(ព្រះសីហនុ)៖ រសៀលថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៩ ថ្មីៗ នេះ លោកឧត្តមសេនីយ៍ទោ ជួន ណា រិន្ទ ស្នងការនគរបាល ខេត្តព្រះសីហនុ ជួបប្រជុំសំណេះសំណាល ជាមួយកងកម្លាំងអន្តរាគមន៍ពិសេសចំនួន១២០នាក់ ព្រមទាំងចែកឯកសណ្ឋាន មានសម្លៀកបំពាក់បេសកកម្ម ស្បែកជើងកែង វិទ្យុទាក់ទង និងប្រគល់រថយន្ដល្បាត សេរីថ្មី ចំនួន១០គ្រឿង ជូនដល់ កងអន្តរាគមន៌ អធិការដ្ឋាន នគរបាលក្រុងស្រុក និង ការិយាល័យជំនាញ ដើម្បីធ្វើជាមធ្យោបាយ បំរើការងារល្បាតនិង កិច្ចប្រតិបត្តិការ ថែរក្សាសន្តិសុខសណ្តាប់ធ្នាប់សង្គមតាមភូមិសាស្រ្តស្មុកស្មាញ។
ក្នុងពិធីសំណេះសំណាល លោកឧត្តមសេនីយ៍ស្នងការ បានផ្តាំផ្ញើឲ្យកងកម្លាំងអន្តរាគមន៍ពិសេស ត្រូវមានវិន័យ សេចក្តីថ្លៃថ្នូរ របៀបរៀបរយ មានសីលធម៌ល្អ មានឆន្ទៈមោះមុត ហើយត្រូវធ្វើការហ្វឹកហាត់ឲ្យបានជាប់ជាប្រចាំ ដើម្បីឲ្យសុខភាពមាំមួន។ យើងស៊ូបង្ហូរញើស ក្នុងទីលានហ្វឹកហាត់ ប្រសើរជាង ការបង្ហូរឈាម ក្នុងពេលប្រតិបត្តិការ អ្វីដែលប្រសើរបំផុតនោះ គឺយើងត្រូវចេះការពារខ្លួន។ ចំពោះវិធានការ ការពារខ្លួនស្របច្បាប់ ប្អូនៗបានរៀនសូត្ររួចហើយ ដូចនេះក្នុងពេលប្រតិបត្តិការ ត្រូវគោរពច្បាប់ជាគោល។
ក្នុងឱកាសនោះ លោកស្នងការបានចែកឯកសណ្ឋាន បេសកកម្មចំនួន២៤៦កំប្លេ និងស្បែកជើងកវែងចំនួន១២០ វិទ្យុទាក់ទងចំនួន៦០គ្រឿង រថយន្តល្បាតចំនួន១០គ្រឿង ក្នុងនោះ ស្រុកកំពង់សិលាទទួលបានរថយន្ត១គ្រឿង ព្រៃនប់១គ្រឿង ស្ទឹងហាវ១គ្រឿង អធិការក្រុងព្រះសីហនុ១គ្រឿង កណ្តាលព្រហ្មទណ្ឌ២គ្រឿង និង កងអន្តរាគមន៍ពិសេស នៃស្នងការដ្ឋាននគរបាលខេត្ត ចំនួន
5គ្រឿងបន្ថែមទៀត ។
លោកឧត្តមសេនីយ៍ទោជួន ណារិន្ទ ស្នងការនគរបាលខេត្តបានបញ្ជាក់ថា ៖ រថយន្តទាំង១០គ្រឿងនេះ ជាអំណោយឧបត្ថម្ភ របស់នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ដែលលោកតែងតែគិតគូរយកចិត្តទុកដាក់ដល់កងកម្លាំងថ្នាក់ក្រោម។
ក្នុងនោះលោកស្នងការ បានធ្វើបទបង្ហាញ អំពីការប្រើប្រាស់អាវុធប្រភេទថ្មី សំរាប់ប្រើប្រាស់ក្នុងប្រតិបត្តិការ ក្នុងករណីប្រយុទ្ធទប់ទល់ជាមួយឧក្រិដ្ឋជន ដូចជាការចូលទៅរំដោះចំណាប់ខ្មាំងជាដើម។
ជាចុងក្រោយលោកឧត្តមសេនីយ៍ស្នងការ បានផ្តាំផ្ញើ ចំនួនបីចំណុចបន្ថែមទៀត ទី១.សូមឲ្យថែទាំសុខភាព ទី២.ថែទាំសម្ភារៈប្រើប្រាស់ របស់អង្គភាព និង ទី៣.ថែរក្សាចំណងសាមគ្គីភាព មិត្តភាពឲ្យបានល្អ។