(ព្រះវិហារ)៖ លោក សួស យ៉ារ៉ា អ្នកតំណាងរាស្ត្រមណ្ឌលព្រះវិហារ នៅរសៀលថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៩នេះ បានដឹកនាំក្រុមការងាររួម ចុះសួរសុខទុក្ខ និងនាំអំណោយមកចែកជូនប្រជាពលរដ្ឋ ដែលរងគ្រោះដោយខ្យល់កន្ត្រាក់រលំផ្ទះ របើកដំបូលចំនួន១៣គ្រួសារ នៅភូមិពោធិ៍ ឃុំពោធិ៍ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ។
នៅក្នុងឱកាសនោះអ្នកតំណាងរាស្ត្រ សួស យ៉ារ៉ា បានសម្តែងនូវការចូលរួមសោកស្តាយ ចំពោះហេតុការណ៍គ្រោះធម្មជាតិខ្យល់កន្ត្រាក់ ដែលបណ្តាលឱ្យផ្ទះបងប្អូនប្រជាពលរដ្ឋរងការខូចខាត។
ជាមួយគ្នានោះលោកក៏បានលើកទឹកចិត្តដល់បងប្អូនប្រជាពលរដ្ឋរងគ្រោះទាំងអស់គ្នា កុំមានការអស់សង្ឃឹមឱ្យសោះ ព្រោះអាជ្ញាធរដែនដី និងសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា មិនទុកឱ្យបងប្អូនណាម្នាក់រស់ ក្នុងភាពឯកោរគ្មានទីពឹងនោះទេ។
អំណោយដែលត្រូវចែកជូននៅពេលនេះរួមមាន ប្រជាពលរដ្ឋរងគ្រោះរលំផ្ទះទាំងស្រុងចំនួន៤គ្រួសារ បានទទួលអំណោយពី សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នូវថវិកា២០ម៉ឺនរៀល មី២កេស អង្ករ៥០គីឡូក្រាម ធុងទឹក៥០លីត្រចំនួន១។
ដោយឡែកប្រជាពលរដ្ឋរងគ្រោះរបើកដំបូល៩គ្រួសារទៀត ទទួលបានមី២កេស អង្ករ៥០គីឡូក្រាម ធុងទឹក១ និងថវិកា១០ម៉ឺនរៀលផងដែរ៕