(ក្រចេះ)៖ ដោយមើលឃើញពីសក្ដានុពល នៃវិស័យទេសចរណ៍ខេត្តក្រចេះ មានការរីកចំរើន មានភាពទាក់ទាញដល់ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ មានការកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ និងដើម្បីលើកកម្ពស់មុខមាត់សោភ័ណ្ឌភាព បរិស្ថានខេត្តឲ្យកាន់តែមានភាពទាក់ទាញនោះ រដ្ឋបាលសាលាខេត្តក្រចេះ សហជាមួយមន្ទីរធនធានទឹក និងឧតុនិយមខេត្ត បានចាប់ផ្តើមសាងសង់ឃឿន ទន្លេមេគង្គ។
លោក ហេង រ័ត្នមូលីដា ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្ត បានបញ្ជាក់នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៩នេះថា រដ្ឋបាលសាលាខេត្តក្រចេះ បានបន្តសាងសង់ឃឿនច្រាំងទន្លេមេគង្គឡើង ដើម្បីការពារការបាក់ស្រុតដីច្រាំងទន្លេ ដែលជាហេតុបណ្ដាលឲ្យមានការខូចខាត និប៉ះពាល់ដល់សម្បត្តិសាធារណៈ ដូចជា៖ ផ្លូវ អគារ និងដើមគរគីដែលនៅតាមមាត់ទន្លេជាដើម។
រដ្ឋបាលសាលាខេត្តក្រចេះ បានបញ្ជាក់ថា ដោយមានមន្ទីរធនធានទឹក និងឧតុនិយមខេត្ត ជាអ្នករៀបចំ និងកំពុងស្ថាបនាសាងសង់ឃឿនច្រាំងទន្លេមេគង្គបន្ត ដោយមានប្រវែង ២៣០ម៉ែត្រ ចាប់ពីមុខមន្ទីរសុខាភិបាលខេត្ត ទៅដល់មុខក្លឹបកំសាន្ត ដាយមិនស៊ីធី ដែលជាថវិការបស់សាលាខេត្តក្រចេះ។
លោកប្រធានមន្ទីរបានបន្តទៀតថា ខេត្តក្រចេះមានភូមិសាស្ត្រនៅជាប់នឹងដងទន្លេមេគង្គ ទើបសាលាខេត្តក្រចេះ បានកសាងឃឿន ច្រាំងទន្លេមេគង្គ គិតចាប់ពីឆ្នាំ២០០៦មក ដល់ឆ្នាំ២០១៩នេះ សម្រេចបានប្រវែងជាង ២៣០០០ម៉ែត្រ។
*ឆ្នាំ២០០៦ កសាងបាន ១៣០ម៉ែត្រ
*ឆ្នាំ២០០៧ កសាងបាន ២៥០ម៉ែត្រ
*ឆ្នាំ២០០៨ កសាងបាន ១៣៨ម៉ែត្រ
*ឆ្នាំ២០០៩ កសាងបាន ១៤៤ម៉ែត្រ
*ឆ្នាំ២០១០ កសាងបាន ១៤៤ម៉ែត្រ
*ឆ្នាំ២០១១ កសាងបាន ១៦៤ម៉ែត្រ
*ឆ្នាំ២០១២ កសាងបាន ១៥៥ម៉ែត្រ
*ឆ្នាំ២០១៣ កសាងបាន ១៦៤ម៉ែត្រ
*ឆ្នាំ២០១៤ កសាងបាន ១៨៩ម៉ែត្រ
*ឆ្នាំ២០១៥ កសាងបាន ១៤៨ម៉ែត្រ
*ឆ្នាំ២០១៦ កសាងបាន ១៤៦ម៉ែត្រ
*ឆ្នាំ២០១៧ កសាងបាន ២០០ម៉ែត្រ
*ឆ្នាំ២០១៨ កសាងបាន ២០០ម៉ែត្រ
*ឆ្នាំ២០១៩ កំពុងតែសាងសង់ចំនួន២៣០ម៉ែត្រ ហើយនឹងបញ្ចប់ជាស្ថាពរនៅនៅខែកញ្ញា ឆ្នាំ២០១៩ ខាងមុខនេះ។
លោកប្រធានរូបនោះ បានបន្ថែមទៀតថា ការសាងសង់ឃឿនច្រាំងទន្លេ វាមិនត្រឹមតែជាឃឿនការពារដ៏រឹងម៉ាំ មិនឲ្យបាក់ដីបាក់ច្រាំងទន្លេប៉ុណ្ណោះទេ ប៉ុន្តែជាជ្រុងមួយដ៏សំខាន់ នៃវិស័យទេសចរណ៍ ខេត្ត ដែលមានសោភ័ណ្ឌភាពទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិផងដែរ។
បើតាមមន្រ្តីរូបនេះ ការសាងសង់ច្រាំងទន្លេនេះ ពិតជាផ្ដល់នូវអត្ថប្រយោន៍សំខាន់ចំពោះខេត្តរួមមាន៖
*ទី១៖ ការពារការបាក់ស្រុតដីច្រាំងទន្លេ ការពារហេដ្ឋានរចនាសម្ព័ន្ធ ផ្លូវ និងអគារ ដែលនៅតាមដងទន្លេ
*ទី២៖ ក្រោយពេលដែលសាងសង់ហើយ វាជាតំបន់ទេចរណ៍ ដោយរៀងរាល់ថ្ងៃ នៅពេលព្រឹក និងពេលល្ងាច គេសង្កេតឃើញមានប្រជាពលរដ្ឋ និងភ្ញៀវអន្តរជាតិ តែងតែអង្គុយលេង និងហាត់ប្រាណ ព្រមទាំងផ្ដិតយករូបភាពនៅពេលថ្ងៃលិច និងគយគន់ទស្សនាទេសភាពកោះទ្រង់ ដែលនៅទល់មុខនឹងទីរួមខេត្ត៕