(រតនគិរី)៖ ដោយអនុវត្តន៍តាមបទបញ្ជាដ៏ម៉ឹងម៉ាត់របស់នាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានគណៈកម្មការជាតិ ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ កម្លាំងអាវុធហត្ថមូលដ្ឋានស្រុកអូរយ៉ាដាវ សហការជាមួយកម្លាំងអាវុធហត្ថខេត្ត, កម្លាំងបរិស្ថានឧទ្យានជាតិអូរយ៉ាដាវ និងកម្លាំងយោធាសឹករងស្រុកអូរយ៉ាដាវ បានបន្តចាប់រថយន្តឡង់គ្រីស័រច្នៃ ១គ្រឿងទៀត គ្មានស្លាកលេខ លួចដឹកឈើត្រង់ចំណុចពាមអូរលាវ ស្ថិតក្នុងភូមិសំ ឃុំយ៉ាទុង ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី ប៉ុន្តែអ្នកដឹកបទល្មើសរត់គេចខ្លួនបាត់។

លោកវរសេនីយ៍ត្រី សុខ មីន មេបញ្ជាការអាវុធហត្ថមូលដ្ឋានស្រុកអូរយ៉ាដាវ បានប្រាប់ភ្នាក់ងារ Fresh News នៅព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៩នេះ ថា ក្រោយពីចាប់រថយន្តដឹកបទល្មើសនោះ កម្លាំងបានធ្វើការត្រួតពិនិត្យឃើញឈើប្រភេទលេខ (ផ្ចឹក) ចំនួន៦ដុំស្មើ នឹង១,១២៥ម៉ែត្រគូប នាំយកទៅរក្សាទុកនៅទីស្នាក់ការចម្រុះចំណុចពាមអូរលាវ ដើម្បីឱ្យជំនាញបរិស្ថាន កសាងសំណុំរឿងចាត់ការតាមច្បាប់។

លោកវរសេនីយ៍ត្រី សុខ មីន ប្រាប់បន្តថា ដោយមានបទបញ្ជាពីលោកឧត្តមសេនីយ៍ត្រី ថាវ យ៉េន មេបញ្ជាការអាវុធហត្ថខេត្ត និងមានការសម្របសម្រួលពីសំណាក់លោក រ៉ា បូរ៉ាន់ឌី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តរតនគិរី មធ្យោបាយដឹកជញ្ជូនបទល្មើស ឈើត្រូវដុតបំផ្លាញចោល នៅទីតាំងខាងលើ។

សូមបញ្ជាក់ថា នេះជាលើកទី៣ហើយ ដែលកម្លាំងអាវុធហត្ថខេត្តរតនគិរី ដុតបំផ្លាញមធ្យោបាយដឹកជញ្ជួនឈើខុសច្បាប់ ដោយលើកទី១ នៅព្រលប់ថ្ងៃទី១២ ខែកក្កដា (រថយន្តឡង់គ្រីស័រច្នៃ២គ្រឿង), លើកទី២-ថ្ងៃទី១៨ ខែកក្កដា (រថយន្តឡង់គ្រីស័រ១គ្រឿង) និងនៅវេលាម៉ោង១៦៖00នាទី ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១ (រថយន្តឡង់គ្រីស័រច្នៃ១គ្រឿង) ដូច្នេះសរុបបាន០៣គ្រឿងហើយ៕