(ភ្នំពេញ)៖ លោកសាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងជាប្រធានក្រុមកាងារចុះជួយខណ្ឌសែនសុខ នៅរសៀលថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៩នេះ បានដឹកនាំមន្ត្រីក្រសួងសុខាភិបាល នាំយកទេយ្យទាន និងទៀនព្រះវស្សា ប្រគេនដល់ព្រះសង្ឃ ចំនួន៥វត្ត ស្ថិតនៅក្នុងខណ្ឌសែនសុខ រាជធានីភ្នំពេញ ដែលមានទីតាំងប្រគេនរួមស្ថិតនៅក្នុងវត្តសំរោងអណ្តែត។
ទេយ្យទាន និងទៀនព្រះវស្សារបស់លោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង និងលោកស្រី ដែលបានយកប្រគេនក្នុងឱកាសនេះរួមមាន៖ ក្នុង១វត្តទទួលបាន ទៀន១គូ, អង្ករ៤បាវ, ទឹកសុទ្ធ៤កេស, ទឹកក្រូច៤កេស, មី២កេសធំ, ត្រីខ២កេសធំ, កន្ត្រកតែកាហ្វេ ១កន្ត្រក, ផ្លែឈើ១កន្ត្រក, ប្រេងម៉ាស៊ូត១កាន, ស្លាដក់១, បច្ច័យប្រគេនព្រះសង្ឃ ក្នុង១អង្គ ១០០$ និងបច្ច័យប្រគេនវត្តទាំង៥ ចំនួន ៨៤០ដុល្លារ។
ក្នុងឱកាសនោះដែរអភិបាលខណ្ឌសែនសុខ ក៏បាននាំយកទេយ្យទាន ប្រគេនជូនវត្តទាំង៥ផងដែរ រួមមាន៖ អង្ករ ១០០គីឡូក្រាម មី៥កេស ទឹកក្រូច៥កេស ទឹកបរិសុទ្ធ១០កេស បច្ច័យ ៥០ម៉ឺនរៀលផងដែរ។
សូមបញ្ជាក់ដែរថា បុណ្យចូលព្រះវស្សា គឺចាប់ផ្តើមពីថ្ងៃ ១រោច ខែអាសាឍ ដល់ថ្ងៃ១៥ កើត ខែអស្សុជ មានរយៈពេល ៣ខែ ដែលពុទ្ធបរិស័ទ្ធ បងប្អូនខ្មែរយើងគោរពប្រតិបត្តិជារៀងរហូតមក។ ដោយឡែកបុណ្យចូលព្រះវស្សា មានរយៈកាលបីខែនេះ តាមព្រះវិន័យដែលព្រះសម្មាសម្ពុទ្ធបរមគ្រូទ្រង់បញ្ញត្តិឡើង ដើម្បីឱ្យព្រះសង្ឃជាសាវ័ក ប្រតិបត្តិដោយត្រូវគង់ចាំព្រះវស្សា នៅក្នុងទីវត្តអារាម សិក្សាព្រះធម៌វិន័យ និងប្រតិបត្តិ ដោយមិនអាចចេញទៅណាឆ្ងាយពីវត្តឡើយ។ តម្រូវឱ្យពុទ្ធបរិស័ទនានា មានកាតព្វកិច្ចជួយទំនុកបម្រុង ជូនព្រះសង្ឃដែលគង់ចាំព្រះវស្សា នៅគ្រប់ទីវត្តអារាម៕