(ភ្នំពេញ)៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានណែនាំឱ្យសាខាកាកបាទក្រហមទាំង២៥រាជធានីភ្នំពេញ ត្រូវយកចិត្តទុកដាក់ខ្ពស់ក្នុងការពង្រីកសមាជិកយុវជនកាកបាទក្រហមកម្ពុជា ដោយមិនត្រូវយកតែបរិមាណនោះទេ គឺត្រូវគិតពីគុណភាពផងដែរ។ ដើម្បីធានាបាននូវគុណភាពរបស់យុវជនកាកបាទក្រហមកម្ពុជានេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានកំណត់ឱ្យជ្រើសរើសយកយុវជនដែលមានអាយុចាប់ពី១៥ឆ្នាំឡើងទៅ។
ការណែនាំរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានធ្វើឡើងក្នុងពិធីបូកសរុបលទ្ធផលការងារយុវជនកាកបាទក្រហមកម្ពុជាសាខារាជធានីភ្នំពេញ ឆ្នាំ២០១៨-២០១៩ និងលើកទិសដៅអនុវត្តបន្ត ព្រមទាំងការបំពាក់កន្សែងជូនយុវជនកាកបាទក្រហមរាជធានីភ្នំពេញប្រមាណ ៣,៨០០នាក់។
សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធានកាកបាទក្រហម បានមានប្រសាសន៍រំលឹកថា កន្លងទៅសម្តេចឃើញតាមសាខាកាកបាទក្រហមកម្ពុជាខ្លះបានជ្រើសយកយុវជនអាយុត្រឹម១២ ឬ១៣ឆ្នាំ ដែលមានវ័យក្មេងខ្ចីនៅឡើយ។ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានគូសបញ្ជាក់ថា ការជ្រើសរើសយុវជនមានវ័យក្មេងពេក គឺពួកគេយល់មិនទាន់បានច្បាស់លាស់ពីតួនាទី និងភារកិច្ចរបស់ពួកគេ។
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានគាំទ្រដល់សាខាកាកបាទក្រហមទាំងអស់យកចិត្តទុកដាក់ទៅលើការពង្រឹង និងពង្រីកចលនាយុវជន។ ប៉ុន្តែការពង្រីកនេះមិនត្រូវគិតតែលើបរិមាណនោះទេ គឺត្រូវគិតពីគុណភាពផងដែរ។
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានគូសបញ្ជាក់យ៉ាងដូច្នេះ «សូមស្នើដល់សាខាមួយចំនួន សាខាខ្លះ គឺជ្រើសរើសអាយុតូចៗពេក។ គោកការណ៍កាកបាទក្រហមជ្រើសរើសចាប់ពីអាយុត្រឹម១៥ឆ្នាំឡើង។ តែខ្ញុំមើលចាក់តាមទូរទស្សន៍មានសាខាខ្លះអាយុ ១៣ឆ្នាំ អាយុ ១២ឆ្នាំ មិនដឹងបំពាក់យកមកធ្វើអីព្រោះគាត់អត់យល់ពីតួនាទី មិនយល់ថាការបំពាក់កន្សែងហ្នឹងជាអ្វីផង។ អ៊ីចឹងទេស្នើសុំពីពេលនេះទៅ សូមឱ្យសាខាទាំងអស់ទាំង២៥រាជធានី ខេត្ត សូមជ្រើសរើសយកតែយុវជនណាមានអាយុ ១៥ឆ្នាំឡើងទៅ។ ប៉ុន្តែការជ្រើសរើសបំពាក់កន្សែងនេះ ក៏សូមផ្តាំផ្ញើដល់សាខាទាំងអស់ ពង្រឹងយើងត្រូវពង្រឹង ហើយពង្រីកយើងត្រូវពង្រីក។ តែការពង្រីកយើងមិនត្រូវយកតែបរិមាណទេ គឺយើងត្រូវរកគុណភាពឱ្យបានខ្លាំង»។
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានរំលឹកទៀតថា ការជ្រើសរើសយុវជននេះទៀតសោត មិនត្រូវចេះតែជ្រើសរើសនោះទេ គឺត្រូវជ្រើសរើសយុវជនដែលមានសកម្មភាពជាគំរូនៅក្នុងសង្គម មានសីលធម៌ មានគុណធម៌ក្នុងការរស់នៅ ចេះជួយរាល់ទុក្ខធុរៈរបស់មិត្តភក្តិ មនុស្សចាស់ជរា និងទុរគតជនជាដើម។
ក្នុងឱកាសបំពាក់កន្សែងជូនយុវជនកាកបាទក្រហមកម្ពុជាសាខារាជធានីភ្នំពេញនេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធានកាកបាទក្រហម ក៏បានណែនាំដល់យុវជនកាកបាទក្រហមទាំងអស់ ត្រូវប្រឹងប្រែងរួមគ្នាសាបព្រោះនូវសកម្មភាពជាគំរូនៅក្នុងសង្គម ស្តាប់ដំបូន្មានរបស់ឪពុកម្តាយ លោកគ្រូ អ្នកគ្រូ ប្រកាន់ខ្ជាប់នូវសីលធម៌ គុណធម៌ ចេះជួយទុក្ខធុរៈរបស់មិត្តភក្តិ ជនទីទ័លក្រ ចាស់ជរា និងទុរគតជនផងដែរ។ ក្រៅពីនោះត្រូវចូលរួមក្នុងសកម្មភាពសង្គមដូចជាការអប់រំច្បាប់ចរាចរណ៍ និងអប់រំពីគ្រោះថ្នាក់នៃគ្រឿងញៀនជាដើម។
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានរំលឹកថា បណ្តាញយុវជនកាកបាទក្រហមកម្ពុជាត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៩៦ ដែលពេលនោះ មានបណ្តាញយុវជនត្រឹមតែ ១,០០០នាក់ប៉ុណ្ណោះ។ គិតត្រឹមខែមិថុនា ឆ្នាំ២០១៩ បណ្តាញយុវជនបានកើនឡើងដល់ ២៦,៩១៩នាក់។ ចាប់តាំងពីការបង្កើតបណ្តាញយុវជនកាកបាទក្រហមកម្ពុជា ឱ្យមានឡើងវិញ រហូតមកទល់ពេលនេះ យុវជនបានចូលរួមយ៉ាងសកម្ម ក្នុងការងារសង្គម នៅគ្រប់រាជធានី-ខេត្ត តាមរយៈគម្រោង និង កម្មវិធីផ្សេងៗ របស់កាកបាទក្រហមកម្ពុជា ហើយទទួលបានលទ្ធផលគួរជាទីមោទនៈ ។
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមមានមោទនភាពយ៉ាងខ្លាំង ដែលយុវជនកាកបាទក្រហមកម្ពុជា បានក្លាយជាយុវជនគំរូប្រកបដោយសមត្ថភាព មានគុណធម៌ មានសេចក្តីថ្លៃថ្នូរសម្រាប់មនុស្សជាតិ ស្របតាមគោលការណ៍គ្រឹះនៃចលនាអន្តរជាតិ កាកបាទក្រហម-អឌ្ឍចន្ទក្រហម ដើម្បីឆ្លើយតបទៅនឹងគោលនយោបាយ អភិវឌ្ឍយុវជនរបស់កាកបាទក្រហមកម្ពុជា៕