(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះនៃកងយោធពលខេមរភូមិន្ទ នៅរសៀលថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៩នេះ បានអញ្ជើញទៅចូលរួមរំលែកទុក្ខ ដោយផ្ទាល់នៅគេហដ្ឋាន នៃសពឧត្តមសេនីយ៍ឯក អ៊ុល ណាវី នាយរងសេនាធិការចម្រុះ មេបញ្ជាការ បញ្ជាការដ្ឋាន ការពារអាកាសអគ្គបញ្ជាការ បានទទួលមរណភាពកាលពីថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៩ ដោយជម្ងឺគាំងបេះដូង។
ជាមួយគ្នានេះដែរ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានបង្ហាញក្តីសោកសង្រែងថា មរណភាពរបស់ឧត្តមសេនីយ៍ឯក អ៊ុល ណាវី មេបញ្ជាការ បញ្ជាការដ្ឋានការពារអាកាស គឺជាការបាត់បង់ឥស្សរជន របស់ជាតិដ៏ឆ្នើមមួយរូប ដែលបានបូជាអស់កម្លាំងកាយចិត្ត បញ្ញា និងស្មារតីស្ទើរពេញមួយជីវិត ដើម្បីបម្រើជាតិមាតុភូមិ ដោយឥតនឿយហត់ និងបានចូលរួមយ៉ាងសកម្មបំផុតក្នុងការរំដោះកម្ពុជា ពីរបបប្រល័យពូជសាសន៍ ដណ្តើមបានមកវិញនូវសុខសន្តិភាព ការពារសន្តិភាព ការពារបូរណភាពទឹកដីជូនប្រជាពលរដ្ឋកម្ពុជាគ្រប់វិនាទី។
នាយឧត្តមសេនីយ៍ រួមជាមួយក្រុមគ្រួសារ ក៏បានសូមសម្តែងនូវសមានចិត្តដ៏ក្រៀមក្រំចូលរួមរំលែកទុក្ខដោយក្តីសោកស្តាយអាឡោះអាល័យបំផុត ជាមួយឧត្តមសេនីយ៍ឯក អ៊ុល ណាវី ព្រមទាំងក្រុមគ្រួសារ និងសូមបួងសួងដល់វត្ថុស័ក្តិសិទ្ធិក្នុងលោក និងតេជៈបារមី នៃព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ សូមតាមជួយបីបាច់ថែរក្សាដល់ដួងវិញ្ញាណក្ខន្ធរបស់ឧត្តមសេនីយ៍ឯក អ៊ុល ណាវី ទៅកាន់សុគតិភពជានិច្ចនិរន្តរ៍តរៀងទៅ៕
នាយឧត្តមសេនីយ៍ បានថ្លែងថា មរណភាពរបស់ឧត្តមសេនីយ៍ឯក អ៊ុល ណាវី ជាការបាត់បង់មេបញ្ជាការទ័ពជំនាញដ៏ឆ្នើមមួយរូប របស់កងយោធពលខេមរភូមិន្ទដែលមាន ជំនាញការពារអាកាសច្បាស់លាស់ ចូលរួមគ្រប់សកម្មភាពប្រយុទ្ធធំទប់ស្កាត់ការវិលត្រឡប់ របស់របបប្រល័យពូជសាសន៍ប៉ុលពត ជាពិសេសក្នុងរយៈពេល ១០ឆ្នាំចុង ក្រោយនេះ បានចូលរួមជាមួយ គណៈបញ្ជាការសមរភូមិមុខទិសប្រាសាទព្រះវិហារ អនុវត្តបទបញ្ជាដ៏មានប្រសិទ្ធិភាពរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដោយជោគជ័យ ក្នុងព្រឹត្តការណ៍ការពារតំបន់ប្រាសាទព្រះវិហារ ពីការឈ្លានពានរបស់ទ័ពបរទេស។
សូមបញ្ជាក់ថា លោកឧត្តមសេនីយ៍ឯក អ៊ុល ណាវី មេបញ្ជាការ បញ្ជាការដ្ឋានការពារអាកាស បានទទួលមរណភាពនៅវេលាម៉ោង៣រសៀល ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៩ ដោយសារជំងឺគាំងបេះដូង។ សពរបស់លោក ត្រូវបានតម្កល់ធ្វើបុណ្យតាមប្រពៃណីព្រះពុទ្ធសាសនានៅគេហឋាន ស្ថិតក្នុងបុរីពិភពថ្មី វត្តសំរោងអណ្ដែត ខណ្ឌសែនសុខ។
លោកឧត្តមសេនីយ៍ឯក អ៊ុល ណាវី គឺជាកងទ័ពមួយរូបដែលបានពលិកម្មកម្លាំងកាយចិត្តយ៉ាងច្រើនក្នុងបុព្វហេតុជាតិមាតុភូមិតាំងពីប្រទេសកម្ពុជា ស្ថិតនៅកលិយុគនៃភ្លើងសង្គ្រាម ហើយបើទោះបីជាតិកម្ពុជាទទួលបានសុខសន្តិភាពលោកនៅតែបន្តរួមចំណែកយ៉ាងសកម្ម ជាមួយកងយោធពលខេមរភូមិន្ទ ដើម្បីពង្រឹងខឿនការពារជាតិ ការពារបូរណភាពទឹកដី។ ជាពិសេសក្នុងពេលកម្ពុជា រងការឈ្លានពានទឹកដីពីប្រទេសថៃ កាលឆ្នាំ២០០៨ លោកជាកងទ័ពមួយដ៏អង់អាចក្លាហានមួយរូបឈរជើងការពារទឹកដី នៅតំបន់ជម្លោះព្រំដែនកម្ពុជា-ថៃ៕