(ភ្នំពេញ)៖ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានដាក់ផែនការតឹងរឹងធ្វើយ៉ាងណា ដើម្បីធានាឱ្យបាននូវសន្តិសុខ សណ្តាប់ធ្នាប់ របៀបរៀបរយ សុខសុវត្ថិភាពសង្គម ក្នុងខេត្តព្រះសីហនុទាំងមូល។ នេះបើយោងតាមការឲ្យដឹងនៅក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពខេត្ត នារសៀលថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៩។
ក្នុងនាមគណៈបញ្ជាការឯកភាពខេត្ត លោក គួច ចំរើន បានដាក់ចេញនូវវិធានការសំខាន់ៗមួយចំនួនដូចជា៖
១៖ ដាក់ចេញនូវផែនការល្បាតពេលយប់ទៅតាមភូមិសាស្រ្តស្មុគស្មាញ ដេីម្បីធានារក្សាបាននូវសន្តិសុខ សណ្តាប់ធ្នាប់របៀបរៀបរយ សុវត្ថិភាពសង្គម ក្នុងខេត្តព្រះសីហនុទាំងមូល។
២៖ សហការជាមួយអង្គភាពជំនាញពាក់ព័ន្ធ ក្នុងការក្តាប់សភាពការណ៍ និងប្រមូលព័ត៌មានដែលពាក់ព័ន្ធ។
៣៖ យកចិត្តទុក្ខដាក់ទប់ស្កាត់រាល់ឧបាយកលណាមួយ ធ្វេីឱ្យប៉ះពាល់ដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ និងការរស់នៅរបស់ប្រជាពលរដ្ឋក្នុងខេត្ត (ពិសេសអំពេីភារវកម្ម ឧក្រិដ្ឋកម្ម និងសកម្មភាពល្មេីសផ្សេងៗ) ដេីម្បីមានវិធានការបង្កាទប់ស្កាត់ និងបង្រ្កាប ឱ្យបានទាន់ពេលវេលា។
ជាមួយគ្នានេះដែរ លោកអភិបាលខេត្ត ក៏បានលេីកឡេីងនូវចំណុចមួយចំនួន ដែលត្រូវកែសម្រួលដូចជា៖ ស្នេីឱ្យមានការកែសម្រួលសមាសភាព គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះសីហនុឡេីងវិញ, ដាក់ចេញក្រុមល្បាតពេលយប់នៅតាមភូមិ សាស្ត្រស្មុគស្មាញ ដោយចាប់អនុវត្តពីយប់ថ្ងៃចន្ទទី២២ ខែកក្កដា ឆ្នាំ២០១៩ តទៅ, ស្នេីឱ្យមានការជួយសម្រួលចរាចរណ៍ពេលមានការកកស្ទះខ្លាំងពីសំណាក់កងកម្លាំងល្បាត, ជំរុញ និងលុបបំបាត់ការជួញដូរប្រើប្រាស់គ្រឿងញៀន នៅតាមក្លឹបកម្សាន្ត និងទីតាំងសប្បាយ ឱ្យបានទាំងស្រុងនាចុងឆ្នាំ២០១៩នេះ។
ពាក់ព័ន្ធនឹងបញ្ហាភ្លើងវិញ លោកជំរុញឱ្យកែប្រែ និងចាត់ចែងបន្ទាន់ ឱ្យស្របទៅតាមស្ថានភាពចរាចរណ៍ ជាក់ស្តែងក្នុងខេត្តព្រះសីហនុដែលមានភាពមមារញឹក និងកកស្ទះខ្លាំង, ជួយផ្សព្វផ្សាយដល់ប្រជាពលរដ្ឋពីគ្រោះថ្នាក់ និងផលប៉ះពាល់នៃសំណល់ជាតិផ្ទុះពីសង្រ្គាម, បញ្ហាគ្រោះថ្នាក់ចរាចរណ៍ (ធ្វេីផែនការសកម្មភាពត្រួយពិនិត្យទឹកនោមរកសារធាតុញៀន ចំពោះអ្នកបេីកបរយានយន្តគមរប់ប្រភេទ), ស្នេីឱ្យរៀបចំផែនការអនុវត្តចំពោះរថយន្តដែលពាក់ស្លាកលេខ ខ.ម, ន.ប....បម្រើប្រយោជន៍ឱ្យវិស័យឯកជន, បញ្ហាការចេញលិខិតរដ្ឋបាលនិងលិខិតអត្រានុកូលដ្ឋានឱ្យសហព័ន្ធជាខ្មែរ និងជនបរទេសអន្តោប្រវេសន្ត។
លោកជំរុញឱ្យ យកចិត្តទុកដាក់សម្រួលដល់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ដោយរួមសហការជាមួយមន្ទីរអប់រំយុវជន និងកីឡាខេត្តដេីម្បីធ្វេីយ៉ាងណាឱ្យដំណេីរការប្រឡងប្រព្រឹត្តទៅដោយរលូន ត្រឹមត្រូវ និងប្រសិទិ្ធភាព, បន្តគ្រប់គ្រងសំណុំរឿងវិវាទដីធ្លីទាំង៨១ករណី និងសំណុំរឿងថ្មីៗ រួមទាំងឯកសារពាក់ព័ន្ធ, ស្នេីឱ្យមានការដកខ្លួនចេញជាបន្ទាន់ចំពោះមន្រ្តីណាដែលមានការពាក់ព័ន្ធក្នុងរឿងវិវាទដីធ្លី, បញ្ហាលាងលុយខ្មៅ, ការជួញដូរមនុស្សជាដើម៕