(ពោធិ៍សាត់)៖ នៅរៀងរាល់ថ្ងៃចន្ទ ឬថ្ងៃសុក្រ នៅសាលាខេត្តពោធិ៍សាត់ លោក ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្ត តែងតែបើកសាវនាការ ដើម្បីស្វែងរកដំណោះស្រាយដោយផ្ទាល់ រាល់បញ្ហាប្រឈមនានាផ្សេងៗគ្នា ជូនបងប្អូនប្រជាពលរដ្ឋ ដែលអញ្ជើញមកពីបណ្តាស្រុក ក្រុង ឃុំ សង្កាត់ មួយចំនួន ទូទាំងខេត្តពោធិ៍សាត់។
ជាក់ស្តែងកាលពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៩ម្សិលមិញ មានប្រជាពលរដ្ឋ រួមទាំងព្រះសង្ឃ និងពុទ្ធបរិស័ទ ជាច្រើនអង្គនាក់ បាននិមន្ត និងចូលមកសាលាខេត្ត ដើម្បីចម្រើនពរ និងសូមឲ្យលោកអភិបាលខេត្ត ជួយដោះស្រាយបញ្ហាប្រឈម ក៏ដូចជាក្វីកង្វល់ជូនពួកគាត់ ក្នុងនាមសមាជិកគ្រួសារតែមួយ។
លោក ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់បានថ្លែងថា ជារៀងរាល់ថ្ងៃ ជាពិសេសថ្ងៃចន្ន ឬថ្ងៃសុក្រ នៅមុន ក៏ដូចជាក្រោយម៉ោងការងាររដ្ឋបាល លោកតែងតែប្រើប្រាស់តួនាទី ទៅតាមឋានានុក្រមគ្រួសារ ជាកូន ជាបង ជាប្អូន ឬជាចៅ ដើម្បីបន្សំាខ្លួនចូលទៅក្នុងសុខទុក្ខគ្រួសាររបស់ពួកគាត់។ ម្លោះហើយរាល់បញ្ហាប្រឈមនៅក្នុងមូលដ្ឋាន រូបលោកពិតជាបានដឹងច្បាស់លាស់ និងទាន់ហេតុការណ៍ ដើម្បីដោះស្រាយ និងបម្រើពួកគាត់ ឲ្យបានទាន់ពេលវេលា។ ជាក់ស្តែងនៅចុងសប្តាហ៍នេះ ប្រជាពលរដ្ឋខ្លះជម្លោះដីធ្លី ខ្លះមានជម្លោះបំណុល ខ្លះស្នើសុំថវិកា ឬស្បៀងដើម្បីសម្រាកព្យាបាលជំងឺ ខ្លះមានជម្លោះក្នុងក្រុមគ្រួសារ និងខ្លះទៀតស្នើសុំដឹកឈើដើម្បីសង់លំនៅដ្ឋាន រួមទាំងព្រះសង្ឃចម្រើនពរ សុំឲ្យលោកពិនិត្យ សម្រេចការប្រក់គ្បឿង ដែលបានមកតាមរយៈសប្បុរសជនក្រៅប្រទេស។ លោកបានបន្ថែមថា ក្នុងនាមអាជ្ញាធរដែនដី និងក្នុងនាមឪពុកម្តាយគេ បើប្រជាពលរដ្ឋមានទុក្ខលំបាកដោះស្រាយមិនបាន ហើយរត់មកពឹងពាក់ហើយនោះ លោកមិនដែលធ្វើព្រងើយទេ។
រាល់ដំណោះស្រាយរបស់លោកអភិបាលខេត្ត ត្រូវបានការទទួលសាទរ ពីប្រជាពលរដ្ឋនៅទីនោះ ដោយម្នាក់ៗទឹកចិត្តសប្បាយរីករាយ និងបានថ្លែងអំណរគុណ ជូនចំពោះលោកអភិបាលខេត្ត ដែលពួកគាត់ទទួលបានឪពុកម្តាយប្រកបដោយព្រហ្មវិហារធម៌ មានភាពទន់ភ្លន់ ម៉ឺងម៉ាត់ មិនលំអៀង ឈរលើគោលការណ៍សុក្រឹត្យ និងយុត្តិធម៌ មិនខ្លាចពីការនឿយហត់ ជួយដោះស្រាយទុក្ខលំបាកទាន់ពេលវេលា។ ជាមួយគ្នានោះ ប្រជាពលរដ្ឋក៏បានសន្យាថា នឹងគាំទ្រយន្តការរបស់រាជរដ្ឋាភិបាល ដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ជារៀងរហូត។
សូមបញ្ជាក់ថា ប្រជាពលរដ្ឋដែលបានចូលរួមក្នុងកិច្ចដំណោះស្រាយខាងលើ ម្នាក់ៗត្រូវបានទទួលនំប៉័ងសាច់ មីកញ្ចប់ និងទឹកសុទ្ធ ពីលោកអភិបាលខេត្ត សម្រាប់ជាអាហារសម្រប់បន្តដោះស្រាយ និងពិសារួមគ្នា ជាលក្ខណៈគ្រួសារផងដែរ៕