(ភ្នំពេញ)៖ លោក គុណ ញឹម ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករ ថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh News ឲ្យដឹងថា បន្ទាប់ពីការស្រាវជ្រាវសមត្ថកិច្ចបានរកឃើញថា ក្រុមហ៊ុនចិន និងមានភាគហ៊ុនខ្មែរដែលកំពុងធ្វើអាជីវកម្មនៅប្រទេសកម្ពុជា ជាអ្នកនាំចូលសំរាមប្លាស្ទិក ទាំង៨៣កុងទឺន័រ ទម្ងន់ប្រមាណ១,៦០០តោន មកពីសហរដ្ឋអាមេរិក និងប្រទេសកាណាដា។
ថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News នៅរសៀលថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៩នេះ លោក គុណ ញឹម បានបញ្ជាក់យ៉ាងដូច្នេះថា «ក្រុមហ៊ុនចិន និងមានភាគហ៊ុនខ្មែរខ្លះ ដែលជាក្រុមហ៊ុននាំចូលសំរាមទាំងអស់នេះឈ្មោះ Chungyuen ហើយសប្តាហ៍ក្រោយ ខ្ញុំនឹងកោះហៅភាគីក្រុមហ៊ុនមកសាកសួរ ដើម្បីធ្វើការផាកពិន័យ និងបញ្ជាឲ្យដឹកជញ្ជូនត្រឡប់ទៅប្រទេសដើមវិញ»។
សូមបញ្ជាក់ថា កុងទឺន័រចំនួន៨៣ទូរ ដែលមានផ្ទុកកាកសំណល់សំរាមដែលគេបោះចោលលួចនាំមកពីបរទេសចូលកម្ពុជា ត្រូវបានកម្លាំងសមត្ថកិច្ច នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករ សហការជាមួយសមត្ថកិច្ចពាក់ព័ន្ធបើកប្រតិបត្តិការបង្ក្រាបបានជាបន្ដបន្ទាប់ នៅខេត្តព្រះសីហនុ។
ក្រោយបង្ក្រាបបានក្រសួងបរិស្ថាន និងអគ្គនាយកដ្ឋានគយ និងរដ្ឋាករ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមទាំងអាជ្ញាធរខេត្តព្រះសីហនុ នៅរសៀលថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៩ បានសម្រេចគាស់ទូរកុងទឺន័រទាំងអស់នោះ ដើម្បីពិនិត្យជាក់ស្ដែងតែម្ដងនៅក្នុងកំពង់ផែខេត្តព្រះសីហនុ ខណៈដែលនេះជាលើកទី១ហើយ នៃការនាំចូលសំរាមមកពីបរទេស តែត្រូវសមត្ថកិច្ចបង្ក្រាបបានទាន់ពេល៕