(ពោធិ៍សាត់)៖ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងសហការី នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៩នេះ បានចុះពិនិត្យវឌ្ឍនភាពដំណាំកប្បាស ដែលក្រុមហ៊ុន Jiangsu Lianfa Group Co., Ltd បាននិងកំពុងសម្រេច បានពីការពិសោធន៍សាកល្បងដាំដុះ មុនបោះទុនវិនិយោគសាងសង់រោងចក្រកែច្នៃកប្បាស ទៅជាក្រណាត់ សម្រាប់ផ្គត់ផ្គង់ដល់បណ្តារោងចក្រកាត់ដេរសម្លៀកបំពាក់ទាំងក្នុងកម្ពុជា និងនាំចេញនាថ្ងៃអនាគត ដែលការសាកល្បងដាំដុះនេះ ស្ថិតនៅស្រុកបាកាន ខេត្តពោធិ៍សាត់។
តាមការរាយការណ៍របស់តំណាងក្រុមហ៊ុនបានឲ្យដឹងថា បច្ចុប្បន្នក្រុមហ៊ុនកំពុងធ្វើការសាកល្បងពូជកប្បាសចំនួន៤៤ពូជ ទាំងពូជក្នុងស្រុក និងក្រៅស្រុក ហើយអ្វីដែលគួរឲ្យកត់សម្គាល់នោះទាំង៤៤ពូជ គឺមានការរីកលូតលាស់យ៉ាងល្អប្រសើរ រីឯគុណភាព និងទិន្នផលនៃកប្បាសបានឆ្លើយតបដូចការរំពឹងទុករបស់ក្រុមហ៊ុន។ លទ្ធផលនេះបានផ្តល់ក្តីសង្ឃឹមយ៉ាងមុតមាំដល់ក្រុមហ៊ុន ក្នុងការបន្តពង្រីកការដាំដុះថែមទៀតនៅលើផ្ទៃដីជាង១៨០ហិកតា ដែលបាននិងកំពុងរៀបចំហេដ្ឋារចនាសម្ព័ន្ធគាំទ្រ។
លោករដ្ឋមន្ត្រីបានសម្តែងនូវសេចក្តីរីករាយ និងកោតសរសើរចំពោះលទ្ធផល ដែលក្រុមហ៊ុនសម្រេចបាន ហើយលោកគាំទ្រ និងលើកទឹកចិត្តចំពោះផែនការវិនិយោគបន្តរបស់ក្រុមហ៊ុន។ ដើម្បីឲ្យផែនការវិនិយោគនេះ ទទួលបានជោគជ័យ។ រដ្ឋមន្ត្រីក៏បានបញ្ជាក់ផងដែរថា មន្ត្រីជំនាញនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងមន្ទីរខេត្តនឹងផ្តល់កិច្ចសហការឲ្យអស់លទ្ធភាព។
សូមជម្រាបថា នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៩នេះ លោក វេង សាខុន អមដំណើរដោយសហការី បានទៅបំពេញបេសកកម្មរយៈពេល០២ថ្ងៃចាប់ពីថ្ងៃទី២០-២១ ខែកក្កដា ទៅកាន់ខេត្តពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ និងខេត្តសៀមរាប ដើម្បីពិនិត្យតាមដានលើការងារបង្កបង្កើនផល និងជាពិសេសចុះអន្តរាគមន៍ ដោះស្រាយបញ្ហាចំបាច់ចំពោះមុខបរបស់បងប្អូនប្រជាកសិករ ដែលកំពុងជួបគ្រោះរាំងស្ងួត ធ្វើឲ្យប៉ះពាល់ដំណាំស្រូវស្រាលដើមរដូវ និងដំណាំចំការមួយចំនួនទៀត។
ក្នុងឱកាសចុះបំពេញសកកម្មនោះ នៅព្រឹកមិញនេះដែរ លោករដ្ឋមន្ត្រី និងសហការី បានចុះទៅពិនិត្យបន្លែសុវត្ថិភាព របស់កសិករ ជា សេងលឿង នៅភូមិអូរថ្កូវ សង្កាត់រលា ក្រុងពោធិសាត់ ដែលកំពុងដាំបន្លែលើផ្ទៃដី ៥ហិកតាមានដំឡូងមី សណ្តែកគួ ត្រឡាច ត្រប់ ននោងជ្រុង។ល។ ក្នុង១លើកអាចរកកម្រៃបាន ៨-១០ លានរៀល (ក្នុង១លើកមានរយ:ពេល៤៥ថ្ងៃ)។ បច្ចុប្បន្នបានរៀបចំចងក្រង ជាសហគមន៍ផលិតបន្លែបាន២៧គ្រួសារ ដោយរៀបចំកម្មវិធីដាំដុះទៅតាមតម្រូវការទីផ្សារ។
ក្នុងឱកាសនោះ សហគមន៍កសិករ ពួកគាត់ស្នើសុំឲ្យរដ្ឋាភិបាលជួយគិតគូរពីការផ្គត់ផ្គង់អគ្គិសនីបូមទឹក បញ្ចុះតម្លៃភ្លើង និងសម្ភារកសិកម្មមួយចំនួនទៀត។
លោកបានណែនាំឱ្យកសិករដាំដំណាំឆ្លាស់ ចៀសវាងផលិតផលជន់លើទីផ្សារ និងជាពិសេសការឆ្លងរាលដាលជំងឺ។ អគ្គនាយកដ្ឋានកសិកម្ម ត្រូវសហការជាមួយមន្ទីររៀបចំថ្នាលបង្កាត់ពូជដំឡូងមី ផ្សព្វផ្សាយជូនដល់កសិករដាំដើម្បីកាត់បន្ថយ និងឈានទៅលុបបំបាត់ជំងឺឆ្លងម៉ូសាអ៊ីច។ សហគមន៍គួររៀបចំផលិតពូជបន្លែដោយខ្លួនឯង ដោយមន្ទីរជាអ្នកគាំទ្របច្ចេកទេស ដើម្បីកាត់បន្ថយថ្លៃដើម ហើយក៏គួរតែប្រើប្រាស់ជីសរីរាង្គ ឲ្យបានច្រើនដើម្បីធានាដល់គុណភាពបន្លែ និងជាពិសេសសុខភាពអ្នកផលិតផង និងអ្នកបរិភោគផង។ ដើម្បីចូលរួមកាត់បន្ថយថ្លៃដើម លោកបានជួយឧបត្ថម្ភប្រេងម៉ាស៊ូតសម្រាប់បូមទឹកក្នុងសហគមន៍ចំនួន ២០០លីត្រផងដែរ៕