(ភ្នំពេញ)៖ លោក គុណ ញឹម ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករ បានថ្លែងបញ្ជាក់ប្រាប់អង្គភាពព័ត៌មាន Fresh News ឲ្យដឹងសារជាថ្មីនៅព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៩នេះថា ក្រុមហ៊ុនដែលលួចនាំចូលកុងតឺន័រ៨៣ទូ ផ្ទុកដោយកាកសំណល់សំរាមប្លាស្ទិក នៅខេត្តព្រះសីហនុ គឺជាក្រុមហ៊ុនខ្មែរ តែមានបុគ្គលិកជាជនជាតិចិនធ្វើការនៅក្នុងក្រុមហ៊ុននោះ ខណៈការស៊ើបអង្កេតស្រាវជ្រាវបាននឹងកំពុងបន្ត ដោយលទ្ធផលច្បាស់ការនឹងបង្ហាញ នៅសប្តាហ៍ក្រោយ។

លោក គុណ ញឹម បានបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំសូមបញ្ជាក់ថា ក្រុមហ៊ុននាំចូលកុងតឺន័រនោះយើងរកឃើញថាជាក្រុមហ៊ុនខ្មែរ តែមានជនជាតិចិនធ្វើការនៅទីនោះ, នៅពាក់កណ្តាលសប្តាហ៍ក្រោយ យើងនឹងហៅខាងក្រុមហ៊ុនសួរនាំអំពីបញ្ហានេះ ទាំងជនជាតិខ្មែរ និងជនជាតិចិន ប្រសិនបើរកឃើញថាជនជាតិចិនមាន ភាគហ៊ុនដែរនោះ យើងនឹងបង្ហាញលទ្ធផលច្បាស់ការ»

លោកបានបន្តថា «កុងតឺន័រទាំង៨៣នេះ បាននាំចូលបន្តិចម្តងៗតាំងពីឆ្នាំ២០១៨មកម្ល៉េះ ដូច្នេះយើងត្រូវការពេលវេលាស្រាវជ្រាវលើរឿងនេះឲ្យបានលម្អិត»

សូមបញ្ជាក់ថា កុងទឺន័រចំនួន៨៣ទូរ ដែលមានផ្ទុកកាកសំណល់សំរាមដែលគេបោះចោល លួចនាំមកពីសហរដ្ឋអាមេរិក និងប្រទេសកាណាដា ចូលកម្ពុជា ត្រូវបានកម្លាំងសមត្ថកិច្ច នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករ សហការជាមួយសមត្ថកិច្ចពាក់ព័ន្ធបើកប្រតិបត្តិការបង្ក្រាបបាន នៅខេត្តព្រះសីហនុ។ សំរាមប្លាស្ទិក ទាំង៨៣កុងទឺន័រ ទម្ងន់ប្រមាណ១,៦០០តោន៕