(ព្រះវិហារ)៖ មន្រ្តីសាខាកាំកុងត្រូលខេត្តព្រះវិហារ នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៩នេះ សហការជាមួយមន្ទីរពាណិជ្ជកម្ម និងអាជ្ញាធរដែនដី បានចុះត្រួតពិនិត្យគុណភាពទំនិញវេចខ្ចប់ស្រេច តាមផ្ទះលក់ទំនិញនៅផ្សារចំបក់សែនជ័យ ស្ថិតក្នុងភូមិស្រយង់ជើង-ត្បូង ឃុំស្រយង់ ស្រុកគូលេន ខេត្តព្រះវិហារ ជាលទ្ធផលបានរកឃើញផលិតផល ៥មុខ ហួសកាលបរិច្ឆេទ ព្រមទាំងដកហូតដុតកម្ទេចចោល។
មន្រ្តីសាខាកាំកុងត្រូលខេត្តព្រះវិហារ បានឲ្យដឹងថា នៅក្នុងប្រតិបត្តិការ ចុះអង្កេតទំនិញ ដែលកំពុងដាក់តាំងលក់ នៅនៅផ្សារចំបក់សែនជ័យ ស្ថិតក្នងភូមិចំបក់សែនជ័យ ឃុំស្រអែម ខាងលើ រួចមកក្រុមការងារបានរកឃើញទំនិញហួសកាលបរិច្ឆេទ និងខូចគុណចំនួន ៦មុខរួមមាន៖
*ទី១៖ ទឹកសួដា ចំនួន ៥១កប៉ុង= ១៦,៨៣លីត្រ
*ទី២៖ ទឹកក្រូចចម្រុះ ចំនួន ៩៦ដប= ៣៥,៩០៤លីត្រ
*ទី៣៖ Lactasoy ចំនួន ០២ប្រអប់= ០១លីត្រ
*ទី៤៖ lchitan ចំនួន ២០ដប= ៨,៤លីត្រ
*៥៖ ត្រីខ ចំនួន០៩ដប= ០,៨៣៧គីឡូក្រាម
*៦៖ នំចម្រុះ ចំនួន ១១ថង់= ៥,១គីឡូក្រាម។ ក្រុមការងារបានធ្វើកំណត់ ដកហូតដុតកម្ទេចចោលភ្លាមៗ។
ឆ្លៀតឱកាសនោះដែរ ក្រុមកាងារក៏បានចែកផ្សាយនូវ រូបភាព Poster និងផ្សព្វផ្សាយដល់អាជីវករ អ្នកលក់ដូរ និងអ្នកប្រើប្រាស់ឲ្យបានយល់ ដឹងអំពីផលវិបាក ដែលបណ្តាលមកពីការបរិភោគ អាហារហួសកាលបរិច្ឆេទ ហើយមិនប្រើប្រាស់ និងការដាក់លាយបន្ថែមសារធាតុគីមី ហាមឃាត់ចូលក្នុងម្ហូបអាហារ។
មន្រ្តីកាំកុងត្រូលខេត្តព្រះវិហារ ក៏បានអំពាវនាវដល់អាជីវករ អ្នកលក់ដូរ ទាំងអស់ ត្រូវមានការប្រុងប្រយ័ត្ន និងយកចិត្តទុកដាក់ ឱ្យបានហ្មត់ចត់ មុននឹងធ្វើចរាចរ ចែកចាយលក់ដូរ និងទិញទំនិញម្ហូបអាហារទទួលទាន ដោយសុវត្ថិភាព មិនប៉ះពាល់សុខភាពអ្នកប្រើប្រាស់៕