(ក្រចេះ)៖ ក្រឡាន និងណែម គឺជាចំណីអាហារមួយប្រភេទ ដែលប្រជាជនខ្មែររស់នៅក្នុងភូមិថ្មគ្រែ ឃុំថ្មគ្រែ ស្រុកចិត្របុរី ខេត្តក្រចេះ និយមធ្វើជាលក្ខណៈគ្រួសារ សម្រាប់បរិភោគ និងលក់ដូរ ដើម្បី ដោះស្រាយផ្នែកជីវភាព។

ក្រឡាន និងណែមខេត្តក្រចេះ ត្រូវបានគេទទួលស្គាល់ថា គឺជាអាហារដែលពេញនិយម និងមានរស់ជាតិឈ្ងុយឆ្ងាញ់ជាផលិតផលពិតពីធម្មជាតិពិត គ្មានសារធាតុជាតិគីមី និងក្លាយជាទីពេញនិយម សម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិផងដែរ។ សូមបញ្ជាក់ថា ក្រឡានត្រូវបានអ្នកភូមិថ្មគ្រែដាក់ឈ្មោះឲ្យថា ក្រឡានថ្មគ្រែ ដែលផលិតដោយអ្នកភូមិថ្មគ្រែ ឃុំថ្មគ្រែង ស្រុកចិត្របុរី ខេត្តក្រចេះ។

អ្នកស្រី ណៃ ផេង បានបញ្ជាក់ឲ្យដឹងនាព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៩នេះថា រូបគាត់បានប្រកបរបរជាអ្នកផលិតក្រឡាន និងប្រកបរបរលក់ក្រឡាន ចែកចាយក្រឡាន និងណែមចែកចាយបន្ត ទៅរាជធានីភ្នំពេញ នឹងចែកបន្តដល់បណ្តាស្រុកផ្សេងៗ អស់រយៈពេលជាង១០ឆ្នាំមកហើយ ក្រៅពីមុខរបរធ្វើស្រែចំការ។

ស្ត្រីរូបនោះបានបន្តទៀតថា ដើម្បីធ្វើឲ្យក្រឡានមានរស់ជាតិឈ្ងុយឆ្ងាញ់ គឺគេត្រូវធ្វើវាតាមដំណាក់កាលនីមួយៗ និងត្រូវចំណាយពេលពេលវេលាជិត៥ម៉ោង ទើបយកមកបរិភោគបាន។

របៀបធ្វើក្រឡាន៖
*ប្រើប្រាស់ពេលវេលាជិត ៥ម៉ោង ទើបអាចយកមកបរិភោគបាន
*ដុត ឆ្អើរ ក្រឡាន ប្រើពេលវេលាជិត ២ម៉ោង
*សកឫស្សីបិទឲទន់ប្រើពេលវេលាជាង ១ម៉ោង
*អង្ករដំណើបនឹងសណ្តែកយកមកស្ងោរប្រើ ពេលវេលាជាង ១ម៉ោង។

គ្រឿងផ្សំក្រឡានមានជាច្រើនមុខមានដូចជា៖ បំពង់ឬស្សី អង្ករដំណើប ល្អសុទ្ធសណ្ដែក ស្ងោរួចខ្ទិះដូង និងស្កសរជាដើម។

ស្ត្រីរូបនោះ បានបន្តទៀតថា របៀបដុតក្រឡាន ឲ្យបានឆ្អិនល្អមានរស់ជាតិឈ្ងុយឆ្ងាញ់ គឺប្រើរយៈពេលដុតចាប់ពី២ម៉ោង ទៅ២ម៉ោងកន្លះ។

* របៀបធ្វើណែម៖ ប្រើប្រាស់ពេលវេលា២៤ម៉ោង ទើបបរិភោគបាន។
* កោសយកសាច់ត្រីឆ្លាត បូកផ្សំជាមួយ រំដេង ខ្ទឹម ស្កលីង លាយជាមួយ គ្រឿងទេសជាច្រើមមុខទៀត។
* លក្ខណៈពិសេស ស្ងោស្បែកជ្រូកឲ្យឆ្អិន យកមកបញ្ចូលធ្វើឲ្យណែមមានឱជារសឈ្ងុយឆ្ងាញ់ទៀត។

អ្នកស្រី ណៃ ផេង ក៏ជាអ្នកលក់ក្រឡាន នៅចំណោតរថយន្តក្រុងក្រចេះ ស្ថិតក្នុងសង្កាត់ក្រចេះ ក្រុងក្រចេះ ខេត្តក្រចេះ បានបន្ថែមទៀតថា គាត់ប្រកបមុខរបរលក់ក្រឡានជាង១០ឆ្នាំ កន្លងមកហើយ គាត់លក់១ថ្ងៃ អស់ក្រឡានជាង១,០០០គីឡូក្រាម ដោយចែកចាយបន្តទៅភ្នំពេញ ជិត៤០០គីឡូក្រាម និងចែកចាយបន្តទៅតាមបណ្តាស្រុកផ្សេង។

អ្នកស្រីបានបញ្ជាក់ថា តាមរយៈការប្រកបលក់ក្រឡាន នឹងបានជួយឲគាត់មានជីវភាពកាន់តែធូរធារ ប្រសើរឡើងមួយកំរិតថែមទៀត។

ដោយឡែក ស្រ្តីម្នាក់ផ្សេងទៀត ជាអ្នកលក់ក្រឡាន មានទីតាំងនៅក្បែរគ្នា បានបញ្ជាក់បន្ថែមថា អ្នកប្រកបមុខរបរលក់ក្រឡាន នៅក្រុងក្រចេះ គឺមានចំនួនជាង៤០តូប ហើយគាត់បានលើកឡើងថា ក្រោយពីគាត់ប្រកបមុខរបរនេះ ជីវភាពគ្រួសារក៏ប្រសើរជាងមុន ជាពិសេសជួយកាត់បន្ថយភាពក្រីក្រផង៕