូវល្បិចកលរបស់ក្រុមប្រឆាំងខុសច្បាប់ ហើយធ្វើការវាយបកវិញឱ្យទាន់ពេលវេលា។
មុខនឹងបញ្ចប់ ទេសរដ្ឋមន្ត្រីបានណែនាំថា :
១) ប័ណ្ណសមាជិក និងអត្តសញ្ញាណប័ណ្ណត្រូវធ្វើភ្ជាប់គ្នា។
២) ការងារពង្រឹងបក្សត្រូវធ្វើជាប្រចាំ និងត្រូវដោះស្រាយបញ្ហាសេវាសាធារណៈ។
៣) សណ្តាប់ធ្នាប់សាធារណៈត្រូវមានសូចនាករ កើនឡើង ឬថយចុះ។
នៅទីបញ្ចប់លោកទេសរដ្ឋមន្រ្តីក៏បានណែនាំថាការងារ៣ដែលត្រូវធ្វើគឺ :
១) រក្សាឱ្យបាននូវ សន្តិភាព សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ២) បម្រើសេវាសាធារណៈ គឺ សេវាតម្រូវការ និង សេវាសំណូមពរ។ សេវាតម្រូវការ ត្រូវធ្វើតាមច្បាប់ កំណត់ ឱ្យបានលឿន រហ័ស ឯសេវាសំណូមពរ ត្រូវលើកឡើងដើម្បី ក្រុមការងារ និងក្រសួងពាក់ព័ន្ធត្រូវជួយធ្វើ។
៣) ខិតខំដោះស្រាយរឿងបរិស្ថាន។ សំរាមជាសត្រូវនឹងទេសចរណ៍។ ត្រូវនាំគ្នារៀបចំកម្មវិធីសម្អាតបរិស្ថាន និង បបួលក្នុងសហគមន៍ធ្វើ។ យើងចាប់ផ្ដើមពីបរសេដ្ឋតាមភូមិឃុំដោយដឹកនាំសិស្ស និងកម្មកររោងចក្រឱ្យដើររើសសំរាម។ ការងារទាំងនេះ យើងអាចវាយតម្លៃវឌ្ឍនភាពបានតាមសូចនាករច្បាស់លាស់ ពិតប្រាកដ ជាក់ស្តែង៕