(ភ្នំពេញ)៖ ធនាគារជាតិនៃកម្ពុជា បានសម្រេចដាក់ឲ្យដំណើរការ សាកល្បងប្រព័ន្ធ «បាគង» ជាមួយធនាគារដៃគូចំនួន៤ដំបូងគេរួមមាន៖ ធនាគារអេស៊ីលីដា, ធនាគារ FTB, ធនាគារវឌ្ឍន: និងធនាគារឯកទេសវីង។
ប្រព័ន្ធបាគង ជាប្រព័ន្ធដែលអនុញ្ញាតឲ្យប្រជាពលរដ្ឋ Download យកពីក្នុងទូរស័ព្ទ Smart Phone មកប្រើប្រាស់ ដោយបំពេញតាមលក្ខខណ្ឌ ដែលបានកំណត់ក្នុងកម្មវិធី។ បន្ទាប់ពីបង្កើររួចរាល់យើងទៅរកធនាគារ ដែលជាដៃគូជាមួយនឹងប្រព័ន្ធបាគងនេះ ដោយប្រាប់ភ្នាក់ងារធនាគារថា ចង់ដាក់បញ្ចូលលុយក្នុងប្រព័ន្ធ បាគង នោះខាងធនាគារជាដៃគូ នឹងដាក់បញ្ចូលប្រាក់ចូលទៅក្នុងប្រព័ន្ធបាគង ដោយប្រើប្រាស់បានទៅតាមប្រព័ន្ធ QR Code ទៅតាមទីកន្លែងណាដែលបញ្ជាក់ថា មានប្រើប្រាស់ប្រព័ន្ធបាគង។
ការដាក់ឲ្យដំណើរការសាកល្បង «ប្រព័ន្ធបាគង» ជាដំណើរវឌ្ឍន៍ភាពក្នុងយុគសម័យថ្មី របស់វិស័យហិរញ្ញវត្ថុនៅកម្ពុជា។ ធនាគារជាតិនៃកម្ពុជាពិត ជាមានមោទនភាពណាស់ ដែលក្លាយជាប្រទេសដំបូងគេ ក្នុងការដាក់ឲ្យដំណើរការប្រព័ន្ធបច្ចេកវិទ្យា Blockchain ដ៏ទំនើបចុងក្រោយក្នុងវិស័យហិរញ្ញវត្ថុ ដើម្បីផ្តល់លទ្ធភាពក្នុងការធ្វើ និងជំរុញបរិយាប័ន្នហិរញ្ញវត្ថុ សំដៅការផ្តល់សេវាហិរញ្ញវត្ថុ សម្រាប់ប្រជាជនកម្ពុជាគ្រប់រូប។
សូមជម្រាបថា កាលពីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៧ លោកស្រី ជា សិរី អគ្គនាយកបច្ចេកទេសធនាគារជាតិនៃកម្ពុជា បានប្រជុំជាមួយគណៈកម្មការទូទាត់នៃ សមាគមធនាគារនៅកម្ពុជា និងតំណាងគ្រឹះស្ថានផ្តល់សេវាទូទាត់ ដើម្បីពិភាក្សាអំពី គម្រោងបាគងដែលជាគំនិតផ្តួចផ្តើមថ្មី របស់ធនាគារជាតិនៃកម្ពុជា ពាក់ព័ន្ធនឹងករណីសិក្សាពី លទ្ធភាពនៃការដាក់ឱ្យប្រើប្រាស់រូបិយវត្ថអេឡិចត្រូនិក សម្រាប់ប្រតិបត្តិការទូទាត់អន្តរធនាគារ៕