(សៀមរាប)៖ លោក ទៀ សីហា អភិបាលខេត្តសៀមរាប លើកឡើងថា ក្នុងសទវត្សទី២១នេះ ការសិក្សាពេញមួយជីវិត ជាប្រធានបទដ៏សំខាន់ សម្រាប់ការអប់រំ ឆ្លើយតបទៅនឹងបម្រែបម្រួល នៃតម្រូវការទីផ្សារការងារ។
ការលើកឡើងបែបនេះរបស់ លោក ទៀ សីហា បានធ្វើឡើង នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៩នេះ នៅក្នុងឱកាសដែលលោកបានអញ្ជើញជាអធិបតីភាព ក្នុងពិធីបិទវគ្គបណ្ដុះបណ្ដាលគ្រូបឋមសិក្សា «១២+២» ជំនាន់ទី៣៦ ចំនួន១៩៩នាក់ ដែលមកពីខេត្តសៀមរាប ចំនួន១៥៤នាក់ និងខេត្តឧត្ដរមានជ័យ៤៥នាក់ នៃសាលាគរុកោសល្យ និងវិក្រឹតការខេត្តសៀមរាប។
អភិបាលខេត្តសៀមរាប បានថ្លែងថា ដោយហេតុផលនេះទើបរាជរដ្ឋាភិបាលអាណត្តិទី៦ ដែលមាន សម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី បានជំរុញឱ្យបោះជំហានទៅរកដំណាក់កាលថ្មីមួយទៀត នៃការអភិវឌ្ឍ តាមរយៈក្រសួងអប់រំ យុវជន និងកីឡា បានអនុវត្តកំណែទម្រង់តាមគ្រប់រូបភាព និងដាក់ចេញនូវគោលនយោបាយអប់រំ ផ្ដោតលើសមាសភាពចំនួន៥ គឺគុណធម៌ សមធម៌ បរិយាប័ន្ន អប់រំពេញមួយជីវិត និងការអប់រំសម្រាប់ទាំងអស់គ្នា។
ដើម្បីឆ្លើយតបទៅនឹងគោលនយោបាយអាទិភាព និងការអភិវឌ្ឍប្រទេសជាតិ របស់រាជរដ្ឋាភិបាលនិងផែនការយុទ្ធសាស្ត្ររបស់ក្រសួងអប់រំ យុវជន និងកីឡា លោកក្នុងនាមក្រុមប្រឹក្សា គណៈអភិបាលខេត្ត គឺបានគាំទ្រយ៉ាងពេញទំហឹង នូវរាល់សកម្មភាពការងារ របស់មន្ទីរអប់រំ យុវជន និងកីឡា ជាពិសេស សាលាគរុកោសល្យ និងវិក្រឹតការខេត្ត គ្រឹះស្ថានសិក្សាដ៏សំខាន់ ក្នុងការបណ្ដុះបណ្ដាលគ្រូបឋមសិក្សា។
បន្ថែមពីនេះលោក ទៀ សីហា បានបង្ហាញការជឿជាក់ថា បុគ្គលិកអប់រំទាំងអស់ លោកគ្រូ អ្នកគ្រូ ពិសេសប្អូនៗ ក្មួយៗ គរុសិស្សទាំងអស់ ត្រូវយកចិត្តទុកដាក់អភិវឌ្ឍ បន្តលើចំណេះដឹងវិជ្ជាជីវៈ ការប្រតិបត្តិវិជ្ជាជីវៈ ការសិក្សាវិជ្ជាជីវៈ និងសីលធម៌វិជ្ជាជីវៈ ដើម្បីឱ្យមានគុណវុឌ្ឍិ និងបុគ្គលិកអប់រំ នៃប្រទេសក្នុងតំបន់ និងដើម្បីប្រយោជន៍របស់កុមារ។
លោកបានបញ្ជាក់ថា រាជរដ្ឋាភិបាល ដែលមាន សម្ដេចតេជោ ហ៊ុន សែន ជាមគ្គុទេសក៍ដ៏ឆ្នើម បានកំណត់នូវផែនការយុទ្ធសាស្ត្រ ការអភិវឌ្ឍប្រទេសជាតិឆ្នាំ២០១៩-២០២៣ ក្នុងអាណត្តិទី៦ ដែលបានបន្តពីសមិទ្ធផលផែនការយុទ្ធសាស្ត្រ២០១៣-២០១៨។ ដើម្បីសម្រេចកិច្ចការសំខាន់ៗ រួមមាន៖
ទី១៖ វាយតម្លៃអំពីលទ្ធផលរួម និងបញ្ហាប្រឈមចម្បងៗ ដែលកើតមានឡើងនៅក្នុងការអនុវត្តផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ ២០១៣-២០១៨ ក្នុងអាណត្តិទី៥។
ទី២៖ កំណត់នូវបណ្ដាវិធានការ គោលនយោបាយរបស់ក្រសួង-ស្ថាប័នពាក់ព័ន្ធទាំងអស់ ក្នុងគោលដៅអនុវត្តគោលនយោបាយអាទិភាព របស់រាជរដ្ឋាភិបាល និងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព របស់កម្ពុជា ដើម្បីស្ថិរភាព កំណើនសេដ្ឋកិច្ច កាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់ កម្រិតជីវភាព រស់នៅរបស់ប្រជាជន និងឆ្ពោះទៅសម្រេចបាននូវស្ថានភាព នៃប្រទេស ដែលមានចំណូលមធ្យមកម្រិតខ្ពស់ក្នុងឆ្នាំ២០៣០ និងជាប្រទេសអភិវឌ្ឍន៍នៅឆ្នាំ២០៥០ ខាងមុខនេះ។
ទី៣៖ ដាក់ចេញនូវប្រព័ន្ធមួយ សម្រាប់តាមដានត្រួតពិនិត្យ និងវាយតម្លៃប្រចាំឆ្នាំ នៃការអនុវត្តផែនការអភិវឌ្ឍន៍ជាតិ២០១៩-២០២៣ ក្រសួង-ស្ថាប័ន។ ជាមួយគ្នានេះផងដែរ រាជរដ្ឋាភិបាលបានប្រកាសផ្សព្វផ្សាយ នូវសេចក្តីព្រាងគោលនយោបាយជាតិ ស្ដីពីការសិក្សាពេញមួយជីវិត ដែល មានគោលបំណងផ្ដល់ឱកាស និងគាំទ្រឱ្យប្រជាជនគ្រប់រូប ទទួលបានការសិក្សាតាមគ្រប់រូបភាព និងប្រើប្រាស់ចំណេះដឹងតាមជំនាញ ដែលទទួលបាន ដើម្បីបង្កើនប្រសិទ្ធភាព គុណភាព ផលិតភាពការងារ និងប្រាក់ចំណូលតាមយុវសម័យបច្ចេកវិទ្យាព័ត៌មាន និងសង្គមពុទ្ធិ ដែលពួកគេនឹងក្លាយទៅជាពលរដ្ឋល្អ មានចំណេះដឹងទូទៅ ទូលំទូលាយ មានជំនាញច្បាស់លាស់មានឥរិយាបទថ្លៃថ្នូរ ចេះរួមរស់ជាមួយអ្នកដទៃប្រកប ដោយសុខដុមរមនា៕