(ភ្នំពេញ)៖ កម្លាំងប៉ុស្តិ៍រដ្ឋបាលក្រាំងធ្នង់ នៃអធិការដ្ឋាននគរបាលខណ្ឌសែនសុខ បានធ្វើការឃាត់ខ្លួនជនសង្ស័យ០២នាក់ ករណីលួចឆក់ទូរស័ព្ទដៃ នៅចំណុចមុខសាលាមុំ ផ្លូវ១៩៦២ ភូមិក្រាំងអង្ក្រង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ ដោយប្រើប្រាស់មធ្យោបាយម៉ូតូ០១គ្រឿង នៅល្ងាចថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៩។
សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា ជនសង្ស័យ០២នាក់នេះ ទី១៖ឈ្មោះ ចែម វិសុទ្ធ អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិថ្មគោល សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ (គ្មានសារធាតុញៀន) និងទី២៖ឈ្មោះ ហែម ចាន់នឿន អាយុ២០ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិឬស្សី សង្កាត់ស្តឹងមានជ័យ៣ ខណ្ឌមានជ័យ (គ្មានសារធាតុញៀន)។
រីឯជនរងគ្រោះម្នាក់ ឈ្មោះ អ៊ូ ដារ៉ាឡាលែន ភេទស្រី អាយុ២៤ឆ្នាំ មុខរបរគ្រូបង្រៀន ស្នាក់នៅផ្ទះសង់ថ្មី ផ្លូវបេតុង ភូមិក្រាំងអង្ក្រង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ។ សមត្ថកិច្ចដកហូតបាន ម៉ូតូ០១គ្រឿង Honda Dream C125 ពណ៌ខ្មៅ ផលិតឆ្នាំ២០១៧ ពាក់ស្លាកលេខភ្នំពេញ1HB-7296 (របស់ជនសង្ស័យ) និងទូរសព្ទ័ដៃ០១គ្រឿង ម៉ាក iPhone ប្រគល់ឲ្យជនរងគ្រោះវិញ។
ប្រភពពីសមត្ថកិច្ចបានបន្ដ មុនពេលកើរហេតុ ជនរងគ្រោះកំពុងជិះមូតូតែម្នាក់ឯងតាមផ្លូវ១៩៦២ លុះដល់ចំណុចកើតហេតុខាងលើ ស្រាប់តែមានជនសង្ស័យ ចំនួន០២នាក់ ជិះម៉ូតូ០១គ្រឿង មកជិតជនរងគ្រោះ រួចធ្វើសកម្មភាពឆក់យកទូរសព្ទ័ដៃពីហោប៉ៅខោ ខាងក្រោយរបស់ជនរងគ្រោះ តែបណ្តាលឲ្យដួលម៉ូតូទាំងពីរគ្រឿង។ ភ្លាមនោះម្លាំងល្បាតប៉ុស្តិ៍ក្រាំងធ្នង់ បានធ្វើការល្បាតដល់ចំណុចកើតហេតុ ឃើញហេតុការណ៍បាន ឃាត់នាំខ្លួនជនសង្ស័យ យកមកធ្វើការសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ហើយជនរងគ្រោះបានដាក់ពាក្យបណ្តឹងចោទប្រកាន់ជនសង្ស័យតែម្តង។
បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនិតិវិធី៕